ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងប្រាប់បណ្តាញសារព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥កន្លងទៅថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប-Bacc II) ដែលនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០១៥ខាងមុខនេះ គឺត្រូវធ្វើឡើងតែ១លើកទេ ហើយអាចមានការតឹងរ៉ឹងជាងមុនទៀតផង ។
មេ ACU រូបនេះបានបញ្ជាក់ឲ្យដឹងដែរថា បេក្ខជនដែលប្រព្រឹត្តខុសឆ្គងទៅនឹងលក្ខន្តិកៈនៃការប្រឡង ហើយត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់បាននឹងត្រូវបញ្ជូនទៅតុលាការតែម្តង ហើយនឹងអាចជាប់ទោសទណ្ឌថែមទៀត ពោលគឺមិនមានការលើកលែងទោស ឬព្យួរទោសដូចសម័យប្រឡងឆ្នាំ២០១៤កន្លងទៅនោះទេ ។
គេមិនទាន់បានដឹងថា សម័យប្រឡងបាក់ឌុបឆ្នាំ២០១៥នេះមានចំនួនបេក្ខជន-បេក្ខនារីចូលរួមប្រឡងប៉ុន្មាននាក់ពិតប្រាកដនៅឡើយ ខណៈបេក្ខជនប្រឡងធ្លាក់កាលពីឆ្នាំមុនក៏មានចំនួនយ៉ាងច្រើនស្រាប់ បន្ទាប់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយមានការរឹតបន្តឹងក្នុងការប្រឡងរួចមក ទោះបីឆ្នាំមុនមានការប្រឡងចំនួន២លើកបង្កនូវការភ្ញាក់ផ្អើលក៏ដោយ ៕