ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

កូន​ប៉េអឹម​តូចៗ​៦​នាក់ ត្រូវបាន​ឃុំខ្លួន​ក្នុងករណី​បាញ់ប្រហារ​រថយន្ត​ដឹកស្រូវ​ដ៏​សាហាវ ខណៈ​មេ​ប៉េអឹម​ខេត្ត​ត្រឹម​រង​ការស្តីបន្ទោស​

​ក្រោយ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ិន សុ​ផាន្នី មេបញ្ជាការរង និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បិទ​បញ្ចប់​ការស៊ើបអង្កេត​ស្រាវជ្រាវ​ក្នុងករណី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​បាញ់ប្រហារ​ទៅលើ​រថយន្ត​ដឹកស្រូវ​១​គ្រឿង​ដ៏​សាហាវ ព្រមទាំង​ប្រើ​អំពើហិង្សា​យ៉ាង​ទារុណ​លើ​បុរស​២​នាក់ ជា​អ្នកបើកបរ​រថយន្ត និង​កម្មករ​ព្រូឡាន តាម​រូបភាព​វាយដំ និង​យក​ជើង​ជាន់​ក្បាល​សង្កត់​លើដី​ទាំង​ជាប់​ចំណង​ស្លាបសេក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​រាត្រី​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០១៥​កន្លងទៅ នៅត្រង់ចំណុច​ក្បែរ​រង្វង់​មូល ស្វាយ​អ​ន្ទ​រ ភូមិ​ធ្នង់ ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នោះ គឺ​មានកូន​ប៉េអឹម (​អាវុធហត្ថ​) តូចៗ​ចំនួន​៦​នាក់ ត្រូវបាន​ព្យួរការងារ​ជា​បណ្តោះអាសន្ន និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​សាលាដំបូង​ខេត្តព្រៃវែង ខណៈ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង បាន​ត្រឹម​ទទួលរង​ការដាក់វិន័យ​ស្តីបន្ទោស​ប៉ុណ្ណោះ​។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ថ្នាក់​តូចៗ​ចំនួន​៦​នាក់ រួមមាន​៖ ១- លោក វ៉ន ពឿ​ន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​, ២- លោក ស្រ៊ុន បូរ៉ា​, ៣- លោក កង ចិ​ត្រា​, ៤- លោក យិន ឡុង ប្រធាន​ស្នាក់ការ​សន្តិសុខ​៨០៨ ខេត្តព្រៃវែង​, ៥- លោក វួ​ន សុ​ភី និង ៦- លោក ផូ វិរាម ដែល​ទទួលរង​ការ​ព្យូ​រ​ការងារ​បណ្តោះអាសន្ន និង​បញ្ជូន​សំណុំរឿង​មក​តុលាការ ត្រូវបាន​លោក ហេង សុខ​ជា ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​រួចហើយ កាលពី​វេលា​ល្ងាច​នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​លើ​ប្រជាពលរដ្ឋ​។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​សំណុំរឿង​អំពើហិង្សា​ដ៏​ភ្ញាក់ផ្អើល​បង្កដោយ​កងកម្លាំង​អាវុធហត្ថ​ជាម​ន្ត្រី​សាធារណៈ​ខាងលើនេះ បាន​សម្តែង​នូវ​ការខកចិត្ត​ចំពោះ​វិធានការ​ផ្លូវច្បាប់​ដែលមាន​តែ​លើ​កូន​ប៉េអឹម​តូចៗ​ចំនួន​៦​នាក់ រីឯ​មេ​ប៉េអឹម​ថ្នាក់​បញ្ជាការ​ខេត្ត​ដែលជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ថ្នាក់​ខេត្ត បែរជា​រួចខ្លួន​ត្រឹម​ទទួលរង​ការស្តីបន្ទោស​ប៉ុណ្ណោះ​ទៅវិញ​។ ម្យ៉ាងទៀត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក៏​មិនទាន់​ឃើញ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ដែលមាន​ការពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បាញ់ប្រហារ​រថយន្ត​ដឹកស្រូវ​ដ៏​ព្រៃផ្សៃ​ដែរនោះ​នៅឡើយ​ទេ​៕​

PM-Letter-10 PM-Letter-6 PM-Letter3

Filed in: តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.