បន្ទាប់ពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ជា មុនី ជាប្រធាន បានដាក់ញត្តិនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ គោរពជូនឯកឧត្តម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមមតិភាគច្រើននៅរដ្ឋសភា, ឯកឧត្តម សម រង្ស៊ី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំជំរុញឲ្យមានការបង្កើតតុលាការការងារមួយដែលមានឯករាជ្យភាព និងមានសមត្ថភាពវិជ្ជាជីវៈ ដើម្បីដោះស្រាយរាល់វិវាទការងាររួចមក ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ ០១ ខែឧសភា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា "ក្រសួងនឹងជំរុញការរៀបចំច្បាប់បង្កើតតុលាការការងារឲ្យបានចប់នៅឆ្នាំ២០១៧" ។
អនុលោមតាមបញ្ញត្តិមាត្រា៣៨៧ និងមាត្រា៣៨៨នៃច្បាប់ស្តីពីការងារ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ បានចែងថា "ត្រូវបង្កើតតុលាការការងារដែលត្រូវទទួលជំនុំជម្រះវិវាទបុគ្គល ដែលកើតឡើងរវាងកម្មករ និយោជិត និងនិយោជក ដោយមកពីការប្រតិបត្តិកិច្ចសន្យាការងារ ឬកិច្ចសន្យាហ្វឹកហ្វឺនកូនជាង ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃតុលាការការងារនឹងត្រូវកំណត់ដោយច្បាប់ ។ " ។
កាលពីពាក់កណ្តាលឆ្នាំ២០១២កន្លងទៅ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ ធ្លាប់បានសម្រេចបង្គាប់ឲ្យក្រសួងយុត្តិធម៌ មានឯកឧត្តម អង្គ វង្សវឌ្ឍានា ជារដ្ឋមន្ត្រី រៀបចំច្បាប់ស្តីពីការបង្កើតតុលាការការងារ តាមស្មារតីលិខិតលេខ៦៣៧សជណ.អវ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដូច្នេះ មានរយៈពេលជិត៣ឆ្នាំទៅហើយ ក្រសួងយុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាលមិនទាន់បានតាក់តែងច្បាប់ស្តីពីការបង្កើតតុលាការការងារឲ្យចេញជារូបរាងនៅឡើយ ។
គិតចាប់តាំងពីច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាប្រកាសឲ្យប្រើនាខែមីនា ឆ្នាំ១៩៩៧មក មានរយៈពេលជិត២០ឆ្នាំហើយ គឺតុលាការការងារមិនទាន់បង្កើតចេញនៅឡើយ ដែលបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលបុរសខ្លាំងគ្មានឆន្ទៈនយោបាយក្នុងការបង្កើតតុលាការការងារឲ្យចេញជារូបរាងនោះទេ ខណៈតុលាការអាជ្ញាគតិបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា សម្រេចសេចក្តីមិនសូវផ្តល់យុត្តិធម៌ពិតប្រាកដដល់កម្មករ កម្មការិនីជាជនក្រីក្រទេ ហើយបែរជាសម្រេចដាក់សម្ពាធឲ្យរឹតតែធ្ងន់ធ្ងរថែមលើកម្មករ និយោជិតទៅវិញ ។
សរុបសេចក្តីមក បើយោងតាមប្រសាសន៍អះអាងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ គឺបានបញ្ជាក់ថា បង្កើតតុលាការការងារដ៏សំខាន់ក្នុងវិស័យការងារនៅកម្ពុជា ត្រូវការពេលវេលារហូតដល់ទៅ២០ឆ្នាំ(១៩៩៧-២០១៧)ឯណោះ ៕