ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹង​ទំពុន​និង​ជើងឯក​ លើ​ផ្ទៃដី​ជិត​៣.០០០​ហិ​កតា​

​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​ បាន​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ ING​ Holding​ Co.,​ Ltd.​ ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ថៅកែ​យក​លុយ​ពី​ផ្លូវជាតិ​លេខ​៤​ អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹង​ទំពុន​ និង​តំបន់​ជើងឯក​ លើ​ផ្ទៃដី​ទំហំ​២.៥៧២​ហិ​កតា​ គ្របដណ្តប់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ ជាង​១.០០០​ហិ​កតា​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ជាង​១.២០០​ហិ​កតា​ និង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ប្រមាណ​៣៧១​ហិ​កតា​ តាម​ស្មារតី​លិខិត​លេខ​១៩០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ខណៈ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០០​មក​ម្ល៉េះ​ ។​

​តាម​ស្មារតី​លិខិត​លេខ​១៩០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺ​រាជរដ្ឋាភិបាល​បាន​សម្រេច​ជំរុញ​ឲ្យ​មានការ​ស្រង់​ទិន្នន័យ​ម្ចាស់​ក្បាលដី​ដែល​បាន​កាន់កាប់​ស្របច្បាប់​ និង​កាន់កាប់​បណ្តោះអាសន្ន​ ដែល​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​ ដើម្បី​មាន​មូលដ្ឋាន​សម្របសម្រួល​ ។​ លើស​ពី​នេះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​ថា​ ចំពោះ​អ្នក​ដែល​បាន​គ្រប់គ្រង​ផ្ទៃដី​ពាក់ព័ន្ធ​នឹង​តំបន់​អភិវឌ្ឍន៍​ទាំងមូល​ចាំបាច់​ត្រូវ​ចូលរួម​បដិភាគ​ក្នុង​ការ​អនុវត្ត​គម្រោង​ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទៃ​បឹង​ត្រូវ​បដិភាគ​ចំនួន​២០​ភាគរយ​ ជាមួយ​ក្រុមហ៊ុន​ ING​ Holding​ Co.,​ Ltd.​ ក្នុង​ការ​ចាក់​បំពេញ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ និង​ការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ។​

​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​សួរ​ តំណាង​ឲ្យ​ក្រុមហ៊ុន​ ING​ Holding​ Co.,​ Ltd.​ បាន​លើក​ឡើង​ឲ្យ​ដឹង​កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញនេះថា​ ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​តំបន់​បឹង​ទំពុន​ និង​តំបន់​ជើងឯក​នេះ​ បាន​បែងចែក​ជា​ផ្ទៃដី​សាងសង់​អគារ​ទំហំ​១.៤២៣​ហិ​កតា​ និង​ផ្ទៃដី​បឹង​ ប្រឡាយ​ លំហ​បៃតង​ សំណង់​អគារ​សាធារណៈ​ និ​ងេ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​មាន​ទំហំ​១.១៤៩​ហិ​កតា​ ស្មើនឹង​៤៤,៦៧​ភាគរយ​ ដែល​តម្លៃ​នៃ​ការ​ប៉ាន់ស្មាន​ក្នុង​ការ​អនុវត្ត​គម្រោង​ គឺ​មាន​ទឹកប្រាក់​ប្រមាណ​៦៩៦.៤៥៤.០៩២​ដុល្លារ​អា​មេ​រិ​ក​ ។​

​ដូច្នេះ​ នៅ​ថ្ងៃ​អនាគត​ផ្ទៃបឹង​ទំពុន​ដ៏ល្ហល្ហេវដែល​ប្រជាពលរដ្ឋ​ធ្លាប់​ដាំ​ត្រកួន​ កញ្ឆែត​ ជី​ និង​បន្លែ​ផ្សេងៗ​ទៀត​ នឹង​បាត់រូបរាងពី​ក្នុង​ផែនទី​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ហើយ​ ៕​

Boeng-Tumpon1Boeng-Tumpon

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.