ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ហិង្សា​ទល់​ហិង្សា​ ៖​ ខឹង​ប្តី​ទះ​មួយ​កំផ្លៀង​ នាង​ជា​ប្រពន្ធ​សង​វិញ​៤​កាំបិត​ចុង​ស្រួច​ស្ទើរ​ស្លាប់​

​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​ល្ងាច​ នា​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ នៅ​ចំណុច​ផ្ទះ​លេខ​៩២​ ផ្លូវ​លេខ​៣៥៧​ ឋិត​ក្នុងភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ និង​បុរស​ជា​ប្តី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ដោយសារ​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​ក៏​ទះ​មួយ​កំផ្លៀង​ រីឯ​នាង​ជា​ស្រី​ក៏​វាយប្រហារ​ដោយ​ចុង​កាំបិត​ស្រួច​សង​វិញ​ចំនួន​៤​កាំបិត​ទាន់​ក្តៅចិត្ត​ ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ប្តី​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ស្ត្រី​ជា​ប្រពន្ធ​ចាក់​ចំនួន​៤​កាំបិត​ចុង​ស្រួច​នោះ​ មានឈ្មោះ​ គង់​ សុ​ភឿន​ អាយុ​៤៥​ឆ្នាំ​ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប​ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​សងសឹក​ទៅ​លើ​ប្តី​ភ្លាមៗ​ បណ្តាល​ឲ្យ​ប្តីរ​ងរ​បួស​ចំ​ដោះ​ខាងឆ្វេង​១​កាំបិត​ ចំ​ដើមដៃ​១​កាំបិត​ និង​ចំ​ត្រង់​ពោះ​ចំនួន​២​កាំបិត​ រង​របួសធ្ងន់​នោះ​ មានឈ្មោះ​ ប៊ុត​ រតនា​ ហៅ​ ជា​ អាយុ​៣៤​ឆ្នាំ​ មានមុខរ​បរជា​អ្នក​លក់ដូរ​ផ្លែ​ឈើ​ និង​មាន​ទីលំនៅ​នៅ​កន្លែង​កើតហេតុ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​ការ​ចាក់​ប្រហារ​នឹង​កាំបិត​ចុង​ស្រួច​នេះ​ បាន​កើតឡើង​នៅ​គ្រា​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ចេញពីផ្ទះ​ទៅ​ហៅ​បុរស​ជា​ប្តី​ដែល​កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ និង​បងប្អូន​នៅ​លំនៅ​ឋាន​បងស្រី​របស់​ខ្លួន​ និង​បាន​ដឹក​ដៃ​ប្តី​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​ ពេល​នោះ​ បុរស​ជា​ប្តី​បាន​ប្រាប់​ប្រពន្ធ​ថា​ សុំ​ដាក់​មួយ​កែវ​សិន​ចាំ​ទៅ​ផ្ទះ​ទាំងអស់​គ្នា​ ។​ និយាយ​មិន​ទាន់​រួចពីមាត់​ស្រួលបួល​ផង​ ខណៈ​បុរស​ជា​ប្តី​លើក​កែវ​ស្រា​ផឹក​ ស្រាប់តែ​ប្រពន្ធ​បាន​ទះដៃ​ប្តី​បណ្តាល​ឲ្យ​ជ្រុះ​កែវ​ស្រា​ពី​ដៃ​ កំពប់ទឹក​ស្រា​បៀរ​ស្រោច​លើ​ខ្លួន​ ។​ ដោយ​ខឹងសម្បា​នឹង​ប្រពន្ធ​មក​បំបាក់​មុខមាត់​ខ្លួន​ជា​ប្តី​នៅ​ក្នុង​វង់​ផឹកស៊ី​ដូច្នេះ​ បុរស​ជា​ប្តី​ក៏​បាន​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ​យ៉ាង​ខ្លាំង​ ហើយ​ភ្លាម​នោះ​ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ស្ទុះ​យក​កូនកាំបិត​ចុង​ស្រួច​ដែល​ចិត​ផ្លែ​ឈើ​ក្នុង​វង់​ផឹកស៊ី​មក​ចាក់​ប្រហារ​ទៅ​លើ​ប្តី​វិញ​ចំនួន​៤​កាំបិត​ ដើម្បី​ស្រាយ​កំហឹង​ ។​ ក្រោយ​ពេល​កើតហេតុ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ និង​វត្ថុ​តាង​កាំបិត​ចុង​ស្រួច​១​ដើម​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ខណៈ​បុរស​ជា​ប្តី​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌមានជ័យ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.