ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

មេធាវី​ការពារ​សិទ្ធិ​ម្ចាស់​ហ៊ុន​តិច​”​ឆេះដុំ​”​គំរាម​ប្តឹង​មេធាវី​ការពារ​សិទ្ធិ​ម្ចាស់​ហ៊ុន​ច្រើន​ បង្ក​ការ​ភ្ញាក់ផ្អើល​ក្នុង​រឿង​ក្តី​សណ្ឋាគារ​ Victoria​ Angkor

​សវនាការ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​នៃ​សណ្ឋាគារ​ Victoria​ Angkor​ Resort​ &​ Spa​ លើ​ករណី​រំលោភ​ទំនុកចិត្ត​នៅ​សាលាដំបូង​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​២២-២៣​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​បង្ក​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ ដោយសារ​ក្នុង​អង្គ​សវនាការ​ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ម្ចាស់​ភាគហ៊ុន​តិច​បំផុត​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ច្រឡោត​"​ឆេះដុំ​"​គំរាម​ប្តឹង​ទៅ​លើ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ច្រើន​បំផុត​ជា​ជន​ត្រូវ​ចោទ​ ។​

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​ខេត្តសៀមរាប​ និង​ពី​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​សណ្ឋាគារ​ Victoria​ Angkor​ នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​លើក​ឡើង​របស់​លោក​មេធាវី​ កៅ​ ស៊ូ​ផា​ អត្តលេខ​១២៣​ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ជនជាតិ​បារាំង​ឈ្មោះ​ Francois​ Gontier​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Victoria​ Angkor​ Company​ Limited​ និង​ជា​ម្ចាស់​ភាគហ៊ុន​ច្រើន​បំផុត​ដែល​ថា​ ឈ្មោះ​ Pierre​ Ader​ ជនជាតិ​បារាំង​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ជា​ម្ចាស់​ភាគហ៊ុន​តិច​បំផុត​លែង​ជា​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Victoria​ Angkor​ នៅ​ក្នុង​អង្គ​សវនាការ​មាន​លោក​ គី​ ប្ញ​ទ្ធី​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ជា​តំណាង​អយ្យការ​នោះ​ ធ្វើ​ឲ្យ​ឯកឧត្តម​មេធាវី​ ឡុ​ង​ ដា​រ៉ា​ អត្តលេខ​២២៧​ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ​ Pierre​ Ader​ ច្រឡោត​"​ឆេះដុំ​"​ ឲ្យ​កូនក្តី​របស់​ខ្លួន​ប្តឹង​ទៅ​លើ​លោក​មេធាវី​ កៅ​ ស៊ូ​ផា​ ។​

​តាម​ឯកសារ​ជា​ព័ស្តុតាង​ដែល​សារព័ត៌មាន​ដើម​ត្នោត​ទទួល​បាន​ គឺ​បង្ហាញ​ថា​ លោក​ Pierre​ Ader​ បាន​សុំ​លាលែង​ពី​អភិបាល​ក្រុមហ៊ុន​ Victoria​ Angkor​ តាំងពី​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០០៥​មក​ម្ល៉េះ​ និង​ម្យ៉ាងទៀត​យោង​តាម​លិខិត​លេខ​២៦៣២/០៩​ គ​.​វ​.​ក​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ទទួលស្គាល់​សមាសភាព​ក្រុមប្រឹក្សាភិបាល​ថ្មី​របស់​ក្រុមហ៊ុន​ Victoria​ Angkor​ ចំនួន​៣​នាក់​ គឺ​លោក​ Francois​ Gontier,​ លោក​ Frederic​ Doulcet​ និង​លោក​ Bernard​ Ganthier​ ដោយ​គ្មាន​ឈ្មោះ​ Pierre​ Ader​ ឡើយ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ទៀត​ថា​ ភាគហ៊ុន​ចំនួន​២%​របស់​លោក​ Pierre​ Ader​ ក្នុង​ក្រុមហ៊ុន​ Victoria​ Angkor​ នោះ​បាន​លក់​ឲ្យ​ទៅ​ឯកឧត្តម​ អ៊ា​ង​ សុ​ផា​ល្លែ​ត​ ជា​មន្ត្រី​ស្និទ្ធ​នឹង​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាត់​ទៅ​ហើយ​ ។​

​មិន​ទាន់​បានដឹង​ថា​ លោក​មេធាវី​ ឡុ​ង​ ដា​រ៉ា​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧​ផង​ ជា​មេធាវី​រាជរដ្ឋាភិបាល​មាន​ងារ​ជា​ "​ឯកឧត្តម​"​ ផង​ និង​ជា​មេធាវី​ពេញ​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ផង​ ដែល​គំរាម​ឲ្យ​កូនក្តី​របស់​ខ្លួន​ប្តឹង​លោក​មេធាវី​ កៅ​ ស៊ូ​ផា​ នោះ​ នឹង​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​នៅ​ពេល​ណា​ និង​ប្តឹង​ពី​បទ​អ្វី​នៅឡើយ​ទេ​ ដ្បិត​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​តាម​ទូរស័ព្ទ​បាន​ទេ​ត្រឹម​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ ។​

​ដោយឡែក​ លោក​មេធាវី​ កៅ​ ស៊ូ​ផា​ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ដើម​ត្នោត​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា​ "​លោក​មេធាវី​ ឡុ​ង​ ដា​រ៉ា​ ពិតជា​បាន​គំរាម​ថា​ នឹង​ឲ្យ​កូនក្តី​របស់​លោក​ប្តឹង​រូប​ខ្ញុំ​ក្នុង​អង្គ​សវនាការ​មែន​ ។​ ខ្ញុំ​មិន​ចង់​ឮ​ពាក្យ​គំរាម​ទេ​ គឺ​ស្វាគមន៍​ឲ្យ​មានការ​ប្តឹង​ជា​ផ្លូវការ​តែ​ម្តង​ ពីព្រោះ​ខ្ញុំ​មិន​ញ៉ម​នឹង​ការ​ប្តឹង​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បាន​ប្រព្រឹត្ត​នូវ​កំហុស​អ្វី​ដែរ​ ។​ "​ ។​

​សារព័ត៌មាន​ដើម​ត្នោត​នឹង​ធ្វើការ​ចុះ​ផ្សាយ​លំអិត​អំពី​ដំណើរ​សាច់​រឿង​ប្តឹងផ្តល់​គ្នា​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​លើ​ទំនុកចិត្ត​ រវាង​ម្ចាស់​ភាគហ៊ុន​តិច​បំផុត​ និង​ម្ចាស់​ភាគហ៊ុន​ច្រើន​បំផុត​នៃ​សណ្ឋាគារ​ Victoria​ Angkor(​ម្ចាស់​ភាគហ៊ុន​តិច​បំផុត​ជា​អ្នក​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​ភាគហ៊ុន​ច្រើន​បំផុត​)​ ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ និង​ពិចារណា​នៅ​ពេល​ក្រោយ​ទៀត​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.