ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

មេធាវី​ដែល​ជា​រាជការ​ម្នាក់​បាន​ស្ម័គ្រ​លាឈប់​ពី​ក្របខ័ណ្ឌ​រាជការ​ហើយ​ និង​អាច​ជា​គំរូ​ដល់​មេធាវី​ធ្លាប់​ប្រព្រឹត្ត​ខុស​ដទៃ​ទៀត​

​លោក​ ឡុ​ង​ នរិន្ទ​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១៨៤​ ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់​យ៉ាង​សម្បើម​ ព្រោះតែ​លោក​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ផង​ និង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ពេញ​សិទ្ធិ​ផង​ បូក​រួម​ទាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​ថែម​ទៀត​ ។​ ប៉ុន្តែ​ឥឡូវនេះ​ លោក​មេធាវី​ ឡុ​ង​ នរិន្ទ​ បាន​ស្ម័គ្រចិត្ត​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ហើយ​ ដែល​អាច​ក្លាយជា​គំរូ​ដល់​មេធាវី​មួយ​ចំនួន​ដែល​ធ្លាប់​ប្រព្រឹត្ត​ខុសឆ្គង​កន្លង​មក​ និង​ទល់​សព្វថ្ងៃ​ ។​

​យោង​តាម​ការ​ស្ម័គ្រចិត្ត​សុំ​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​លោក​មេធាវី​ ឡុ​ង​ នរិន្ទ​ គឺ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​លុបឈ្មោះ​លោក​ ឡុ​ង​ នរិន្ទ​ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១០​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ ចេញពី​ក្របខ័ណ្ឌ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ហើយ​ ដោយ​អនុក្រឹត្យ​លេខ​៤៤២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​លោក​ ឡុ​ង​ នរិន្ទ​ អាយុ​៤២​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១៨៤​ នា​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ។​ នា​សម័យ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៣​នៃ​រដ្ឋសភា​(២០០៣-២០០៨)​ លោក​មេធាវី​ ឡុ​ង​ នរិន្ទ​ ត្រូវ​បាន​តែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៦/១២៤​ ចុះ​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០០៦​ ពោល​គឺ​មាន​ងារ​ជា​"​ឯកឧត្តម​មេធាវី​"​ ។​ លុះ​មក​ដល់​សម័យ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​(២០០៨-២០១៣)​ ឯកឧត្តម​ មេធាវី​ ឡុ​ង​ នរិន្ទ​ ទទួល​បានការ​តែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​បន្ត​ទៀត​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០៨/១២១៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​ ។​

​អនុលោម​តាម​មាត្រា​៥៣​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​វិជ្ជាជីវៈ​មេធាវី​មាន​វិសមិតភាព​ជាមួយនឹង​មុខងារសាធារណៈ​ និង​ការ​ប្រកប​របរ​ពាណិជ្ជកម្ម​ ទោះ​ការ​ប្រកប​នោះ​ដោយ​ប្រយោល​ក្តី​ ឬ​ដោយ​ផ្ទាល់​ក្តី​ ។​ "​ គឺ​មនុស្ស​ម្នាក់​មិន​អាច​ប្រកប​វិជ្ជាជីវៈ​មេធាវី​ផង​ និង​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​មុខងារសាធារណៈ​ផង​បាន​ឡើយ​ ។​

​ដូច្នេះ​ មេធាវី​ដទៃ​ទៀត​ ដូច​ជា​ លោក​មេធាវី​ ប៉ា​ល់​ ចន្ទ​តារា​ អត្តលេខ​៥១៨(​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​)​ លោក​មេធាវី​ អ៊ុំ​ ប៊ុ​ន​ធឿ​ន​ អត្តលេខ​៥៥៦(​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៅ​ក្រសួងយុត្តិធម៌​)​ ដែល​មាន​ងារ​ជា​"​ឯកឧត្តម​មេធាវី​"​ កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​យ៉ាង​សកម្ម​ផង​នោះ​ ជាដើម​…​។​ល​។​ គប្បី​មានការ​ភ្ញាក់រលឹក​យក​ឯកឧត្តម​មេធាវី​ ឡុ​ង​ នរិន្ទ​ ធ្វើ​ជា​គំរូ​ហើយ​ ប្រសិនបើ​ចង់​ប្រកប​វិជ្ជាជីវៈ​មេធាវី​បន្ត​ទៀត​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ ៕​ 

Long-Norin-20 Long-Norin-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.