ប្រភពពីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនឲ្យដឹងថា នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០១៥នេះ តុលាការទីក្រុង Luoyang នៃខេត្ត Henan របស់ចិន បានសម្រេចចេញសាលក្រមបង្គាប់ឲ្យក្រុមហ៊ុនឯកជនមួយបង់ប្រាក់សំណងចំនួន៧ម៉ឺនដុល្លារអាមេរិក ទៅគ្រួសាររបស់បុរសរងគ្រោះម្នាក់ដែលស្លាប់បាត់បង់ជីវិត ក្រោយពេលចូលរួមក្នុងពិធីប្រកួតផឹកស្រា កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ នៅទីក្រុង Luoyang ។
សារព័ត៌មានរបស់ចិន Xinhua បានចុះផ្សាយថា លោក Wang Qiang បានចូលរួមក្នុងពិធីប្រកួតផឹកស្រាមួយក្នុងទីក្រុង Luoyang កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ជាមួយមិត្តភក្តិរបស់លោកដែលរៀបចំដោយក្រុមហ៊ុន Luoyang Siyue Trade Co., Ltd. ។ ក្រោយការប្រកួត បុរសជាបេក្ខជនទាំង២នាក់មានអាការៈមិនស្រួលក្នុងខ្លួន ទើបប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ តែជាអកុសលលោក Wang Qiang មានស្ថានភាពធ្ងន់ធ្ងរជាងមិត្តភក្តិជាដៃគូផឹកស្រាជាមួយខ្លួន ទើបលោកដាច់ខ្យល់ស្លាប់តែម្តង ។
បន្ទាប់ពីមានហេតុការណ៍អកុសលនេះកើតឡើង ក្រុមគ្រួសារលោក Wang Qiang បានដាក់ពាក្យប្តឹងក្រុមហ៊ុនដែលរៀបចំកម្មវិធីប្រកួតផឹកស្រាទៅតុលាការ ដោយចោទប្រកាន់ថា ជាមូលហេតុនាំឲ្យលោក Wang Qiang ស្លាប់បាត់បង់ជីវិត ។
នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០១៥នេះ តុលាការទីក្រុង Luoyang បានសម្រេចចេញសាលក្រមបង្គាប់ឲ្យក្រុមហ៊ុន Luoyang Siyue Trade Co., Ltd. បង់ប្រាក់សំណងចំនួន៧ម៉ឺនដុល្លារអាមេរិកជូនទៅក្រុមគ្រួសារបុរសរងគ្រោះ ៕