ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

បែកធ្លាយ​រឿងអាស្រូវ​របស់​មេដឹកនាំ​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ វង្វេងវង្វាន់​លែង​ចេះ​នីតិវិធី​រដ្ឋបាល​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបន្ទាយមានជ័យ​ ឬ​មានកម្ម​សិទ្ធិ​អចលនវត្ថុ​ឋិត​នៅ​ខេត្តបន្ទាយមានជ័យ​ ដែល​ជួបនឹង​រឿងរ៉ាវ​ទំនាស់​ដីធ្លី​-​ផ្ទះសម្បែង​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ផង​ និង​ហួសចិត្ត​ផង​ ដោយ​បានឃើញ​មេដឹកនាំ​នៃ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​(​ដ​ន​សស​)​ខេត្តបន្ទាយមានជ័យ​ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បែរជា​វង្វេងវង្វាន់​លែង​ចេះ​ លែង​យល់​អំពី​នីតិវិធី​រដ្ឋបាល​ទៅ​វិញ​ ហើយ​ថែម​ទាំង​មាន​ចំណាត់ការ​របៀប​យករួចខ្លួន​មិន​ទទួលខុសត្រូវ​ទៀត​ផង​ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​មានរឿង​ក្តីក្តាំ​ទំនាស់​ដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កាលពី​ជំនាន់​លោក​ អោ​ ណៅ​រ៉ាត់​ មិន​ទាន់​ចូល​និវត្តន៍​ និង​កាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​សុរិយោដី​ និង​ភូមិសាស្ត្រ​(​ស​ដ​ភ​)​នៃ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ នៅឡើយ​ គឺ​ថ្នាក់ដឹកនាំ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ហាក់​មានការ​យល់​ដឹង​អំពី​នីតិវិធី​រដ្ឋបាល​ក្នុង​ការ​ឆ្លើយឆ្លង​លិខិត​ស្នាម​លាយលក្ខណ៍អក្សរ​ផ្លូវការ​ជាមួយ​ស្ថាប័ន​តុលាការ​មាន​ភាព​ត្រឹមត្រូវ​គ្រាន់បើ​ ប៉ុន្តែ​នៅ​ពេល​មក​ដល់​វេន​លោក​ ឡេ​ង​ ម៉ា​រី​ ឡើង​កាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​ ស​ដ​ភ​ ជំនួស​លោក​ អោ​ ណៅ​រ៉ាត់​ នោះ​ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ក្លាយជា​វង្វេងវង្វាន់​លែង​ចេះ​ លែង​យល់​អំពី​នីតិវិធី​រដ្ឋបាល​តែ​ម្តង​ ។​

​មាន​ព័ស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពេល​តុលាការ​កំពូល​ក្តី​ ឬ​សាលាឧទ្ធរណ៍​ក្តី​ ធ្វើ​លិខិតផ្លូវការ​ជម្រាប​មក​លោក​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ស្នើ​សុំ​ឲ្យ​ចាត់​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​ និង​គូស​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​ទំនាស់​ ដើម្បី​ឲ្យ​តុលាការ​មាន​មូលដ្ឋាន​សម្រេចសេចក្តី​ម្តងៗ​ គឺ​បច្ចុប្បន្ន​នេះ​ បន្ទាប់​ពី​ក្រុមការងារ​មន្ត្រី​ជំនាញ​បំពេញបេសកកម្ម​ចប់​ លោក​វិស្វករ​សំណង់​ លី​ សារី​ ដែល​ជា​ប្រធាន​មន្ទីរ​ ឬ​ក៏​អនុប្រធាន​មន្ទីរ​ឡើងជា​ប្រធាន​មន្ទីរ​ស្តីទី​ មិន​បាន​ចុះហត្ថលេខា​ផ្ទាល់​ទទួលខុសត្រូវ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​លើ​របាយការណ៍​គោរព​ជូន​ស្ថាប័ន​តុលាការ​វិញ​ តាម​នីតិវិធី​រដ្ឋបាល​ទេ​ បែរជា​ឲ្យ​មន្ត្រី​ក្រុមការងារ​ធ្វើ​របាយការណ៍​រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ​ដើម្បី​បាន​ជ្រាប​ជា​របាយការណ៍​ ដែល​ជា​ឯកសារ​ផ្ទៃក្នុង​របស់​មន្ទីរ​ រួច​ហើយ​ប្រធាន​មន្ទីរ​ក៏​ចុះហត្ថលេខា​លើ​ដីកា​បញ្ជូន​នូវ​ឯកសារ​ផ្ទៃក្នុង​នោះ​ទៅ​តុលាការ​តែ​ម្តង​ ដោយ​គ្មាន​ចំណុច​ត្រង់​ណាមួយ​បញ្ជាក់​ថា​ ជា​របាយការណ៍​របស់​មន្ទីរ​ ដ​ន​សស​ ដែល​មាន​អ្នក​ទទួលខុសត្រូវ​ច្បាស់លាស់​ គោរព​ជូន​ទៅ​ស្ថាប័ន​តុលាការ​ឡើយ​(Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​ធ្វើការ​ពន្យល់​ថា​ ដើម្បី​ឲ្យ​លិខិត​ស្នាម​ផ្លូវការ​របស់​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ដែល​បាន​គោរព​ជូន​ឆ្លើយ​តប​ទៅ​ស្ថាប័ន​តុលាការ​វិញ​ ស្រប​តាម​នីតិវិធី​រដ្ឋបាល​នោះ​ គឺ​មាន​បែបបទ​ពីរ​យ៉ាង​ ជា​អាទិ៍​ ៖​ ១-​ឬ​មួយ​ប្រធាន​មន្ទីរ​ ឬ​អនុប្រធាន​មន្ទីរ​ដែល​ឡើងជា​ប្រធាន​មន្ទីរ​ស្តីទី​ ត្រូវ​ចុះហត្ថលេខា​ផ្ទាល់​ និង​ប្រថាប់ត្រា​របស់​មន្ទីរ​នៅ​លើ​របាយការណ៍​ក្នុង​នាម​ជា​អ្នក​ទទួលខុសត្រូវ​លើ​របាយការណ៍​ដែល​បាន​ធ្វើ​ ។​ ២-​ឬ​អាច​ប្រធាន​ការិយាល័យ​ ស​ដ​ភ​ របស់​មន្ទីរ​ក្នុង​នាម​ជា​ក្រុមការងារ​ (​អនុវត្តន៍​ដូច​ជំនាន់​លោក​ អោ​ ណៅ​រ៉ាត់​ ធ្វើ​ជា​ប្រធាន​ការិយាល័យ​ ស​ដ​ភ​)​ ចុះហត្ថលេខា​នៅ​លើ​របាយការណ៍​គោរព​ជូន​ស្ថាប័ន​តុលាការ​ តាម​រយៈ​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ រួច​ហើយ​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ចុះហត្ថលេខា​បញ្ជូន​បន្ត​ទៅ​ស្ថាប័ន​តុលាការ​ ដើម្បី​បង្ហាញ​នូវ​អ្នក​ទទួលខុសត្រូវ​លើ​របាយការណ៍​បាន​ច្បាស់លាស់​ ។​ មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ដែរ​ថា​ របៀបរបប​ការងារ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​របាយការណ៍​វាស់វែង​ទីតាំង​ដី​ទំនាស់​ គោរព​ជូន​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​នេះ​ គឺ​មាន​លក្ខណៈ​មិន​ទទួលខុសត្រូវ​ ទាំង​ប្រធាន​មន្ទីរ​ ដ​ន​សស​ ក៏​យករួចខ្លួន​មិន​ទទួលខុសត្រូវ​ ទាំង​ប្រធាន​ការិយាល័យ​ ស​ដ​ភ​ របស់​មន្ទីរ​ ក៏​យករួចខ្លួន​មិន​ទទួលខុសត្រូវ​ ដោយ​អាច​រុញ​ទម្លាក់​ទៅ​លើ​ប្រធាន​មន្ទីរ​ជា​អ្នក​សម្រេច​ ប្រសិនបើ​មាន​ករណី​មិន​ប្រក្រតី​ជាយថាហេតុ​ណាមួយ​កើតឡើង​ (Resic​ !)​ ។​

​ប្រជាពលរដ្ឋ​ដែល​មានរឿង​រ៉ាវ​ទំនាស់​ដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ​មួយ​ចំនួន​ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា​ ក្រៅពី​ប្រព័ន្ធ​ការងារ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​សព្វថ្ងៃ​ដែល​មិនសូវ​ត្រូវ​គ្នា​ ឬ​ធ្វើការ​មិន​ស៊ីចង្វាក់​គ្នា​នោះ​ គឺ​រាល់​ចំណាត់ការ​ផ្សេងៗ​តែង​ភ្ជាប់​ជាមួយនឹង​ផលប្រយោជន៍​ជា​ធំ​ ទើប​នាំ​គ្នា​ធ្វើ​ការងារ​របៀប​មិន​ទទួលខុសត្រូវ​ និង​ធ្វើ​ជា​វង្វេងវង្វាន់​លែង​ចេះ​ លែង​យល់​អំពី​នីតិវិធី​រដ្ឋបាល​ពីលើ​ដល់​ក្រោម​តែ​ម្តង​ទៅ​ ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​ ទោះបី​ដឹង​ថា​ប្រឈម​នឹង​ការ​រិះគន់​យ៉ាងណា​ក៏​ដោយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.