ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ថៅកែ​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​និង​តុលាការ​ បង្កើត​រឿង​មហា​អយុត្តិធម៌​និង​បំពាន​ច្បាប់​លើ​បញ្ហា​កិបកេង​ប្រាក់​ជាង​១​លាន​ដុល្លារ​

​រឿង​ចាស់​នៃ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​កាលពី​ជាង​៥​ឆ្នាំ​មុន​ ពាក់ព័ន្ធ​នឹង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ អតីត​អ្នក​ប្រតិបត្តិ​អនុវត្តន៍​គម្រោង​ក្នុង​ស្ថានីយ៍​ទាំងមូល​ ដែល​កំពុង​ជាប់​ឃុំខ្លួន​នៃ​ពន្ធនាគារ​នោះ​ បាន​ចាប់ផ្តើម​កម្រើក​សា​ជា​ថ្មី​ឡើង​វិញ​ ដោយសារ​ថៅកែ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បច្ចុប្បន្ន​ដែល​គេ​ស្គាល់​ថា​ ជា​ភរិយា​របស់​ឯកឧត្តម​ បណ្ឌិត​ កៅ​ គឹ​ម​ហួ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ (​អតីត​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​)​ ឈ្មោះ​ ឃឹម​ រ៉ា​នី​ ក្នុង​ឋានៈ​ជា​អគ្គ​នាយិកា​(​តំណាង​ដោយ​ឈ្មោះ​ បាន​ ប៊ុ​ន​ហេង​)​ ប្តឹង​ប្រឆាំង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៤​ ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ និង​បន្លំ​លួច​បង្វែរ​សាច់ប្រាក់​ជា​វត្ថុ​តាង​ចេញពី​គណនី​លេខ​ ០២២-០០០០០១៦៦៦៧​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ក​.​អ​ សាខា​ចេ​ន​ឡា​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​១.០០៧.០០០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ចន្លោះ​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ក្រោម​ទម្ងន់​នៃ​បណ្តឹង​ដ៏​មាន​ឥទ្ធិពល​របស់​លោក​ បាន​ ប៊ុ​ន​ហេង​ អះអាង​ថា​ជា​ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​នៃ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ មាន​លោក​ជំទាវ​ ឃឹម​ រ៉ា​នី​ ជា​អគ្គ​នាយិកា​ ដែល​ប្តឹង​ប្រឆាំង​នឹង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ក្នុង​ដំណាក់កាល​ថ្មី​នេះ​ ត្រូវ​បាន​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​លើ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ដោយ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​២២៧១​អយ​ង​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤​ ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ទឹកប្រាក់​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ចំនួន​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​វិវាទ​ផ្ទៃក្នុង​នៃ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ រវាង​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​ និង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ បាន​រំលឹក​ឲ្យ​ដឹង​ថា​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​កាលពី​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៩​ របស់​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​ ជា​សមាជិក​រាជរដ្ឋាភិបាល​ ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ជា​ប្រធាន​ CEO​ នៃ​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រឆាំង​នឹង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ដោយ​បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៤១៩​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ក្នុង​នាម​ជា​ជន​ត្រូវ​ចោទ​ ។​ ក្រោយមក​ ជនជាប់ចោទ​ឈ្មោះ​ សែ​ម​ សុវណ្ណ​ដេ​ត​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ សាលាឧទ្ធរណ៍​ រហូត​ដល់​តុលាការ​កំពូល​ វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៣​ឆ្នាំ​០៦​ខែ​ ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៩​ និង​បង្គាប់​ឲ្យ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ សង​សំណង​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​៤.៩៩០.២៦២,០៣​ដុល្លារ​អា​មេ​រិ​ក​ (​ក្នុង​នោះ​ប្រាក់​កិបកេង​ចំនួន​៤.៧៤០.២៦២,០៣​ដុល្លារ​អា​មេ​រិ​ក​ និង​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥០.០០០​ដុល្លារ​អា​មេ​រិ​ក​)​ ជូន​ទៅ​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ទៀត​ផង​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២០៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ ដែល​បាន​តាមដាន​សំណុំរឿង​ក្តី​ដ៏​កក្រើក​ក្នុង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ រវាង​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​ និង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ នា​ពេល​កន្លង​មក​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​បញ្ញត្តិ​មាត្រា​៧​ ចំណុច​ទី​៥​ និង​មាត្រា​១២​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​មូលហេតុ​នៃ​ការ​រលត់​បណ្តឹងអាជ្ញា​ មាន​ដូច​តទៅ​ គឺ​ ៖​ ៥-​អាជ្ញា​អស់ជំនុំ​ ។​ កាលណា​បណ្តឹងអាជ្ញា​ត្រូវ​ផុតរលត់​ហើយ​ ការ​ចោទប្រកាន់​ខាង​បទ​ព្រហ្មទណ្ឌ​មិន​អាច​ចាប់ផ្តើម​បាន​ទៀត​ទេ​ ឬ​ត្រូវ​តែ​បញ្ឈប់​ ។​ …​ដោយ​អនុវត្តន៍​តាម​គោលការណ៍​អាជ្ញា​អស់ជំនុំ​ ជន​ណា​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​រួចខ្លួន​ជា​ស្ថាពរ​ហើយ​ ជន​នោះ​មិន​អាច​ត្រូវ​ចោទប្រកាន់​ទៀត​ទេ​ចំពោះ​អំពើ​ដដែល​ ទោះបីជា​ក្រោម​ការ​កំណត់​ឈ្មោះ​បទល្មើស​អ្វី​ផ្សេង​ក៏​ដោយ​ ។​ "​ គឺ​មាន​ន័យ​ថា​ លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ដែល​ធ្លាប់​ទទួល​រង​ទោសទណ្ឌ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយកាក់​ ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ចំនួន​ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ កាលពី​អំឡុង​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៩​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២០៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​រួច​ហើយ​នោះ​ មិន​អាច​ត្រូវ​ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយកាក់​ ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ចំនួន​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ចន្លោះ​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ទៀត​ឡើយ​ ។​ ដូច្នេះ​ ការ​ប្តឹង​របស់​ថៅកែ​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ តំណាង​ដោយ​លោក​ បាន​ ប៊ុ​ន​ហេង​ និង​ការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​របស់​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទៅ​លើ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ សា​ជា​ថ្មី​នេះ​ គឺជា​ការ​រំលោភ​បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ និង​បាន​ផ្តល់​នូវ​អំពើ​ដ៏​មហា​អយុត្តិធម៌​ទៅ​លើ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ដែល​កំពុង​ទទួល​រង​ទោសទណ្ឌ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នៅឡើយ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.