ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ស្តាប់​ពលរដ្ឋ​និយាយ​អំពី​ភាព​អសកម្ម​របស់​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​ ហៅ​មន្ទីរពេទ្យ​ជប៉ុន​

​បន្ទាប់​ពី​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​ជប៉ុន​ខូច​ឈ្មោះ​ព្រោះ​ពេទ្យ​ខ្មែរ​ខ្វះ​វិជ្ជាជីវៈ​ និង​អសមត្ថភាព​ ធ្វើ​ឲ្យ​ស្ត្រី​សម្រាលកូន​ស្លាប់​ចោល​កូន​ និង​ប្តី​"​ កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​ ម៉េ​ង​ ធា​រ៉ា​ អាយុ​៣៤​ឆ្នាំ​ ស្លាប់​បាត់បង់​ជីវិត​ចោល​ប្តី​និង​កូន​តូចៗ​ចំនួន​៤​នាក់​ឲ្យ​នៅ​កំព្រា​ ក្រោយ​ពេល​សម្រាលកូន​ទី​៤​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​ ហៅ​"​មន្ទីរពេទ្យ​ជប៉ុន​"​ នា​រសៀល​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៥​រួច​មក​ មាន​ប្រិ​យ​មិ​ត្ង​អ្នក​អាន​ម្នាក់​ឈ្មោះ​ ទិ​ត​ ឡេ​ង​ បាន​និយាយ​រៀបរាប់​ប្រាប់​អំពី​រូបភាព​អសកម្ម​នៅ​មន្ទីរពេទ្យ​ជប៉ុន​ នា​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ឲ្យ​សារព័ត៌មាន​ដើម​ត្នោត​បានដឹង​ ដូច​ខាងក្រោម​ ៖

​ខ្ញុំ​សូម​និយាយ​ពី​រឿង​របស់ខ្ញុំ​ម្តង​ ។​ កាលពី​ប្រពន្ធ​ខ្ញុំ​ឆ្លងទន្លេ​(​សម្រាលកូន​)​ ពួក​យើង​បាន​សម្រេចចិត្ត​ទៅ​មន្ទីរពេទ្យ​ជប៉ុន​ ព្រោះ​គិត​ថា​ឋិត​នៅ​ជិត​ផ្ទះ​ ។​ ដំបូង​ឡើយ​ពួក​ខ្ញុំ​បាន​និយាយ​គ្នា​ថា​ សម្រាលកូន​តាម​ធម្មជាតិ​ ហើយ​ក៏​បាន​បង់លុយ​សម្រាប់​ការ​សម្រាល​បែប​នេះ​ និង​គ្រូពេទ្យ​បាន​នាំ​ប្រពន្ធ​ខ្ញុំ​ទៅ​បន្ទប់​សម្រាល​ ។​ ដោយសារ​ប្រពន្ធ​ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ ក៏​សម្រេចចិត្ត​សម្រាល​តាម​ការ​វះកាត់​វិញ​ ។​ ខណៈ​មិន​ទាន់​បាន​ប្តូរ​ទៅ​បន្ទប់វះកាត់​ផង​ មាន​គ្រូពេទ្យ​២​នាក់​ដែល​កំពុង​ប្រចាំការ​នៅ​បន្ទប់​សម្រាល​ បាន​សួរ​មក​កាន់​ខ្ញុំ​ថា​ "​ឲ្យ​សគុណ​គាត់​ប៉ុន្មាន​ ?"​ ខ្ញុំ​ក៏​ផ្តល់​ប្រាក់​តាម​ការ​ទាមទារ​របស់​គ្រូពេទ្យ​នោះ​ចំនួន​២​ម៉ឺន​រៀល​ក្នុង​ម្នាក់​ ។​ បន្ទាប់​មក​ ប្រពន្ធ​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បន្ទប់វះកាត់​ ដោយ​គ្រូពេទ្យ​បង្គាប់​ឲ្យ​ខ្ញុំ​ទៅ​បង់​សេវា​វះកាត់​ចំនួន​៧៥​ម៉ឺន​រៀល​ ។​ ការ​វះកាត់​ទទួល​បាន​ជោគជ័យ​ ។​ គ្រូពេទ្យ​ដែល​បាន​វះកាត់​ប្រពន្ធ​ខ្ញុំ​បាន​សុំ​ជួប​ខ្ញុំ​នៅ​បន្ទប់​របស់​គាត់​ ។​ ពេល​ខ្ញុំ​ទៅ​ដល់​បន្ទប់​គាត់​ គ្រូពេទ្យ​នោះ​បាន​សួរ​ខ្ញុំ​ថា​ "​ឲ្យ​សគុណ​អ្នកគ្រូ​ប៉ុន្មាន​ ?"​ ដោយ​ក្នុង​នោះ​មាន​គ្រូពេទ្យ​ជំនាញ​ចំនួន​២​នាក់​ និង​ពេទ្យ​កម្មសិក្សា​ចំនួន​៦​នាក់​ផង​ ខ្ញុំ​ក៏​បាន​ជូន​លុយ​ទៅ​គ្រូពេទ្យ​ជំនាញ​ចំនួន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់​ និង​ពេទ្យ​កម្មសិក្សា​ចំនួន​១​ម៉ឺន​រៀល​ក្នុង​ម្នាក់​ ។​ តម​ក​ទៀត​ ខាង​លាង​សម្អាត​ទារក​ក៏​ទារ​រក​លុយ​ ខាង​គ្រូពេទ្យ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក៏​ទារ​លុយ​រាល់ថ្ងៃ​ និង​ខាង​គ្រូពេទ្យ​ងូតទឹក​ឲ្យ​ទារក​ក៏​ទារ​លុយ​រាល់ថ្ងៃ​ដែរ​ ។​

​លោក​ ទិ​ត​ ឡេ​ង​ បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា​ ខាង​គ្រូពេទ្យ​ពិនិត្យ​សុខភាព​បាន​ប្រាប់​ខ្ញុំ​ថា​ កូន​របស់ខ្ញុំ​មាន​សុខភាព​ល្អ​ទាំងអស់​ ។​ លុះ​កូន​ខ្ញុំ​មាន​អាយុ​២​ឆ្នាំ​ ពេល​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ទើប​ដឹង​ថា​ កូន​ខ្ញុំ​មាន​ជំងឺ​បេះដូង​ប្រហោង​ ខណៈ​ការ​ដឹង​នេះ​ក៏​ហួសពេល​ទៅ​ហើយ​ដែរ​ ពីព្រោះ​វា​ឋិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ និង​ជា​អកុសល​ កូន​របស់ខ្ញុំ​ក៏​បាន​លាចាក​លោក​នេះ​ទៅ​ ។​

​នៅ​ទីបំផុត​ លោក​ ទិ​ត​ ឡេ​ង​ បាន​ផ្តាំផ្ញើ​ដែរ​ថា​ បើ​អាច​ជៀស​បាន​ សូម​កុំទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជប៉ុន​នេះ​ គួរ​រក​មន្ទីរពេទ្យ​ណា​ដែល​មាន​គ្រូពេទ្យ​មាន​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ត្រឹមត្រូវ​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ មាន​យន្តការ​ត្រួតពិនិត្យ​ និង​មាន​វិធានការ​ទៅ​លើ​ក្រុម​គ្រូពេទ្យ​ដែល​គ្មាន​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ជប៉ុន​នោះ​យ៉ាងណា​នៅឡើយ​ទេ​ ឬ​ក៏​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​មិន​ចេះ​អៀនខ្មាស​ចំពោះ​រាជរដ្ឋាភិបាល​ និង​ប្រជារាស្ត្រ​ជប៉ុន​ដែល​ជា​ម្ចាស់​ជំនួយ​ផ្តល់​នូវ​មរតក​មន្ទីរពេទ្យ​នេះ​ដល់​កម្ពុជា​ទេ​ក៏​មិនដឹង​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.