សេចក្តីរាយការណ៍ពីខេត្តរតនគិរី បានឲ្យដឹងថា ជនជាតិយួនបានលួចចូលមកជីកស្រះទឹកចំនួន៥កន្លែង និងរណ្តៅធំៗជាច្រើនហិកតា ដោយប្រើគ្រឿងចក្រ រំលោភបំពានលើតំបន់ត្រួតស៊ីគ្នា ឋិតនៅចំណុចភូមិឡុំ ឃុំប៉ក់យ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រទេសកម្ពុជា ដែលជាប់នឹងព្រំប្រទល់ភូមិសេសៅ ឃុំយ៉ាណាង ស្រុកឌឹកគើ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម មានចម្ងាយពីខ្សែទឹកដីប្រទេសវៀតណាមមកលើចំណុចត្រួតស៊ីគ្នា(តំបន់ស) ព្រំដែនប្រទេសកម្ពុជា ពី១៩៩,២០ម៉ែត្រដល់ទៅ៣៧៩,៥០ម៉ែត្រ ។
មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែននៅតំបន់នោះ បានបញ្ជាក់ឲ្យដឹងថា ស្រះទឹកទាំង៥កន្លែងដែលជនជាតិយួនប្រើគ្រឿងចក្រជីករំលោភលើតំបន់ត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា និងព្រំដែនវៀតណាម ចេញពីខ្សែព្រំដែនវៀតណាមមកដល់តំបន់សព្រំដែនកម្ពុជា រហូតដល់ទៅជាង៣០០ម៉ែត្រនោះ នៅត្រង់ចំណុចនិយាមកាទី១លេខ 0775794.1515564, និយាមកាទី២លេខ 0775792.1515588, និយាមកាទី៣លេខ 0775516.1516086, និយាមកាទី៤លេខ 0775424.1516124 និងនិយាមកាទី៥លេខ 0775528.1516308 នៃ GPS WGS84 ។
ប្រភពព័ត៌មានពីខេត្តរតនគិរីបានឲ្យដឹងដែរថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញនេះ កងកម្លាំងចម្រុះស្រុកអូរយ៉ាដាវ សហការជាមួយកងកម្លាំងសមត្ថកិច្ចវរការពារព្រំដែនគោក រួមមាន នគរបាលវរការពារព្រំដែនលេខ៦២៣ និងយោធាវរការពារព្រំដែនគោកលេខ១០២ ព្រមទាំងកម្លាំងទីបញ្ជាការស្រាល បានចុះទៅពិនិត្យចំណុចកើតហេតុដែលជនជាតិយួនបានជីកស្រះទឹកចំនួន៥កន្លែង និងរណ្តៅធំៗជាច្រើនហិកតា ដោយប្រើគ្រឿងចក្ររំលោភចូលមកតំបន់ត្រួតស៊ីគ្នាព្រំដែនកម្ពុជា-វៀតណាមនោះរួចហើយៗបានធ្វើរបាយការណ៍ទៅថ្នាក់លើរង់ចាំការសម្រេចជាក្រោយ ។
អាជ្ញាធរមូលដ្ឋាននៅតំបន់ចំណុចកើតហេតុបាននិយាយឲ្យដឹងថា ភូមិសាស្ត្រចន្លោះបង្គោលព្រំដែនលេខ៣០និងលេខ៤០ មានចម្ងាយ៥៥គីឡូម៉ែត្រ មានប៉ុស្តិ៍សង្កេតការណ៍ចំនួន១១ មិនទាន់មានបង្គោលព្រំដែនពិតប្រាកដនៅឡើយ ហើយកម្លាំងល្បាតការពារក៏មានចំនួនតិច ជាហេតុធ្វើឲ្យមានការលំបាកក្នុងការល្បាតតាមព្រំដែន និងក៏ជាឱកាសងាយស្រួលឲ្យជនជាតិវៀតណាមចូលមកធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដីផងដែរ ៕