សារព័ត៌មាន Xinhua របស់ចិនបានចុះផ្សាយឲ្យដឹងថា បុរសជាគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់ ដែលប្រព្រឹត្តល្មើសរំលោភផ្លូវភេទលើសិស្សស្រីរបស់ខ្លួនរហូតដល់ចំនួន២៦នាក់ នាអំឡុងឆ្នាំ២០១១ – ២០១២ ឋិតក្នុងខេត្ត Gansu ប្រទេសចិននោះ ត្រូវបានតុលាការប្រជាជនចិនសម្រេចកាត់ទោសប្រហារជីវិតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញនេះ។
តុលាការប្រជាជនចិនបានចេញសេចក្តីថ្លែងការណ៍ថា លោក Li Jishun ជាអតីតគ្រូបង្រៀននៃសាលាបឋមសិក្សាមួយឋិតក្នុងខេត្ត Gansun បានប្រព្រឹត្តបទឧក្រិដ្ឋបំពានផ្លូវភេទទៅលើសិស្សស្រីរបស់ខ្លួន រហូតដល់ទៅ២៦នាក់ ដែលមានអាយុចន្លោះពី៤ឆ្នាំ ដល់ ១១ ឆ្នាំ នាអំឡុងឆ្នាំ ២០១១ – ២០១២ ហើយការចាប់រំលោភផ្លូវភេទទៅលើសិស្សស្រីរបស់ខ្លួននេះ ក្នុងម្នាក់ៗលើសពី១ដង ដោយប្រព្រឹត្តនៅក្នុងថ្នាក់រៀនផង និងនៅតាមគុម្ពោតព្រៃក្បែរភូមិផង។
តាមរបាយការណ៍របស់តុលាការប្រជាជនចិនបានផ្សព្វផ្សាយឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៤ គឺរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ករណីរំលោភបំពានផ្លូវភេទកើតឡើងមានរហូតដល់ទៅ៧.១៤៥ករណី ត្រូវបានតុលាការលើកយកមកបើកសវនាការជំនុំជម្រះ៕