ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

កូនបង្កើត​រួម​ដៃ​ជាមួយ​សង្សារ កាប់សម្លាប់​ម្តាយ​យក​ទ្រព្យសម្បត្តិ​កក្រើក​ខេត្តកោះកុង​

​ករណី​ឃាតកម្ម​ដ៏​សាហាវ​ដោយ​ប្រើ​ពូថៅ​កាប់​ក្បាល​ស្ត្រី​វ័យ​៥៣​ឆ្នាំ​ម្នាក់​ឈ្មោះ ម៉េង សៃ បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម​ខណៈ​មេឃ​កំពុង​ភ្លៀង កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅ​នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​មាន​មាស​ជាង​១០​តម្លឹង និង​លុយ​ខ្មែរ​មួយចំនួនទៀត​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ខេត្តកោះកុង​នោះ ត្រូវ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ឃាតក​បាន​ហើយ នា​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ គឺជា​កូនប្រុស​-​ស្រី​បង្កើត​របស់​ស្ត្រី​ជា​ម្តាយ​រងគ្រោះ​រួម​ដៃ​ជាមួយ​សង្សារ ព្រមទាំង​អ្នករស់នៅ​ជិតខាង​។​

​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្តកោះកុង​ធ្វើការ​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​ដ៏​សាហាវ​ខាងលើនេះ ក្នុងខណៈ​កូនប្រុស​-​ស្រី​របស់​ស្ត្រី​ជា​ម្តាយ​រងគ្រោះ​កំពុង​ដង្ហែ​សព​ម្តាយ​ឆ្ពោះទៅ​ខេត្តកំពត ជា​ស្រុកកំណើត​ដល់​ចំណុច​ស្រុក​តា​តៃ ខេត្តកោះកុង រួមមាន​៖ ១- ឈ្មោះ ប៉ាន់ ណៃស៊ី​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​ជា​កូនស្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ​) ២- ឈ្មោះ កុសល អេង​ភិ​វឌ្ឍន៍ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ជា​សង្សារ​របស់​ស្ត្រី​ឈ្មោះ ប៉ាន់ នៃ​ស៊ី​ង​) ៣- ឈ្មោះ ប៉ាន់ សុ​ថេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ជា​កូនប្រុស​បង្កើត​របស់​ស្ត្រី​រងគ្រោះ​) និង ៤- ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ (​ជា​អ្នករស់នៅ​ក្បែរ​ខាង​លំនៅឋាន​ស្ត្រី​រងគ្រោះ​)​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ការណ៍​ដែល​នាំ​ឲ្យ​សមត្ថកិច្ច​អាចឈាន​ទៅ​កំណត់​បាន​នូវ​មុខសញ្ញា​ឃាតក​ដៃដល់​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​សាហាវ​នេះ គឺ​បន្ទាប់ពី​អង្កេត​ស្រាវជ្រាវ​តាម​ជំនាញ​រួចហើយ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ជា មុំ ជា​អ្នករស់នៅ​ក្បែរ​ខាង​លំនៅឋាន​ស្ត្រី​រងគ្រោះ ដើម្បី​ធ្វើការ​សាកសួរ និង​ស្ត្រី​រូប​នោះបាន​សារភាព​នូវ​អំពើ​របស់ខ្លួន​ជាមួយ​កូនស្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ​យក​ពូថៅ​កាប់​ទៅលើ​ក្បាល​សម្លាប់​ស្ត្រី​រងគ្រោះ​ប្លន់​យក​ទ្រព្យសម្បត្តិ ដោយមាន​ការចូលរួម​ពី​កូនប្រុស​បង្កើត​របស់​ស្ត្រី​រងគ្រោះ និង​សង្សារ​របស់​កូនស្រី​ជនរងគ្រោះ​ផងដែរ​។ រីឯ​ពូថៅ​ក្រោយ​ធ្វើ​សកម្មភាព​រួចហើយ​ក៏បាន​យកទៅ​ទម្លាក់ចោល​នៅ​មាត់សមុទ្រ ដើម្បី​បំបាត់​ព័ស្តុតាង និង​លុយកាក់​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​កូនប្រុស​ជនរងគ្រោះ​ជា​អ្នកកាន់កាប់ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ដែលជា​មុខសញ្ញា​ឃាតក​ជា​ក្រុម​រួមគំនិត​គ្នា​នោះ​ត្រូវបាន​ឃាត់ខ្លួន​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​។​

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​ដ៏​សាហាវ​កក្រើក​ខេត្តកោះកុង​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​កូនប្រុស​-​ស្រី​បង្កើត​របស់​ស្ត្រី​រងគ្រោះ ដែលមាន​ចិត្តជា​តិរច្ឆាន​រួម​ដៃ​ជាមួយ​សង្សារ និង​អ្នកដទៃ​កាប់សម្លាប់​ម្តាយបង្កើត​របស់ខ្លួន​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ គឺ​ពិតជា​អនន្តរិយកម្ម​មែន​!!!៕​

criminal3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.