ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ភ្ញាក់ផ្អើល​ពេញ​ភូមិ​និង​កើតរឿង​ប្តឹងផ្តល់​ ដោយសារ​កូនក្រមុំ​រត់​ចោល​រោងការ​ទៅ​ស្រវា​យក​សង្សារ​ជា​ប្រុស​ស្ទាវ​

​មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ភូមិ​តា​តោក​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ដែល​ជា​លំនៅ​ឋាន​កូនក្រមុំ​ កាលពី​ថ្ងៃ​ទី​២៦-២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ដោយសារ​កូនក្រមុំ​វ័យ​១៨​ឆ្នាំ​ម្នាក់​ បាន​សម្រេចចិត្ត​រត់​ចោល​កូន​ក​ម្លោះ​អាយុ​២៧​ឆ្នាំ​ និង​រោងការ​ ទៅ​ស្រវា​យក​ប្រុស​ស្ទាវ​អាយុ​១៦​ឆ្នាំ​ ហើយ​ក៏​បង្ក​ឲ្យ​មានការ​ប្តឹងផ្តល់​គ្នា​ ដើម្បី​ទារ​សំណង​ថ្លៃ​បណ្ណាការ​ និង​កិត្តិយស​ ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ ។​

​រឿងរ៉ាវ​ស្នេហា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ ត្រូវ​បានកូន​ក​ម្លោះ​ខកចិត្ត​ និង​ជា​ភាគី​ចាញ់​ស្នេហ៍​ឈ្មោះ​ កុក​ ប្រុស​ ហៅ​ចាន់​ណា​ អាយុ​២៧​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​ម៉ៅ​ ឃុំ​គិរី​ចុង​កោះ​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កញ្ញា​ម្នាក់​ឈ្មោះ​ ផុ​ន​ ស្រី​ម៉ាច​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ អស់​រយៈពេល​ជិត​០៦​ខែ​មក​ហើយ​ ខណៈ​ខ្លួន​បាន​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​ឯ​ភូមិ​-​ឃុំ​ដែល​ជា​លំនៅ​ឋាន​ខាង​ស្រី​ រហូត​ដល់​បាន​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ជា​ប្តី​-​ប្រពន្ធ​តាម​ប្រពៃណី​ និង​ស្របច្បាប់​នា​ថ្ងៃ​ទី​២៦-២៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​គេហដ្ឋាន​ខាង​ស្រី​ ។​

​កូន​ក​ម្លោះ​អភ័ព្វ​ស្នេហ៍​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា​ ពិធី​រៀប​អាពាហ៍ពិពាហ៍​បាន​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​១​ប្រកបដោយ​អ៊ឹ​ក​អ​ធឹ​ក​ លុះ​ឈាន​ដល់​វេលា​ព្រឹក​នៃ​ថ្ងៃ​ទី​២​ ស្រាប់តែ​មានរឿង​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្តង​ ពីព្រោះ​បាត់​កូនក្រមុំ​មិនដឹង​ទៅ​ណា​ សូ​ម្បី​ឪពុក​ម្តាយកូន​ស្រី​ និង​ញាតិ​មិត្ត​ក៏​មិនដឹង​ថា​នាង​ទៅ​ទីណា​ដែរ​ ធ្វើ​ឲ្យ​ខ្លួន​ជា​កូន​ក​ម្លោះ​ទទួល​រង​នូវ​ការ​អាម៉ាស់​យ៉ាង​ខ្លាំង​ ។​ នៅ​វេលា​ព្រឹក​នៃ​ថ្ងៃ​មង្គលការ​ទី​២​ គឺ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ស្រាប់តែ​ឃើញ​វត្តមាន​កូនក្រមុំ​ទៅ​បណ្តើរ​យុវជន​ស្ទាវ​ម្នាក់​ចូល​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ដឹង​ឮ​ថា​ពួក​គេ​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ ខណៈ​យុវជន​ស្ទាវ​ឈ្មោះ​ ផល​ ឈុ​ន​លី​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ទន្ទឹម​ ឃុំ​តា​សាញ់​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លង​ទៅ​ ដោយ​ពួក​គេ​ធ្លាប់​បាន​ដើរ​លេង​សប្បាយ​ជាមួយ​គ្នា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ។​ ដោយឡែក​ កញ្ញា​ ផុ​ន​ ស្រី​ម៉ាច​ ដែល​ក្លាយជា​កូនក្រមុំ​ទៅ​ហើយ​នោះ​ បាន​អះអាង​ថា​ ខ្លួន​ស្ម័គ្រចិត្ត​រៀប​ការ​ គឺ​គ្រាន់តែ​បង្គ្រប់​ចិត្ត​តាម​បំណង​របស់​ឪពុក​ម្តាយ​ប៉ុណ្ណោះ​ ។​

​យុវជន​ស្ទាវ​ឈ្មោះ​ ផល​ ឈុ​ន​លី​ បាន​ឲ្យ​ដឹង​ថា​ នៅ​រាត្រី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ ដែល​ជា​ថ្ងៃ​កញ្ញា​ ផុ​ន​ ស្រី​ម៉ាច​ ចូល​រោងការ​ថ្ងៃ​ទី​១​នោះ​ ខ្លួន​បាន​ទូរស័ព្ទ​ទៅ​សង្សារ​របស់​ខ្លួន​ គឺ​នាង​ ផុ​ន​ ស្រី​ម៉ាច​ ហើយ​នាង​ក៏​បាន​ប្រាប់​ឲ្យ​ខ្លួន​យក​ទោចក្រយានយន្ត​ទៅ​ទទួល​នាង​នៅ​ក្បែរ​ផ្ទះ​ជិត​រោងការ​ ហើយ​ដឹក​មក​កាន់​ផ្ទះ​របស់​ខ្លួន​ក្នុង​បំណង​យក​គ្នា​ធ្វើ​ជា​ប្តី​-​ប្រពន្ធ​ ។​ លុះ​មក​ដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ទើប​ខ្លួន​និង​សង្សារ​បាន​នាំ​គ្នា​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ទទួល​ដឹង​ឮ​អំពី​ការ​ស្រឡាញ់​គ្នា​របស់​ពួក​ខ្លួន​ ។​

​ក្រោយ​កើត​មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​សោកស្តាយ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​កូន​ក​ម្លោះ​ និង​ក្រុម​គ្រួសារ​នេះ​ ភាគី​កូន​ក​ម្លោះ​ចាញ់​ស្នេហ៍​ឈ្មោះ​ កុក​ ប្រុស​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ ដើម្បី​ទារ​សំណង​ថ្លៃ​បណ្ណាការ​ពី​ភាគី​កូនក្រមុំ​ ប៉ុន្តែ​សំណង​បណ្ណាការ​មិន​ទាន់​មានការ​ចុះសម្រុង​គ្នា​នៅឡើយ​ ហើយ​ថែម​ទាំង​មានការ​បោះពាក្យ​សម្តី​មិនសូវ​សមរម្យ​ពី​ក្រុម​គ្រួសារ​ភាគី​កូនក្រមុំ​ទៀត​ផង​ ទើប​ភាគី​កូន​ក​ម្លោះ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​សាលាដំបូង​ខេត្តបាត់ដំបង​តែ​ម្តង​ ។​

​រឿងរ៉ាវ​ស្នេហា​របៀប​នេះ​ គឺ​ទុកជា​មេរៀន​សម្រាប់​ឲ្យ​យុវជន​ យុវនារី​ ព្រមទាំង​ឪពុក​ម្តាយ​ និង​អាណាព្យាបាល​របស់​កូនប្រុស​-​ស្រី​បាន​ពិចារណា​ ពីព្រោះ​កូនប្រុស​-​ស្រី​បច្ចុប្បន្ន​នេះ​ ពួក​គេ​មាន​សិទ្ធិ​ជ្រើសរើស​អនាគត​គូស្រករ​របស់​ខ្លួន​មិន​ឋិត​នៅ​ក្រោម​ការ​បង្ខិតបង្ខំ​ពី​សំណាក់​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ឲ្យ​ចូល​រោងការ​នោះ​ឡើយ​ ៕​

Marry1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.