ព័ត៌មានពីមន្ត្រីយោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា បច្ចុប្បន្នអាមេរិកបានផលិតរួចរាល់ហើយនូវប្រភេទគ្រាប់មីស៊ីលបំបាំងកាយទំនើបមួយ ដែលអាចកាត់ផ្តាច់ចរន្តអគ្គិសនីនៅតំបន់តាំងទីជ្រកកោនរបស់សត្រូវបានទាំងស្រុង ដោយគ្រាប់មីស៊ីលនោះត្រូវបានបំពាក់ជាមួយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច អាចបញ្ចេញថាមពលរលកសញ្ញាដ៏ខ្លាំង ធ្វើឲ្យចរន្តអគ្គិសនីក្នុងឧបករណ៍អេឡិចត្រូនិចនៅតំបន់គោលដៅកើនឡើងខ្លាំង រហូតដល់ឧបករណ៍អេឡិចត្រូនិចទាំងអស់ត្រូវរងការខូចខាតទប់ចរន្តអគ្គិសនីលែងបាន ។
គ្រាប់មីស៊ីលបំបាំងកាយដែលទាហានសហរដ្ឋអាមេរិកផលិតឡើងនេះ មានឈ្មោះថា JASSM ។ គ្រាប់មីស៊ីលនេះអាចបាញ់ចេញដោយយន្តហោះចម្បាំង ឬយន្តហោះទម្លាក់គ្រាប់បែកសម្រាប់ប្រើប្រាស់ក្នុងក្បួនយុទ្ធសាស្ត្រយោធាអាមេរិក ។
កាលពីឆ្នាំ២០១២កន្លងទៅ ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិក បានធ្វើការបាញ់បង្ហោះសាកល្បងនូវគ្រាប់មីស៊ីលប្រភេទនេះកាត់បរិវេណមូលដ្ឋានកងទ័ពអាមេរិក គឺជាលទ្ធផលវាបានធ្វើឲ្យប្រព័ន្ធកុំព្យូទ័រទាំងអស់ត្រូវបានកាត់ផ្តាច់ទាំងស្រុង៕