ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

អ្នក​អាន​ចោទសួរ​ថា​ តើ​ចំណត​យានយន្ត​នៅ​ Phnom​ Penh​ Tower​ ជា​ចំណត​មិនទទួលខុសត្រូវនិងថ្លៃ​ជាងគេ​បំផុត​នៅ​កម្ពុជា​ឬ​ ?

​កាលពី​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ប្រិ​យ​មិត្ត​អ្នក​អាន​សារព័ត៌មាន​ដើម​ត្នោត​ម្នាក់​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​មក​ការិយាល័យ​និពន្ធ​សារព័ត៌មាន​ដើម​ត្នោត​ ដោយ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ចំណត​យានយន្ត​សាធារណៈ​នៅ​បរិវេណ​អគារ​ភ្នំពេញ​ ថៅ​វ័​រ​(Phnom​ Penh​ Tower)​ ជា​ចំណត​យានយន្ត​ដែល​ថ្លៃ​ជាងគេ​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឬ​ ?

​ប្រិ​យ​មិត្ត​អ្នក​អាន​ដែល​ជា​បុរស​រូប​នោះ​បាន​រៀបរាប់​ថា​ លោក​បាន​ទៅ​បរិភោគ​អាហារ​ពេល​ល្ងាច​ ដោយ​ចត​រថយន្ត​នៅ​ក្រៅ​បរិវេណ​អគារ​ Phnom​ Penh​ Tower​ (​មិនមែន​នៅ​ក្នុង​ចំណត​ខាងក្នុង​អគារ​នោះ​ទេ​)​ ពេល​នោះ​សន្តិសុខ​បាន​ហុច​បង្កាន់ដៃ​សំបុត្រ​ថ្លៃ​ចំណត​ ដែល​មាន​បញ្ជាក់​តម្លៃ​ថា​ ចត​ក្នុង​រយៈពេល​ដល់​៦០​នាទី​គឺ​មិន​គិតថ្លៃ​ ចត​ក្នុង​រយៈពេល​ពី​៦១​នាទី​ដល់​១៨០​នាទី​ គឺ​ថ្លៃ​២​ដុល្លារ​អា​មេ​រិ​ក​ ចត​ក្នុង​រយៈពេល​ពី​១៨១​នាទី​ដល់​៣០០​នាទី​ គឺ​ថ្លៃ​៤​ដុល្លារ​អា​មេ​រិ​ក​ និង​ចត​ក្នុង​រយៈពេល​លើស​ពី​៣០១​នាទី​ឡើង​ទៅ​ គឺ​ថ្លៃ​៦​ដុល្លារ​អា​មេ​រិ​ក​(​ដូច​មាន​ឯកសារ​ជា​ព័ស្តុតាង​ជូន​ភ្ជាប់​មក​ជាមួយ​)​ ។​ លោក​ក៏​បាន​សួរ​ទៅ​សន្តិសុខ​ថា​ ហេតុ​អ្វី​ក៏​យក​តម្លៃ​ចំណត​យានយន្ត​សាធារណៈ​នេះ​ថ្លៃ​ម្ល៉េះ​ ហើយ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី​អាជ្ញាធរ​ដែរ​ឬទេ​ ?​ ខណៈនោះ​ សន្តិសុខ​ក៏​បាន​ទូរស័ព្ទ​ភ្លាម​ទៅ​មេ​របស់​គាត់​ ដោយ​មេ​របស់​គាត់​បាន​បញ្ជាក់​ថា​ កន្លែង​ចត​សាធារណៈ​យក​ប្រាក់​នេះ​ គឺ​មាន​អាជ្ញាប័ណ្ណ​ និង​សិទ្ធិ​ត្រឹមត្រូវ​ ។​

​ប្រិ​យ​មិត្ត​អ្នក​អាន​រូប​នោះ​ក៏​បាន​ចោទ​ជា​សំណួរ​របៀប​ជា​ការ​ងឿងឆ្ងល់​ថា​ បើ​ខាង​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​លើ​ការ​យក​ថ្លៃ​សេវា​ចំណត​យានយន្ត​ពី​អាជ្ញាធរ​ពិតប្រាកដ​មែន​ តើ​អាជ្ញាប័ណ្ណ​នេះ​បាន​បញ្ជាក់​ដែរ​ឬទេ​ថា​ ក្រុមហ៊ុន​ត្រូវ​យក​សេវា​តម្លៃ​ប៉ុន្មាន​ ហើយ​បើ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​យក​សេវា​តម្លៃ​ដូច្នេះ​មែន​ តើ​ចំណត​យានយន្ត​សាធារណៈ​នៅ​បរិវេណ​អគារ​ Phnom​ Penh​ Tower​ នេះ​ត្រូវ​ចាត់​ទុក​ថា​ ជា​ចំណត​យានយន្ត​ដែល​ថ្លៃ​ជាងគេ​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​គួរ​កត់ត្រា​ក្នុង​ចំណាត់ថ្នាក់​ជាតិ​ដែរ​ឬទេ​ ?

​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​ខ្លាំង​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​យក​ថ្លៃ​សេវា​ចំណត​យានយន្ត​សាធារណៈ​នៅ​បរិវេណ​អគារ​ Phnom​ Penh​ Tower​ នោះ​ គឺ​មាន​តម្លៃ​ថ្លៃ​យ៉ាង​ខ្ពស់​ហើយ​ ប៉ុន្តែ​បង្កាន់ដៃ​សំបុត្រ​ទទួល​ការ​ចត​យានយន្ត​បាន​បញ្ជាក់​ថា​ សូម​ថែរក្សា​យានជំនិះ​ និង​សម្ភារៈ​ដោយ​ខ្លួនឯង​ទៅ​វិញ​ (Sic!)​ ៕​

Phnom-Penh-Tower

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.