រឿងអាស្រូវពាក់ព័ន្ធនឹងការនាំចូលជីធម្មជាតិប្រមាណ៣០តោន(អាជ្ញាប័ណ្ណផ្តល់ឲ្យនាំចូលចំនួន៨០តោន) ដោយក្រុមហ៊ុនឯកជនមួយឈ្មោះ ប៉ែន លឹម ត្រេឌីង គ្រុប ក្លាយជាកាកសំណល់កន្ទុយបារី ប៉ះពាល់ដល់សុខភាពមនុស្ស និងជាប់ឈ្មោះជាជីក្លែងក្លាយ យកមកដាក់ពង្រាយនៅក្នុងទីតាំងខេត្តនៃព្រះរាជាណាចក្រកម្ពុជាចំនួនយ៉ាងតិច គឺខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ដោយមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រី កាលពីពាក់កណ្តាលឆ្នាំ២០១៤កន្លងទៅ ហើយត្រូវបានបែកធ្លាយនាដើមឆ្នាំ២០១៥នេះមិនទាន់ចប់នៅឡើយទេ ដ្បិតមេខ្លោងនាំចូលជីធម្មជាតិក្លែងក្លាយទៅជាកាកសំណល់កន្ទុយបារីរាប់សិបតោន គឺឈ្មួញឈ្មោះ ប៉ែន លឹម នាយកក្រុមហ៊ុនប៉ែន លឹម ត្រេឌីង គ្រុប និងមន្ត្រីសមគំនិតមិនទាន់ទទួលបានការផ្តន្ទាទោសតាមច្បាប់ ខណៈកាកសំណល់កន្ទុយបារីទាំងនោះក៏មិនទាន់យកចេញពីទឹកដីកម្ពុជាដែរ តែបានត្រឹមដឹកជញ្ជូនចល័តពីខេត្តសៀមរាបប្រមាណ១០តោន ជម្លៀសយកទៅទុកនៅខេត្តឧត្តរមានជ័យឲ្យគ្រប់ចំនួនប្រមាណ៣០តោនប៉ុណ្ណោះ ។
តាមការបញ្ជាក់របស់លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ខាងភាគីក្រុមហ៊ុននាំចូលជីក្លែងក្លាយនោះ បានចាប់ផ្តើមដឹកជញ្ជូនជីមានកន្ទុយបារីនេះប្រមាណ១០តោនចេញពីសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបហើយ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ម្សិលមិញ តាមការបង្គាប់បញ្ជារបស់អាជ្ញាធរ ដោយយកទៅរក្សាទុកនៅខេត្តឧត្តរមានជ័យវិញ ។
សូមរំលឹកជូនថា យោងតាមពាក្យសុំចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ របស់លោក ប៉ែន លឹម នាយកក្រុមហ៊ុនប៉ែន លឹម ត្រេឌីង គ្រុប នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ អនុញ្ញាតឲ្យក្រុមហ៊ុននេះនាំចូលជីធម្មជាតិចំនួន៨០តោនពីប្រទេសអ៊ុយក្រែន តាមមាត់ច្រកកំពង់ផែខេត្តព្រះសីហនុមកកាន់ព្រះរាជាណាចក្រកម្ពុជា មានសុពលភាពរយៈពេល១ឆ្នាំរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ។
នៅពេលក្រុមហ៊ុន ប៉ែន លឹម ត្រេឌីង គ្រុប ទើបនាំចូលជីធម្មជាតិតាមការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមាណ៣០តោននោះ(១០តោនយកទៅខេត្តសៀមរាប និង២០តោនយកទៅទុកនៅខេត្តឧត្តរមានជ័យ) ក៏បែកធ្លាយរឿងអាស្រូវក្លាយជាកាកសំណល់កន្ទុយបារី មានក្លិនមិនល្អ បង្កការប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សទៅវិញ ហើយជាប់ឈ្មោះជា"ជីក្លែងក្លាយ"ទៀតផង ។ ក្រោយផ្ទុះរឿងអាស្រូវភ្លាមៗ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយសម្រេចលុបចោលលិខិតអនុញ្ញាតនាំចូល នាំចេញជីកសិកម្មរបស់ក្រុមហ៊ុន ប៉ែន លឹម ត្រេឌីង គ្រុប យ៉ាងតក់ក្រហល់ផងដែរ ស្របពេលនឹងមានលេចឮព័ត៌មានរួច ឈ្មួញឈ្មោះ ប៉ែន លឹម និងមន្ត្រីពុករលួយពាក់ព័ន្ធមួយចំនួនកំពុងខ្នះខ្នែងប្រឹងប្រែងរត់ការឲ្យបានរួចខ្លួនផុតពីសំណាញ់ច្បាប់ ។
អនុលោមតាមមាត្រា១០៩ ចំណុចទី៤នៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១១២/០០៥ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ បានចែងថា "ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ខែទៅ១ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន៥លានរៀលទៅ១០លានរៀល ចំពោះបុគ្គលណាដែលប្រព្រឹត្តក្លែងបន្លំសមាសធាតុ ឬមានសមាសធាតុផ្សេងពីការអះអាងនៅពេលស្នើសុំការចុះបញ្ជី ឬផលិតផលជីកសិកម្មក្រៅបមាណីយ ។ " ។
ដូច្នេះ ជុំវិញរឿងអាស្រូវការនាំចូលជីធម្មជាតិរបស់ក្រុមហ៊ុន ប៉ែន លឹម ត្រេឌីង គ្រុប ដែលមានលោក ប៉ែន លឹម ជានាយកក្រុមហ៊ុន ក្លាយជាកាកសំណល់កន្ទុយបារី ឬជាជីក្លែងក្លាយ បង្ខូចកិត្យានុភាពប្រទេសកម្ពុជាឲ្យជាប់ឈ្មោះជា"ធុងសំរាម"នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខរាជរដ្ឋាភិបាល មិនត្រូវបណ្តែតបណ្តោយឲ្យឈ្មួញឈ្មោះ ប៉ែន លឹម និងក្រុមមន្ត្រីសមគំនិតពុករលួយពាក់ព័ន្ធបានរួចខ្លួនគេចផុតពីការផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត ៕