សេចក្តីរាយការណ៍ពីខេត្តកំពត បានឲ្យដឹងថា អតីតទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ពីរនាក់ប្តី-ប្រពន្ធ និងគូកន ត្រូវបានក្រុមប្រជាពលរដ្ឋរស់នៅស្រុកឈូក ខេត្តកំពត ប្តឹងទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ដោយចោទប្រកាន់ពីបទកាប់រាន ឈូសឆាយដីព្រៃ នៅត្រង់ចំណុចវាលឈើត្រាវ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ប្រមាណជាង១.០០០ហិកតា យកទៅលក់ឲ្យក្រុមហ៊ុនបរទេស កើបលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ។ លើសពីនេះ អតីតទីប្រឹក្សាប្រធានរដ្ឋសភារូបនោះក៏ត្រូវបានប្រជាពលរដ្ឋប្តឹងចោទប្រកាន់ពីបទធ្វើទារុណកម្ម និងរំលោភបំពានយកដីសម្បទានសង្គមកិច្ចរបស់ប្រជាពលរដ្ឋចំនួន១០១គ្រួសារទៀតផង ។
ប្រភពព័ត៌មានពីតុលាការសាលាដំបូងខេត្តកំពត បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងខេត្តកំពតកំពុងតែចាត់ការសំណុំរឿងនេះតាមនីតិវិធីហើយ ដោយបានចេញដីកាកោះហៅប្រជាពលរដ្ឋជាដើមបណ្តឹង និងអ្នកពាក់ព័ន្ធឯទៀតៗមកសាកសួរជាបន្តបន្ទាប់ ។
ពាក្យបណ្តឹងរបស់ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា លោក អាំ ផល្លីន និងលោកស្រី ហ៊ាង គុន្ធី ជាមេខ្លោង បានជួលអ្នកភូមិព្រៃពាយក្នុងតម្លៃម្នាក់២ម៉ឺនរៀលក្នុង១ថ្ងៃ ឲ្យកាប់រាន ឈូសឆាយដីព្រៃនៅត្រង់ចំណុចវាលឈើត្រាវ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងបានប្រើប្រាស់គ្រឿងចក្រទៀតផង ចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមកទល់សព្វថ្ងៃ អស់ដីព្រៃប្រមាណជាង១.០០០ហិកតា លើទំហំដីព្រៃក្នុងចំណុចវាលឈើត្រាវនេះប្រមាណ២.០០០ហិកតា មិនបានរំខានដល់សមត្ថកិច្ចបន្តិចណាឡើយ ។
លោក អាំ ផល្លីន ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៤ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១១៤០ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ និងលោកស្រី ហ៊ាង គុន្ធី(ជាភរិយារបស់លោក អាំ ផល្លីន) ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ តែត្រូវបានដកហូតតំណែងនេះវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៤/១០៣៧ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ក្រុមប្រជាពលរដ្ឋខាងលើ សារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក អាំ ផល្លីន និងលោកស្រី ហ៊ាង គុន្ធី បាននៅឡើយ គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥នេះ ពីព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕