ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ចាប់ខ្លួន​ប៉ូលិស​ទំនើង​កូនចៅ​ផ្កាយ​៤​ ម៉ៅ​ ប៊ុ​ន​ណា​រិ​ន​ ម្នាក់​ ក្នុង​បទល្មើស​បាញ់បោះ​សេរី​និង​រាលកៃ​កាំភ្លើង​សម្លាប់​មនុស្ស​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​០២​និង​៣៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ មាន​ករណី​បាញ់បោះ​សេរី​មួយ​បាន​កើតឡើង​នៅ​មុខ​សាលារៀន​ញូ​វ​យ៉​ក​ ឋិត​ក្នុងភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បង្ក​ដោយ​មន្ត្រី​ប៉ូលិស​ទំនើង​ម្នាក់​ជា​កូនចៅ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ប៊ុ​ន​ណា​រិ​ន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ​ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ និង​សាមី​ម្ចាស់​កាំភ្លើង​បាន​រង​របួស​ដៃ​ខ្លួនឯង​ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ដែរ​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បាញ់បោះ​សេរី​បង្ក​ដោយ​ប៉ូលិស​ទំនើង​នោះ​មានឈ្មោះ​ ស៊ុម​ សំណាង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​រត់​រ៉ឺ​ម៉ក​ រស់នៅ​ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​ រីឯ​ជន​បង្ក​មានឈ្មោះ​ ឌឹ​ប​ សំអាត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ជាតិ​ អត្តលេខ​៧៣៤៧៩​ ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ទោ​ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​នាយកដ្ឋាន​ស្ថាបនា​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ មាន​ទីលំនៅ​សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក​ CF98.9​ លេខ​000606​ ផលិត​នៅ​ប្រទេស​ចិន​ មាន​គ្រាប់​ចំនួន​១៥​គ្រាប់​ ។​

​ព័ត៌មាន​ពី​សាក្សី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មន្ត្រី​ប៉ូលិស​ឈ្មោះ​ ឌឹ​ប​ សំអាត​ ចេញពី​ផឹកស៊ី​នៅ​ក្លឹ​បរា​ត្រី​ឈ្មោះ​ ហ្វី​លីង​ ហើយ​ជិះ​ទោចក្រយានយន្ត​តាម​ផ្លូវ​ត្រឡប់​មក​វិញ​ដល់​មុខ​សាលារៀន​ញូ​វ​យ៉​ក​ ក៏​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​ឡើង​លើ​លេង​សម្ញែង​អំណាច​ពេល​ស្រា​ចូលខ្លួន​ រួច​ដាក់​សៀត​ចូល​ចង្កេះ​វិញ​ តែ​អកុសល​ កាំភ្លើង​រាលកៃ​ត្រូវ​ដៃ​ខ្លួនឯង​ និង​ផ្លា​ត​គ្រាប់​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ុម​ សំណាង​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។​

​បច្ចុប្បន្ន​ ប៉ូលិស​ទំនើង​កូនចៅ​ផ្កាយ​៤​ ម៉ៅ​ ប៊ុ​ន​ណា​រិ​ន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ ដែល​ប្រព្រឹត្ត​បាញ់បោះ​សេរី​ និង​រាលកៃ​កាំភ្លើង​សម្លាប់​មនុស្ស​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ​ ៕​

Dib-Sam-At Dib-Sam-At-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.