ប្រភពព័ត៌មានពីសាលាដំបូងខេត្តក្រចេះបានឲ្យដឹងថា មានលោកឧកញ៉ាជាឈ្មួញរកស៊ីឈើល្បីឈ្មោះប្រចាំភូមិភាគឦសានម្នាក់ ត្រូវបានក្រុមប្រជាពលរដ្ឋ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥កន្លងទៅ ដោយចោទប្រកាន់ពីបទកាប់រាន ឈូសឆាយដីព្រៃ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋចំនួនជាង៣.០០០ហិកតា ឋិតនៅតំបន់ព្រៃស្រោង ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្ខពួក ។
ឈ្មួញឈើល្បីឈ្មោះប្រចាំភូមិភាគឦសានដែលមានងារជាឧកញ៉ា ហើយត្រូវក្រុមប្រជាពលរដ្ឋដាក់ពាក្យប្តឹងទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ ចោទប្រកាន់ពីបទកាប់រាន ឈូសឆាយដីព្រៃ នៅខេត្តក្រចេះជាង៣.០០០ហិកតានោះ គឺលោកឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នា មានទីលំនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ(អតីតខេត្តកំពង់ចាម) ។
ពាក្យបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថា សកម្មភាពកាប់រានឈូសឆាយដីព្រៃ និងកាប់រំលំបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ព្រៃស្រោង ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បង្កដោយលោកឧកញ៉ា លឹម ប៊ុនណា និងគូកននោះ បានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០០៩រហូតមកទល់បច្ចុប្បន្ន ធ្វើឲ្យតំបន់ព្រៃស្រោងទំហំប្រមាណ៣.១២០ហិកតាត្រូវវិនាសហិនហោច ។
គេមិនទាន់បានដឹងថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះដែលមានលោក ទី សុវិនថាល់ ជាព្រះរាជអាជ្ញា នឹងចាត់ការលើបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋដែលប្តឹងលោកឧកញ៉ា លឹម ប៊ុនណា នោះយ៉ាងណានៅឡើយទេ ។
ឈ្មួញឈើល្បីឈ្មោះដែលសម្បូណ៌រឿងអាស្រូវ លឹម ប៊ុនណា ហៅ ខ្នា ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០១១១/០៤៨ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ។
ជុំវិញការប្តឹងចោទប្រកាន់ពីសំណាក់ក្រុមប្រជាពលរដ្ឋខាងលើ សារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោកឧកញ៉ា លឹម ប៊ុនណា បាននៅឡើយទេ គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥នេះ ដ្បិតគ្មានទូរស័ព្ទសម្រាប់ទំនាក់ទំនង ៕