មាត្រា៥ និងមាត្រា៦ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខរាជរដ្ឋាភិបាល ដែលឋិតនៅជាធរមានអនុវត្តន៍នោះ បានចែងថា "ម្ចាស់គ្រប់គ្រង និងម្ចាស់កម្មសិទ្ធិយានយន្តត្រូវបានចែកចេញជា៨ក្រុម រួមមាន ៖ ក្រុមទី១ ៖ ម្ចាស់គ្រប់គ្រងយានយន្តជារបស់ព្រះបរមរាជវាំង ។ ក្រុមទី២ ៖ ម្ចាស់គ្រប់គ្រងយានយន្តជារបស់ក្រសួង ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងអង្គភាពស្វ័យាភិបាលសេដ្ឋកិច្ច ។ ក្រុមទី៣ ៖ ម្ចាស់គ្រប់គ្រងយានយន្តជារបស់ក្រសួងការពារជាតិ ប្រើប្រាស់សម្រាប់នៅសមរភូមិ និងការងារការពារជាតិ ។ ក្រុមទី៤ ៖ ម្ចាស់គ្រប់គ្រងយានយន្តជារបស់ក្រសួងមហាផ្ទៃ ប្រើប្រាស់សម្រាប់ការងារសន្តិសុខ ឬសណ្តាប់ធ្នាប់សង្គម ។ ក្រុមទី៥ ៖ ម្ចាស់គ្រប់គ្រងយានយន្តជារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ ។ ក្រុមទី៦ ៖ ម្ចាស់កម្មសិទ្ធិយានយន្តជារបស់ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ។ ក្រុមទី៧ ៖ ម្ចាស់កម្មសិទ្ធិយានយន្តជារបស់ឯកជន ជារូបវន្តបុគ្គល ឬនីតិបុគ្គល ។ ក្រុមទី៨ ៖ ម្ចាស់កម្មសិទ្ធិយានយន្តជាបណ្តោះអាសន្នរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ។ ស្លាកលេខយានយន្តមាន៩ប្រភេទ ។ " ។ ដោយឡែក មាត្រា៩នៃអនុក្រឹត្យដដែលនេះ បានចែងដែរថា "ស្លាកលេខរបស់ក្រុមទី២ដូចមានចែងក្នុងមាត្រា៥ ត្រូវបានបែងចែកឲ្យក្រសួង ស្ថាប័ន តាមលេខរៀងបន្តបន្ទាប់ពីរដ្ឋ០១រហូតដល់រដ្ឋ៣៧" ។ មានន័យថា អនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះនោះ គឺមិនបានចែងតម្រូវឲ្យមានយានយន្តពាក់ស្លាកលេខប្រភេទ"រាជរដ្ឋាភិបាល"ទេ ។
ដូច្នេះ រថយន្តទំនើប១គ្រឿងម៉ាក Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខរាជរដ្ឋាភិបាល 5.2-297 ដូចក្នុងរូបភាពបង្ហាញជូននេះ គឺជាការប្រើប្រាស់ស្លាកលេខរំលោភបំពានទៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះយ៉ាងធ្ងន់ធ្ងរ និងបង្ហាញឲ្យឃើញដែរថា ម្ចាស់យានយន្តពាក់ស្លាកលេខប្រភេទនេះ បានបំបាក់មុខបុរសខ្លាំងជានាយករដ្ឋមន្ត្រីយ៉ាងពេញទំហឹង ។
ប្រភពពីអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បានផ្តល់ព័ត៌មាននិងបានចែករំលែក(Share)តៗគ្នាឲ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញនេះ ម្ចាស់រថយន្តទំនើបម៉ាក Land Cruiser ពាក់ស្លាកលេខរាជរដ្ឋាភិបាល5.2-297នោះ បានបើកបរប៉ះទង្គិចទៅលើជនបរទេសម្នាក់កំពុងជិះទោចក្រយាន(កង់)តាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ហើយមានបំណងបម្រុងបើករត់គេច ប៉ុន្តែត្រូវជនបរទេសចិត្តសឿងរត់តាមបើកទ្វាររថយន្តបង្កក៏ក្របួចបានអ្នកបើកបររថយន្តនោះតែម្តង ។
តើបុរសខ្លាំងដែលអួតក្តែងៗថា "អ្វីៗក៏ដឹង"នោះ គួរមានវិធានការលុបបំបាត់ស្លាកលេខយានយន្តបែបអនាធិបតេយ្យ រំលោភបំពានលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែរឬទេ ឬក៏សុខចិត្តពួនសំងំឲ្យម្ចាស់យានយន្តទាំងនោះបន្តបំបាក់មុខខ្លួនជានាយករដ្ឋមន្ត្រីតទៅទៀត ? ៕