ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដន្លងដងស្នែង​បុរស​ខ្លាំង​ស្ពាយ​អំណាច​គ្រប់គ្រង​ធនធាន​ប្រេងកាត​នៅ​តំបន់​ត្រួត​គ្នា​កម្ពុជា​-​ថៃ​

​ថ្វី​ដ្បិត​អំណាច​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​កាត់​បន្ថយ​មួយ​ចំនួន​នា​អាណត្តិ​ទី​៥​រាជរដ្ឋាភិបាល​នេះ​ ដូច​ជា​ក្នុង​វិស័យ​តុលាការ​ និង​វិស័យ​អប់រំ​ ព្រមទាំង​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ (​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ដែល​បាន​បង្កើត​ឡើង​នា​ដើមឆ្នាំ​១៩៩៨​ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ត្រូវ​បាន​ផ្ទេរ​ និង​ធ្វើ​សមាហរណកម្ម​ឲ្យ​ឋិត​នៅ​ក្រោម​ក្រសួង​រ៉ែ​ និង​ថាមពល​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៤០១​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣)​ក៏​ដោយ​ ក៏​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដែល​ជាប់​ឈ្មោះ​ជា​មន្ត្រី​មាន​ដៃ​ច្រើន​ជាង​ព្រះ​នារាយណ៍​នោះ​ បាន​ស្ពាយ​អំណាច​តាម​ខ្លួន​លើ​ការ​គ្រប់គ្រង​ធនធាន​ប្រេងកាត​នៅ​តំបន់​ត្រួត​គ្នា​កម្ពុជា​-​ថៃ​ដដែល​ ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ទទួល​បន្ទុក​ការ​កំណត់ព្រំដែន​ និង​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​ធនធាន​ប្រេងកាត​នៅ​ក្នុង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ​ ។​

​គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ទទួល​បន្ទុក​ការ​កំណត់ព្រំដែន​ និង​ការ​អភិវឌ្ឍ​រួម​គ្នា​លើ​ធនធាន​ប្រេងកាត​នៅ​ក្នុង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ប្រធាន​នោះ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​សេចក្តីសម្រេច​លេខ​១៤៨​សសរ​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤​ ។​ គណៈកម្មាធិការ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​មូលនិធិ​ដែល​ជា​ចំណូល​ពី​វិស័យ​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ តែ​មាន​ទីស្នាក់ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ មាន​ន័យ​ថា​ ទោះបី​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ត្រូវ​បាន​ផ្ទេរ​ និង​សមាហរណកម្ម​ឲ្យ​ឋិត​នៅ​ក្រោម​ក្រសួង​រ៉ែ​ និង​ថាមពល​ មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​នាយក​រដ្ឋមន្ត្រី​រួច​ហើយ​ក៏​ដោយ​ ក៏​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ អាច​ស្ពាយ​អំណាច​តាម​ខ្លួន​លើ​ការ​គ្រប់គ្រង​ធនធាន​ប្រេងកាត​នៅ​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ​យ៉ាង​រំភើយ​ ខណៈ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ត្រឹម​បាន​ធ្វើ​ជា​អនុប្រធាន​គណៈកម្មាធិការ​ប៉ុណ្ណោះ​ ។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៣​ឲ្យ​ដឹង​ថា​ នៅ​តំបន់​ត្រួត​គ្នា​ក្នុង​ដែនសមុទ្រ​កម្ពុជា​-​ថៃ​ ត្រូវ​បាន​អ្នកឯកទេស​វាយតម្លៃ​ថា​ មាន​ធនធាន​ប្រេង​ច្រើន​ជាងគេ​ បើ​ធៀប​នឹង​តំបន់​នានា​ក្នុង​ដែនសមុទ្រ​កម្ពុជា​ ។​ លើស​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ ឲ្យ​ដឹង​ដែរ​ថា​ កម្ពុជា​អាច​នឹង​ទទួល​បាន​ចំណូល​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ ប្រសិនបើ​ការ​បូម​ប្រេងកាត​នៅ​ប្លុក​ A​ បាន​សម្រេច​ និង​មានការ​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ប្រេង​ Chevron​ ។​

​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ធ្លាប់​បាន​ធ្វើការ​ព្យាករណ៍​ទុក​ថា​ កម្ពុជា​នឹង​អាច​ទទួល​បាន​ចំណូល​ប្រេង​ប្រចាំឆ្នាំ​កើនឡើង​ដល់​១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២១​ខាង​មុខ​ ។​ ជាមួយ​គ្នា​នេះ​ លោក​ ឆាយ​ សា​រ៉េ​ត​ នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ធនធាន​ប្រេងកាត​នៅ​កម្ពុជា​អាច​ធ្វើ​អាជីវកម្ម​បាន​រយៈពេល​៣០​ឆ្នាំ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ប្រកាស​ជា​សាធារណៈ​របស់​បុរស​ខ្លាំង​កាលពី​អំឡុង​ខែកក្កដា​ ឆ្នាំ​២០១១​កន្លង​ទៅ​ ដែល​ថា​ "​កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន​នៅ​វេលា​ម៉ោង​១២​ នា​ថ្ងៃ​ទី​១២​ ខែ​១២(​ធ្នូ​)​ ឆ្នាំ​២០១២"​ បាន​រលាយ​សាបសូន្យ​គ្មាន​ន័យ​ខ្លឹមសារ​ឡើយ​ ខណៈ​ក្រុមហ៊ុន​ប្រេង​ Chevron​ របស់​សហរដ្ឋអាមេរិក​បាន​បោះបង់​សិទ្ធិ​រុករក​ និង​ធ្វើ​អាជីវកម្ម​បូម​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា​ ព្រមទាំង​បាន​សម្រេច​លក់​គម្រោង​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​ប្រេង​ប្រទេស​សិង្ហ​បុរី​មួយ​ឈ្មោះ​ Kris​ Energy​ ក្នុង​តម្លៃ​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លង​ទៅ​បាត់​ទៅ​ហើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.