អាចចាត់ទុកថាជាចំណាត់ការកម្រ ដែលកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញនេះ សមត្ថកិច្ចនគរបាលទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តស្ទូចដោយស្ទូចយករថយន្តទំនើបម៉ាក Lexus ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង យកទៅដោះស្រាយនៅកន្លែងប៉ូលិស ព្រោះតែរថយន្តទំនើបមួយចតគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់ចរាចរណ៍សាធារណៈ ។
មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួនពាក់ព័ន្ធទៅនឹងចំណាត់ការរបស់សមត្ថកិច្ចនគរបាលទទួលបន្ទុកកិច្ចការសណ្តាប់ធ្នាប់ដូចបានលើកឡើងខាងលើ គឺ ៖
១-ជាចំណាត់ការដ៏ល្អរបស់សមត្ថកិច្ច ដែលមជ្ឈដ្ឋានទូទៅវាយតម្លៃថា ចាត់ការទៅលើរថយន្តធុនហ្នឹងមុនជាគំរូ(រថយន្តទំនើបដែលពាក់ស្លាកលេខខេមរភូមិន្ទ គឺម្ចាស់រថយន្តមិនមែនជាជនសាមញ្ញតូចតាចធម្មតាទេ) ទើបប្រជាពលរដ្ឋចូលរួមអនុវត្តន៍ច្បាប់ដោយស្មើមុខមាត់ទាំងអស់គ្នា ។
២-ជាសារមួយបង្ហាញឲ្យឃើញថា ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិមិនពង្រឹងការអនុវត្តស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសរបស់ក្រសួងការពារជាតិលេខ០៦៤/២០០៩ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសំគាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ដ្បិតអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងការពារជាតិនេះបានតម្រូវឲ្យរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទត្រូវតែជាយានយន្តរបស់ក្រសួងការពារជាតិ ប្រើប្រាស់សម្រាប់នៅសមរភូមិ និងការងារការពារជាតិ ហើយត្រូវលាបពណ៌ត្រេអ៊ី ឬពណ៌ពិសេសណាមួយទៀតផង ។ ប៉ុន្តែរថយន្តទំនើបដែលពាក់ស្លាកលេខខេមរភូមិន្ទ ត្រូវបានសមត្ថកិច្ចនគរបាលស្ទូចយកទៅដោះស្រាយនោះ គឺមិនមានលាបពណ៌ត្រេអ៊ីអ្វីទេ ហើយក៏អាចទំនងជារថយន្តកម្មសិទ្ធិឯកជនផងដែរ ។
៣-ជាការព្រមានទៅដល់ម្ចាស់រថយន្តទំនើបខាងលើដែលពាក់ស្លាកលេខខេមរភូមិន្ទ មិនគោរពឬប្រមាថទៅលើស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសរបស់ក្រសួងការពារជាតិ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសំគាល់ស្ថាប័ន កងឯកភាព ក្នុងកងយោពលខេមរភូមិន្ទ ។
សរុបសេចក្តីមក ចំណាត់ការដ៏កម្ររបស់សមត្ថកិច្ចនគរបាលទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈដូចការលើកឡើងខាងលើ គឺជាចំណាត់ការគំរូមួយដ៏ល្អ ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញដែរថា ទាំងផ្កាយ៤ ទៀ បាញ់ ទាំងម្ចាស់រថយន្តពាក់ស្លាកលេខខេមរភូមិន្ទល្មើសច្បាប់ ទទួលរងនូវភាពអាម៉ាស់ បាក់មុខបាក់មាត់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រព្រឹត្តកំហុសផ្ទាល់ខ្លួន ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងមូល និងក្នុងនាមជាម្ចាស់រថយន្ត ឬអាចជាមន្ត្រីរាជការក្នុងកងកម្លាំងប្រដាប់អាវុធទៀតផង ៕