ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​បោកប្រាស់​មេដឹកនាំ​សហជីព​ ខណៈ​តុលាការ​ការងារ​ជិត​២០​ឆ្នាំ​បង្កើត​មិន​ចេញ​

​ដោយ​យល់​ឃើញ​ថា​ អស់​រយៈពេល​ជិត​២០​ឆ្នាំ​ចាប់តាំងពី​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ឲ្យ​ប្រើ​នា​ខែមីនា​ ឆ្នាំ​១៩៩៧​មក​ តុលាការ​ការងារ​ដែល​ជា​តុលាការ​ឯកទេស​សម្រាប់​ទទួល​ជំនុំជម្រះ​រាល់​វិវាទ​ការងារ​ក្នុង​វិស័យ​ការងារ​ បង្កើត​មិន​ចេញ​ទាល់តែ​សោះ​នោះ​ ទើប​កាលពី​ចុង​ខែមេសា​ ឆ្នាំ​២០១២​កន្លង​ទៅ​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ ធ្លាប់​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​រាជរដ្ឋាភិបាល​ជួយ​ជំរុញ​ឲ្យ​មានការ​បង្កើត​តុលាការ​ការងារ​ ដើម្បី​ដោះស្រាយ​រាល់​វិវាទ​ការងារ​នៅ​ក្នុង​វិស័យ​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ការ​ស្នើ​សុំ​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ ស្រប​ពេល​សហជីព​ទាមទារ​យ៉ាង​ទទូច​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មានការ​ដំឡើង​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​ និង​ប្រាក់​សម្រាប់​ការ​ស្នាក់​នៅ​របស់​កម្មករ​ និយោជិត​ យ៉ាង​ពុះកញ្ជ្រោល​ទៀត​ផង​ ដោយ​សហជីព​បាន​ធ្វើការ​គំរាម​ថា​ បើ​រាជរដ្ឋាភិបាល​មិន​ជំរុញ​ឲ្យ​មានការ​បង្កើត​តុលាការ​ការងារ​ និង​ប្រាក់​ធ្វើ​ដំណើរ​ ព្រមទាំង​ប្រាក់​សម្រាប់​ការ​ស្នាក់​នៅ​របស់​កម្មករ​ កម្មការិនី​ទេ​នោះ​ សហជីព​នឹង​ដឹកនាំ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ។​

​ដើម្បី​លួង​ចិត្ត​ដល់​មេដឹកនាំ​សហជីព​កុំ​ឲ្យ​ដឹកនាំ​កម្មករ​ កម្មការិនី​ធ្វើ​កូដកម្ម​-​បាតុកម្ម​នោះ​ ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្គាប់​ឲ្យ​ក្រសួងយុត្តិធម៌​រៀបចំ​ច្បាប់​ស្តី​ពី​ការ​បង្កើត​តុលាការ​ការងារ​ តាម​ស្មារតី​លិខិត​លេខ​៦៣៧​ស​ជ​ណ​.​អ​វ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​រួច​ម្តង​ ។​ ប៉ុន្តែ​ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​ដូចនេះ​ មាន​រយៈពេល​ជិត​៣​ឆ្នាំទៅ​ហើយ​ គឺ​ក្រសួងយុត្តិធម៌​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​មាន​បុរស​ខ្លាំង​ជា​ប្រមុខ​ មិន​ទាន់​បាន​តាក់តែង​ច្បាប់​ស្តី​ពី​ការ​បង្កើត​តុលាការ​ការងារ​ឲ្យ​ចេញ​ជា​រូបរាង​នៅឡើយ​ មាន​ន័យ​ថា​ បាន​ត្រឹម​បោកប្រាស់​មេដឹកនាំ​សហជីព​ឲ្យ​ទន់​ចិត្ត​រង់ចាំ​លទ្ធផល​សូន្យ​តែ​ប៉ុណ្ណោះ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ចាប់តាំងពី​ឆ្នាំ​២០១៣​តរៀង​មក​ រាល់ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ ខែឧសភា​ ម្តងៗ​ គឺ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែង​បាន​ធ្វើ​ញត្តិ​ និង​សេចក្តីថ្លែងការណ៍​ស្នើ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ជំរុញ​ឲ្យ​មានការ​បង្កើត​តុលាការ​ការងារ​មួយ​ដែល​មាន​ឯករាជ្យ​ភាព​ និង​មាន​សមត្ថភាព​វិជ្ជាជីវៈ​ ដើម្បី​ដោះស្រាយ​រាល់​វិវាទ​ការងារ​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ជា​និច្ច​ ប្រយោជន៍​ផ្តល់​នូវ​ភាព​កក់ក្តៅ​ និង​ជំនឿ​ទុកចិត្ត​ដល់​កម្មករ​ និយោជិត​ ដ្បិត​តុលាការ​អាជ្ញា​គតិ​បច្ចុប្បន្ន​សម្រេចសេចក្តី​មិនសូវ​បាន​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​កម្មករ​ និយោជិត​ឡើយ​ ហើយ​បែរ​បាន​សម្រេច​ដាក់​សម្ពាធឲ្យរឹតតែធ្ងន់ធ្ងរ​ថែម​លើ​កម្មករ​ និយោជិត​ទៅ​វិញ​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ អនុលោម​តាម​បញ្ញត្តិ​មាត្រា​៣៨៧​ និង​មាត្រា​៣៨៨​ នៃ​ច្បាប់​ស្តី​ពី​ការងារ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ជ​ស​/​រកម​/០៣៩៧/០១​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​១៩៩៧​ បាន​ចែង​ថា​ "​ត្រូវ​បង្កើត​តុលាការ​ការងារ​ដែល​ត្រូវ​ទទួល​ជំនុំជម្រះ​វិវាទ​បុគ្គល​ដែល​កើតឡើង​រវាង​កម្មករ​ និយោជិត​ និង​និយោជក​ ដោយ​មក​ពី​ការ​ប្រតិបត្តិ​កិច្ចសន្យាការងារ​ ឬ​កិច្ចសន្យា​ហ្វឹកហ្វឺន​កូនជាង​ ។​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​តុលាការ​ការងារ​នឹង​ត្រូវ​កំណត់​ដោយ​ច្បាប់​ ។​ "​ ។​

​បច្ចុប្បន្ន​ គិត​ចាប់តាំងពី​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ឲ្យ​ប្រើ​នា​ខែមីនា​ ឆ្នាំ​១៩៩៧​មក​ មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ​ គឺ​តុលាការ​ការងារ​មិន​ទាន់​បង្កើត​ចេញ​នៅឡើយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ រាជរដ្ឋាភិបាល​របស់​បុរស​ខ្លាំង​គ្មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បង្កើត​តុលាការ​ការងារ​ឲ្យ​ចេញ​ជា​រូបរាង​នោះ​ទេ​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​ផុត​ទៅ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.