មួយថ្ងៃៗគ្មានលស់ពេលឡើយ គឺតែងមានព័ត៌មានប្រកាសថា អាជ្ញាធរបង្ក្រាបចាប់បានឈើល្មើសជានិច្ច នៅតាមបណ្តាខេត្តនានា គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ទោះបីជាឈើចរាចរណ៍ដោយអ្នកមានលុយ មានងារជាឧកញ៉ាមួយចំនួនក៏ដោយ លើកលែងតែឈើរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ជាឈ្មួញឈើល្បីឈ្មោះលេខ១នៅកម្ពុជា ខណៈឈើល្មើសដែលអាជ្ញាធរចាប់បាននោះ ត្រូវចាត់នីតិវិធីដាក់លក់ដេញថ្លៃ ប្រមូលលុយចូលថវិកាជាតិ ព្រមជាមួយនឹងរូបភាពនៃការលក់ដេញថ្លៃឈើល្មើសនាពេលកន្លងមក ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គ្មានតម្លាភាព បង្កប់ដោយអំពើពុករលួយ និងបក្ខពួកនិយម ។
ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានមួយចំនួនបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ទាំងឈើប្រណីត ទាំងឈើល្មើសប្រភេទផ្សេងៗទៀតដែលចាប់បានប្រមូលមកដាក់លក់ដេញថ្លៃនោះ គឺនៅទីបំផុតបានធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ដដែល គ្រាន់តែឆ្លងកាត់តាមឈ្មួញឈើតូចតាចមួយចំនួនចូលខ្លួនមកដេញថ្លៃ ក្រោមរូបភាពជា"ឡប់ឡែ"ប៉ុណ្ណោះ ។
ព័ស្តុតាងជាក់ស្តែង គឺកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញនេះ មានរថយន្តធំៗជាច្រើនគ្រឿងរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព បានដើរប្រមូលឈើគ្រប់ប្រភេទពីតាមបណ្តាសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាបជាបន្តបន្ទាប់យ៉ាងសកម្ម ដែលឈើល្មើសទាំងនោះត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាប់បានរក្សាទុកជាវត្ថុតាងបទល្មើសយ៉ាងតិចតាំងពីមួយឆ្នាំមុន ហើយការប្រមូលឈើរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព នេះមិនមែនជាលើកទី១ទេ ។
ដូច្នេះ ទាំងឈើដែលគេកាប់នៅក្នុងព្រៃ ទាំងឈើល្មើសគ្រប់ប្រភេទដែលអាជ្ញាធរបង្ក្រាបចាប់បាន គឺនៅទីបំផុតបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព មូលទាំងស្រុងតែមួយដដែល ។
មជ្ឈដ្ឋានអ្នកតាមដានឧក្រិដ្ឋកម្មបទល្មើសព្រៃឈើនៅកម្ពុជា បានលើកឡើងថា កត្តាដែលសម្រួល និងជំរុញឲ្យអាជីវកម្មធនធានព្រៃឈើកម្ពុជាបច្ចុប្បន្នធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ប្រមូលបានលុយរាប់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗនោះ គឺដោយសារអំណាចទឹកប្រាក់របស់លោកឧកញ៉ា ទ្រី ភាព ផង និងអំណាចទទួលបានពីការទំនាក់ទំនងជិតស្និទ្ធរបស់លោកឧកញ៉ា ទ្រី ភាព និងក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផង ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សនៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ បានឲ្យដឹងថា ឈ្មួញឈើល្បីឈ្មោះឧកញ៉ា ទ្រី ភាព បានបង់ប្រាក់ឲ្យក្រុមគ្រួសារបុរសខ្លាំងចំនួន១២លានដុល្លារអាមេរិកក្នុង១ឆ្នាំ(១លានដុល្លារអាមេរិកក្នុង១ខែ) ដើម្បីជាថ្នូរទទួលបានសិទ្ធិអំណាចកាប់ និងធ្វើអាជីវកម្មឈើនៅកម្ពុជា នាំចេញទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ខណៈរបាយការណ៍របស់អង្គការអភិរក្សអន្តរជាតិបានសន្និដ្ឋានថា ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ទទួលបានប្រាក់ចំណេញជិត២៣០លានដុល្លារក្នុងរយៈពេល៣ឆ្នាំ ពីជំនួញធនធានព្រៃឈើកម្ពុជា ។
ចំណូលថវិកាជាតិកាលពីឆ្នាំ២០១៣ បានមកពីអាករលើការនាំចេញឈើ និងសម្បទានព្រៃឈើ មានចំនួនប្រមាណជិត១០លានដុល្លារអាមេរិក(ក្នុងនោះចំណូលពីអាករលើការនាំចេញឈើចំនួន១៦.៧៦០លានរៀល ឬប្រមាណជាង៤លានដុល្លារអាមេរិក និងចំណូលពីសម្បទានព្រៃឈើចំនួន២០.៤០០លានរៀល ឬប្រមាណជាង៥លានដុល្លារអាមេរិក) និងចំណូលថវិកាជាតិបានមកពីអាករលើការនាំចេញឈើ និងសម្បទានព្រៃឈើនៅឆ្នាំ២០១៤កន្លងទៅ មានចំនួនជាង១៤លានដុល្លារអាមេរិកប៉ុណ្ណោះ (ក្នុងនោះចំណូលពីអាករលើការនាំចេញឈើចំនួន២០.៤៩០លានរៀល ឬប្រមាណជាង៥លានដុល្លារអាមេរិក និងចំណូលពីសម្បទានព្រៃឈើចំនួន៣៩.០០០លានរៀល ឬប្រមាណជាង៩លានដុល្លារអាមេរិក) ។ មានន័យថា ចំណូលថវិកាជាតិបានមកពីធនធានព្រៃឈើកម្ពុជាក្នុង១ឆ្នាំៗ សឹងមិនស្មើនឹងចំណូលរបស់ក្រុមគ្រួសារបុរសខ្លាំងជានាយករដ្ឋមន្ត្រី ទទួលបានពីលោកឧកញ៉ា ទ្រី ភាព បង់ឲ្យផង និងមិនស្មើនឹងទំហំនៃការខូចខាតផ្លូវថ្នល់ដោយសារការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ផង ។
លោកឧកញ៉ា ទ្រី ភាព នាយកក្រុមហ៊ុន Try Pheap Import Export និងក្រុមហ៊ុន MDS Import Export ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MDS Group ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/២១៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយ និងចុះហត្ថលេខាដោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ៕