ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

អ្នកជំងឺ​ម្នាក់​ស្លាប់​នៅ​ក្នុង​”​គ្លីនិក​សុខភាព​”​ដោយ​កំហុស​របស់​ពេទ្យ​ តែ​ម្ចាស់​គ្លីនិក​បង់ថ្លៃ​៥.០០០​ដុល្លារ​ជា​ថ្នូរ​ដើម្បី​បញ្ចប់រឿង​

​បុរស​ម្នាក់​ឈ្មោះ​ យន់​ សុធា​ អាយុ​៣៣​ឆ្នាំ​ មានមុខរ​បរជា​ជាងភ្លើង​ រស់នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​គួរ​ឲ្យ​សោកស្តាយ​ នៅ​ក្នុង​មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​មួយ​ឈ្មោះ​ "​គ្លីនិក​សុខភាព​"​ ឈរឈ្មោះ​ដោយ​លោក​វេជ្ជបណ្ឌិត​ លី​ ទីង​ ឋិត​នៅ​ទីតាំង​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បន្ទាប់​ពី​មាន​អាកា​រៈ​ឈឺក្បាល​ និង​តឹង​ណែន​ដើមទ្រូង​ ហើយ​ចូល​ទៅ​ឲ្យ​គ្លីនិក​ឯកជន​នេះ​ពិនិត្យ​ព្យាបាល​ជំងឺ​ ត្រូវ​គ្រូពេទ្យ​ចាត់ការ​ព្យួរសេរ៉ូម​ នៅ​វេលា​ម៉ោង​០៩​និង​២៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ខណៈ​ក្រោយ​មាន​ហេតុការណ៍​ដ៏​សោកសៅ​នេះ​ភ្លាមៗ​ ម្ចាស់​គ្លីនិក​បាន​ព្យាយាម​ប្រញាប់ប្រញាល់​បញ្ជូន​សាកសព​អ្នកជំងឺ​ចេញ​ភ្លាមៗ​ ដោយ​គ្មាន​ការ​ធ្វើ​កំណត់ហេតុ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ជំនាញ​ឡើយ​ រួម​ទាំង​ប្រមូល​សម្បក​ថ្នាំ​ និង​សេរ៉ូម​វេច​ខ្ចប់​លាក់​ទុក​ ក្នុង​គោលបំណង​បំបាត់​ព័ស្តុតាង​ ។​

​សាច់ញាតិ​របស់​បុរស​រង​គ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ភរិយា​ឈ្មោះ​ ប៉ែន​ សុខុម​ និង​មានកូន​ចំនួន​២​នាក់​រស់នៅ​ក្នុង​បន្ទុក​ ។​ ដំបូង​ឡើយ​បុរស​រង​គ្រោះ​មាន​អាកា​រៈ​ឈឺក្បាល​ តឹង​ណែន​ដើមទ្រូង​ពិបាក​ក្នុង​ខ្លួន​ រួច​ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​គ្លីនិក​សុខភាព​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ ។​ ក្រោយ​ការ​សាក​សួរនាំ​រួច​ ក្រុម​គ្រូពេទ្យ​បាន​វាស់​ស្ទង់​សម្ពាធ​ឈាម​ និង​បូម​ថ្នាំ​បញ្ចូល​គ្នា​ជា​ច្រើន​មុខ​ចាក់​ក្នុង​សេរ៉ូម​ព្យួរ​ឲ្យ​ជន​រង​គ្រោះ​តែ​ម្តង​ ។​ មិន​ដល់​០៥​នាទី​ស្រួលបួល​ផង​ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ប្រកាច់​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្តាយ​ និង​ភ្ញាក់ផ្អើល​ទាំង​ដៃ​ព្យួរសេរ៉ូម​ ហើយ​ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​បង្ខំ​ឲ្យ​សាច់ញាតិ​នៃ​សព​ប្រញាប់ប្រញាល់​យក​សាកសព​ចេញពី​គ្លីនិក​ និង​ព្យាយាម​យក​សម្បក​ថ្នាំ​ ព្រមទាំង​សេរ៉ូម​វេច​ខ្ចប់​លាក់​ទុក​យ៉ាង​រួសរាន់​ ។​

​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពេល​បញ្ជូន​សាកសព​មក​ដល់​លំនៅ​ឋាន​ជន​រង​គ្រោះ​វិញ​ ខាង​ម្ចាស់​គ្លីនិក​សុខភាព​នោះ​មិន​បង្ហាញ​អំពី​ជំហរ​ទទួលខុសត្រូវ​ទេ​ គឺ​ទាល់តែ​សាច់ញាតិ​ជន​រង​គ្រោះ​ដា​ចក់​ពាក្យ​ប្តឹង​ទើប​ខាង​ភាគី​គ្លីនិក​មក​ចរចា​សម្រុះសម្រួល​បង់ថ្លៃ​សំណង​ចំនួន​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ធ្វើ​បុណ្យសព​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សាច់​រឿងអាស្រូវ​នេះ​ ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ ទោះបី​ខាង​ម្ចាស់​គ្លីនិក​សុខភាព​ និង​សាច់ញាតិ​នៃ​សព​ព្រមព្រៀង​គ្នា​បញ្ចប់​សាច់​រឿង​ត្រឹម​ការ​បង់លុយ​រួច​ហើយ​ក្តី​ ក៏​ខាង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ ជា​តំណាង​អយ្យការ​បាន​និង​កំពុង​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ស៊ើបអង្កេត​សំណុំរឿង​អ្នកជំងឺ​ស្លាប់​នៅ​ក្នុង​គ្លីនិក​សុខភាព​ ដោយ​កំហុសឆ្គង​របស់​ពេទ្យ​នេះ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​និយាយ​របៀប​ចំអក​ថា​ លោក​វេជ្ជបណ្ឌិត​ លី​ ទីង​ ឈរឈ្មោះ​បើក​គ្លីនិក​ឯកជន​ឈ្មោះ​ "​គ្លីនិក​សុខភាព​"​ បែរជា​មិន​ត្រឹមតែ​ក្រុម​គ្រូពេទ្យ​ប្រចាំ​គ្លីនិក​នេះ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​អ្នកជំងឺ​ខូចខាត​សុខភាព​ទេ​ គឺ​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.