ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបារាំងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ម្សិលមិញនេះ របស់លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានដាក់សំណើបញ្ជាទិញយន្តហោះចម្បាំងធុន RAFALE ចំនួន៣៦គ្រឿង ទៅលោក Francois Hollande ប្រធានាធិបតីបារាំង។
លោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងបានថ្លែងឲ្យដឹងថា មន្ត្រីពាក់ព័ន្ធនៃភាគីប្រទេសទាំង២ (ឥណ្ឌា-បារាំង) បានសិក្សាលើបញ្ហាការបញ្ជាទិញយន្តហោះចម្បាំងរបស់ឥណ្ឌាពីប្រទេសបារាំងនេះហើយៗនៅពេលខាងមុខឆាប់ៗលោកនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីបញ្ចប់កិច្ចការងារឈានទៅចុះកិច្ចសន្យាជាមួយគ្នាតែម្តង។
គម្រោងការបញ្ជាទិញយន្តហោះចម្បាំងធុន RAFALE ចំនួន៣៦គ្រឿង របស់ឥណ្ឌាពីបារាំងនេះ ឥណ្ឌាអាចនឹងចំណាយទឹកប្រាក់អស់ចំនួនប្រមាណ៤.០០០លានដុល្លារអាមេរិក។
គួររំលឹកជូនថា កាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ បារាំងបានលក់យន្តហោះចម្បាំងធុន RAFALE ចំនួន២៤គ្រឿង ឲ្យប្រទេសអេហ្ស៊ីបរួចហើយ៕