ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ពលរដ្ឋ​សាទរ​បុរស​ខ្លាំង​លុប​កិច្ចសន្យា​វិនិយោគ​ BOT​ ផ្លូវ​នៅ​ភ្នំពេញ​ តែ​សុំ​លុប​កិច្ចព្រមព្រៀង​យក​លុយ​ផ្លូវជាតិ​លេខ​៤​ផង​

​កិច្ចសន្យា​វិនិយោគ​តាម​រូបភាព​ BOT​ រវាង​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ ស​ ឡា​ អ៊ិ​ន​វេស​មេន​ គ្រុប​ ដែល​បាន​តម្រូវ​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​លេខ​២០០៤​ និង​ផ្លូវ​លេខ​៣៧១(​ផ្លូវ​សឡា​)​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ បង់​កម្រៃ​សេវា​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​លុប​ចោល​វិញ​ហើយៗ​ការ​យក​កម្រៃ​សេវា​សម្រាប់​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ទាំង​ពីរ​ ក៏​ត្រូវ​បញ្ឈប់​ដែរ​ ដោយ​បាន​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ជា​ពិសេស​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ទន្ទឹម​នឹង​ការ​អបអរសាទរ​នេះ​ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ឲ្យ​បុរស​ខ្លាំង​ធ្វើការ​ពិចារណា​ និង​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​សម្បទាន​លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នោះ​ចោល​ផង​ដែរ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​អំពី​សមត្ថភាព​ពិត​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​គ្រប់គ្រង​ ជួសជុល​ ថែទាំ​ផ្លូវជាតិ​នៅ​ទូ​ទាំង​ប្រទេស​ ។​

​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ដែល​មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជានា​យក​ក្រុមហ៊ុន​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ ដើម្បី​ទទួល​បាន​សិទ្ធិ​ប្រមូល​លុយ​សេវាកម្ម​ពី​ការ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​ ឬ​អាច​ពន្យារពេល​បាន​តទៅ​ទៀត​ ក្នុង​ករណី​អត្រា​ប្រាក់​ចំណូល​ផ្ទៃក្នុង​ឋិត​ក្រោម​២៥​ភាគរយ​ និង​ការ​ដោះស្រាយ​ដី​ចំណី​ផ្លូវ​ដោយ​រាជរ​ដ្ឋា​ភិ​មានការ​យឺតយ៉ាវ​ (Sic!)​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នៅ​ក្នុង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សម្បទាន​រវាង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​នោះ​ ក៏​បាន​ដាក់​លក្ខខណ្ឌ​ចង​ខាង​ភាគី​រាជរដ្ឋាភិបាល​ដែរ​ថា​ "​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ពង្រាង​ ឬ​បង្កើត​ច្បាប់​ផ្សេងៗ​ បទ​ប្បញ្ញត្តិ​ ឬ​គោលនយោបាយ​ទាំងឡាយ​ណា​ដែល​អាច​ជា​ការ​ហាមឃាត់​ ឬ​កម្រិត​ចំនួន​ការ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ ឬ​បង្ក​ភាព​អវិជ្ជមាន​ ដែល​បណ្តាល​ឲ្យ​មានការ​ថយ​ចុះ​ចំនួន​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ "​ ។​ និង​លើស​ពី​នេះ​ ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ក៏​ទទួល​បានការ​លើកទឹកចិត្ត​ដោយ​រួច​ពន្ធ​សព្វសារពើ​លើ​ការ​នាំ​ចូល​គ្រឿងចក្រ​គ្រប់​ប្រភេទ​ មក​ធ្វើការ​ជួសជុល​ និង​សាងសង់​ផ្នែក​ខ្លះ​នៃ​ផ្លូវជាតិ​លេខ​៤​ផង​ដែរ​ (Resic!)​ ។​

​ការណ៍​ដែល​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សម្បទាន​លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ រយៈពេល​៣៥​ឆ្នាំ​នេះ​ឡើង​(​រយៈពេល​យក​លុយ​នៅ​សល់​២១​ឆ្នាំ​ទៀត​)​ គឺ​ដោយសារ​មានការ​ផ្តួចផ្តើម​គំនិត​គាំទ្រ​យ៉ាង​សកម្ម​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​របស់​បុរស​ខ្លាំង​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ដំណើរការ​វិស័យ​សាធារណការ​និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សំណើ​លុប​ចោល​កិច្ចព្រមព្រៀង​លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ គឺ​ពិបាក​នឹង​ទៅ​រួច​ណាស់​ ដ្បិត​អាច​មាន​មន្ត្រី​គ្រាក់ៗ​ធំៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ ជា​ពិសេស​បុរស​ខ្លាំង​ និង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជាដើម​ ទទួល​បាន​ផលប្រយោជន៍​ពី​ការ​យក​លុយ​ផ្លូវជាតិ​លេខ​៤​នេះ​ ដោយ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ គ្រាន់តែ​ជា​ "​ស្ពាន​ចម្លង​ផលប្រយោជន៍​"​ ប៉ុណ្ណោះ​ ៕​

2004-Street01 AZ-Co.,Ltd. AZ-Co.Ltd-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.