ប្រិយមិត្តអ្នកអានប្រាកដជាអាចចងចាំបាននូវហេតុការណ៍ដ៏រន្ធត់នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កាលពីជិត៥ឆ្នាំមុន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ បណ្តាលឲ្យមានមនុស្សប្រុស-ស្រី ចាស់-ក្មេងស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់ ខណៈគ្មានឧត្តមមន្ត្រីជាន់ខ្ពស់ណាម្នាក់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលមានសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាប្រធាននោះ ចេញមុខទទួលខុសត្រូវឡើយ គឺបានត្រឹមបង់លុយប្រមាណជាង១ម៉ឺនដុល្លារអាមេរិកជូនដល់សាច់ញាតិក្រុមគ្រួសារសពម្នាក់ៗ និងរាជរដ្ឋាភិបាលអះអាងថា គឺជាឧបទ្ទវហេតុរត់ជាន់គ្នាប៉ុណ្ណោះ ។ ក្រោយមក សំណុំរឿងមនុស្សស្លាប់រាប់រយនាក់ក្នុងព្រឹត្តិការណ៍សប្បាយក្លាយជាទុក្ខនៃព្រះរាជពិធីបុណ្យជាតិទាំងមូលនៅលើកោះពេជ្រនេះ ក៏ស្ងប់ស្ងាត់បាត់ទៅ ហើយមនុស្សម្នាក៏បន្តនាំគ្នាទៅសប្បាយនៅទីនោះជាហូរហែ ហាក់ដូចជាគ្មានព្រួយបារម្ភ ឬចងចាំនូវរឿងអ្វីធ្លាប់កើតឡើងដ៏សោកសៅទេ ។
កាលពីរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញនេះ មានយុវជនម្នាក់ឈ្មោះ អ៊ុច ចាន់ថន អាយុ២០ឆ្នាំ ជាសិស្សសិក្សានៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ដែលបានទៅចូលរួមកម្មវិធីកម្សាន្តសប្បាយមួយឈ្មោះ Color Race (លាបពណ៌ផ្លូវប្រណាំង) រៀបចំដោយក្រុមហ៊ុនទូរស័ព្ទចល័តវៀតណាមឈ្មោះ Metfone នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ បានដួលស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនមិនទាន់ដល់មន្ទីរពេទ្យនៅឡើយ ដោយសមត្ថកិច្ចធ្វើការអះអាងថា ការស្លាប់របស់យុវជនរូបនេះគឺបណ្តាលមកពីបញ្ហាសុខភាព(ខ្យល់គ) ។
អ្នកចាត់ការក្នុងក្រុមហ៊ុនទូរស័ព្ទចល័តវៀតណាមឈ្មោះ Metfone ដែលរៀបចំឲ្យមានកម្មវិធី Color Race(លាបពណ៌ផ្លូវប្រណាំង) នៅលើកោះពេជ្រនោះឡើង ធ្លាប់បានបញ្ជាក់ឲ្យដឹងថា "Color Race មិនផ្តោតលើការប្រកួតប្រជែងល្បឿននោះទេ ប៉ុន្តែវាជាការចែករំលែកនូវភាពសប្បាយ និងការកម្សាន្តសប្បាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ" ។
ឥឡូវនេះ កម្មវិធីសប្បាយក្លាយជាទុក្ខដែលរៀបចំដោយក្រុមហ៊ុនទូរស័ព្ទ Metfone នៅលើកោះពេជ្រ បណ្តាលឲ្យយុវសិស្សម្នាក់ស្លាប់បាត់បង់ជីវិតកាលពីរាត្រីថ្ងៃម្សិលមិញនោះ ទំនងជាគ្មានអ្នកចេញមុខទទួលខុសត្រូវជាក់លាក់ឡើយ ។ នេះគឺជារឿងពិតដែលតែងកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទី២នៃយើង ៕