ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំមមែ​ សប្តស័ក​ ព​.​ស​ ២៥៥៩​ គ​.​ស​ ២០១៥

​សុភមស្តុ​ !​ វរ​ម​ង្គ​លាជ​យា​តិ​រេ​ក​

​ព្រះពុទ្ធ​សករាជ​ ព្រះ​សាសនា​ អតិ​កន្តា​ កន្លង​ទៅ​ហើយ​ បាន​២៥៥៨​ ត្រឹម​ថ្ងៃ​១៥​កើត​ ខែ​ពិសាខ​ លុះដល់​ថ្ងៃ​១​រោច​ ខែ​ពិសាខ​ ឆ្នាំមមែ​ សប្តស័ក​ តទៅ​ចូល​ពុទ្ធសករាជ​២៥៥៩​ ។​

​នឹង​គណនា​ឆ្នាំមមែ​ឥឡូវនេះ​ សង្ក្រាន្ត​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ ១១​រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ គ​.​ស​ ២០១៥​ វេលា​ម៉ោង​១៤​និង​០២​នាទី​រសៀល​ ។​

​ពេល​នោះ​ ព្រះអាទិត្យ​ចេញពី​មីនរាសី​ ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោ​វិ​ថី​ គឺ​ផ្លូវ​កណ្តាល​ ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះ​នាម​ រា​គ្យ​សៈ​ទេវី​ ជា​បុត្រី​ទី​៣​នៃ​កបិល​មហាព្រហ្ម​ គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា​ ទ្រង់​អម្ពរ​ពណ៌​ខ្មៅ​ លំអ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ឈូក​ អ​ភ​រណៈ​ទ្រង់​ពាក់​កែវ​មនោ​រា​ ភក្សាហារ​ ទ្រង់​សោយ​លោហិត​  ព្រះ​ហស្ត​ស្តាំ​ទ្រង់​ត្រីសូល៍​ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ធ្នូ​ ទ្រង់​គង់​លើ​ខ្នង​អស្សតរ​ (​សេះ​)​ ជា​ពាហនៈ​ រួច​នាំ​អស់​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធ​ម្មាលី​នាទី​ភ្នំ​កៃលាស​ ខេត្ត​ហិម​ពា្ត​ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម​ ដែល​តម្កល់​លើ​ពានមាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ​តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី​ (២៤​ម៉ោង​)​ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​ ហើយ​ប្រជុំ​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ ចូល​ទៅ​ស្រង់ទឹក​អា​នោ​ត​ត្ត​មហា​ស្រះ​ ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ​ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ក្នុង​ព្រះរាជ​ហ​ប្ញ​ទ័យ​ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ​ក្នុង​ភគវតី​សភា​សាលា​ ដែល​វិស្សកម្ម​ទេ​បុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ​ ហើយ​ចម្រើន​នូវ​សិរី​សួស្តី​ ជ័យ​មង្គល​ ជន្មាយុ​យឺនយូរ​ដល់​ទេវតា​ និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូល​មក​ដល់​នេះ​ បាន​ធូរ​ទូលំទូលាយ​ សុខក្សេមក្សាន្ត​តរៀង​ទៅ​ ។​

​ថ្ងៃ​អង្គារ​ ១១​រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ គ​.​ស​២០១៥​ វេលា​ម៉ោង​១៤​និង​០២​រសៀល​ ជា​ថ្ងៃ​ចូល​ឆ្នាំមមែ​ សប្តស័ក​ (​ថ្ងៃ​មហាសង្ក្រាន្ត​)​ ។​

​ថ្ងៃ​ពុធ​ ១២​រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមេសា​ គ​.​ស​២០១៥​ ជា​វារៈ​វ័ន​បត​ ។​

​ថ្ងៃ​ព្រហស្បតិ៍​ ១៣​រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែមេសា​ គ​.​ស​២០១៥​ នៅ​វេលា​ម៉ោង​១៨​និង​២១​នាទី​ ៣៦​វិនាទី​ ជា​វារៈ​ឡើងស័ក​ គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជាស​កល​ឆ្នាំមមែ​ សប្តស័ក​ ចុល្លសករាជ​១៣៧៧​ និង​មហាសករាជ​១៩៣៧​តទៅ​ ។​

​នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ​ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលីការ​គ្រឿង​សក្ការៈបូជា​អុជ​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ទទួល​ស្វាគមន៍​ទេវបុត្រ​ ទេវធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ៍​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន​ ព្យាបាទ​ ឈ្នានីស​ដែល​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​ តាំងចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ​មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា​ និង​បញ្ញា​ ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​ រក្សាសីល​៥​ឲ្យ​បាន​ជាប់​ជា​និច្ច​ នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ​ លោក​អ្នក​នឹង​មាន​សិរី​សួស្តី​ សុភមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​ ។​

​រណ្តាប់​ទទួល​ទេវតា​ ៖

​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​ ។​ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា​ទេវតា​ មាន​ជា​អាទិ៍​ បាយសី​៩​ថ្នាក់​១​គូ​ បាយសី​៧​ថ្នាក់​១​គូ​ បាយសី​៥​ថ្នាក់​១​គូ​ បាយសី​៣​ថ្នាក់​១​គូ​ បាយសី​ប៉ាឆា​ម​១​គូ​ ស្លាធម៌​១​គូ​ ទឹកអប់​១​គូ​ (​ទៀន​៥​ ធូប​៥)​ លាជ​៥​ ផ្កា​៥​ ដាក់​លើ​ជើងពាន​១​គូ​ ចេកនួន​ ចេកណាំវ៉ា​ ដាក់​លើ​ជើងពាន​១​គូ​ ផ្លែ​ឈើ​១១​មុខ​ រៀបចំ​ដាក់​លើ​ជើងពាន​១១​គូ​ ដូង​ឡៅ​១​គូ​ ទឹក​ស្អាត​២​កែវ​ ។ ស្រេច​ហើយ​ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​ នមស្សការ​ព្រះ​រតនត្រ័យ​ សមាទានសីល​ ហើយ​តាំងចិត្ត​ឲ្យ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង​ តម្កល់ចិត្ត​រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ជាទី​ពឹង​ ទីរ​ឮ​ក​ លុះ​ចប់​ពិធី​ទទួល​ទេវតា​ ។​

​ទំនាយ​ប្រចាំឆ្នាំ​ ៖

​កេណ្ឌ​ព្រះ​ពិរុណសាស្ត្រ​ ៖​ ឆ្នាំ​នេះ​ភព​អាទិត្យ​ ជា​អធិបតី​ ដឹកនាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្តេច​នាគ​ ហើយ​បាន​នាគ​៣​បង្អុរ​ទឹកភ្លៀង​ចំនួន​៤០០​មេ​ ដែល​ចែក​ចេញ​ជា​ ៖​ -​ចក្រ​វា​ឡ​១៦០​មេ​ -​ព្រៃ​ហិមពាន្ត​១២០​មេ​ -​មហាសមុទ្រ​៨០​មេ​ និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​៤០​មេ​ បណ្តាល​ឲ្យ​មាន​ទឹកភ្លៀង​ដើមឆ្នាំ​ កណ្តាល​ និង​ចុងឆ្នាំ​ភ្លៀង​ស្មើ​ល្អ​ ។​

​កេណ្ឌ​ធា​រា​ទិ​គុណ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​(១)​ ត្រូវ​ត្រង់​តេជោធាតុ​ចុះ​ ទំនាយ​ថា​ ភ្លើង​កាច​សាហាវ​ជាង​ឆ្នាំ​កន្លង​ទៅ​ ។​

​ទំនាយ​ទឹកទន្លេ​ ៖​ ឆ្នាំ​នេះ​ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណល់​៨​ ទំនាយ​ថា​ ទឹកទន្លេ​មាន​ជា​មធ្យម​ មិនធំ​ មិនតូច​ ។​

​កេណ្ឌ​ធ​ញ្ញា​ហារ​ ៖​ ឆ្នាំ​នេះ​មាន​កេណ្ឌ​៣​ មានឈ្មោះ​ថា​ មជ្ឈិម​ ទំនាយ​ថា​ ស្រូវ​ ដំណាំ​ ស្រែ​ចម្ការ​នឹង​បាន​ផល​ពាក់កណ្តាល​ ខូចខាត​អស់​ពាក់កណ្តាល​ ភោជនាហារ​បាន​ផល​ជា​មធ្យម​ ។​ ប្រជានុរាស្ត្រ​មាន​សេចក្តីសុខ​ខ្លះ​ ទុក្ខ​ខ្លះ​ស្មើគ្នា​ ។​

​ទំនាយ​ការ​ធ្វើស្រែ​៖​ ទំនាយ​កេណ្ឌ​ការ​ធ្វើស្រែ​មាន​សេស​(២)​ទំនាយ​ថា​ ស្រែ​ដី​ទំនាប​និង​ស្រែ​ដី​ទួល​បាន​ផល​ល្អ​ដូច​គ្នា​ទាំង​ពីរ​យ៉ាង​។​

​កេណ្ឌ​ព្រឹក្សា​ ៖​ ឆ្នាំ​នេះ​ត្រូវ​ចំ​សេស​២​ ត្រូវ​ត្រង់​ដើម​ល្វា​ជា​ស្តេច​ មាន​ទំនាយ​ថា​ មនុស្ស​ផង​ទាំងឡាយ​មាន​សេចក្តីសុខ​ក្សេមក្សាន្ត​ ។​

​កេណ្ឌ​ព្រះអាទិត្យ​ ៖​ ឆ្នាំ​នេះ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ដោយ​ជិះ​ដំរី​ ទំនាយ​ថា​ ភ្លើង​កាច​សាហាវ​ ស្រុក​នាម​នាគ​ធ្វើ​យុទ្ធ​សង្គ្រាម​នឹង​ស្រុក​នាម​គ្រុឌ​ និង​នាម​កណ្តុរ​ ។​

​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ ៖

​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​ ៖​ ថ្ងៃ​ចូល​ឆ្នាំ​ដែល​ជា​ថ្ងៃ​ទី​១​ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ ទំនាយ​ថា​ ឆ្នាំ​នេះ​នឹង​កើត​អន្តរាយ​កណ្តាល​ទីក្រុង​នូវ​មាន​ភ្លើង​ឆេះ​យ៉ាង​សាហាវ​ កើត​នូវ​ចោរ​ចិត្ត​កាច​ច្រើន​ឡើង​ មនុស្ស​នឹង​ប្រែជា​មានចិត្ត​អាក្រក់​ ហើយ​មាន​ជំងឺ​ដ​ម្កា​ត់​ច្រើន​ជាទី​បំផុត​ ។​ មនុស្ស​ផង​ទាំងឡាយ​នឹង​កើតទុក្ខ​សោក​ រោគ​ភ័យ​ស្លាប់​ព្រោះ​ជំងឺ​ និង​ព្រោះ​មាន​កល្ល​យុគ​សង្គ្រាម​ច្បាំង​គ្នា​ ។​ ផែនដី​នឹង​ស្ងួត​ហួតហែង​ ។​

​ទំនាយ​ថ្ងៃ​វ័ន​បត​ ៖​ ថ្ងៃ​កណ្តាល​ ត្រូវ​នឹង​ថ្ងៃ​ពុធ​ ទំនាយ​ថា​ ឆ្នាំ​នេះ​ស្រូវ​ អង្ករ​ ផ្លែ​ឈើ​មាន​តម្លៃ​ខ្ពស់​ មនុស្ស​ផង​ទាំងឡាយ​ត្រូវ​ក្តៅក្រហាយ​ចិត្តជា​ច្រើន​ ស្ត្រី​ទាំងឡាយ​នឹង​ត្រូវ​និរាស​ព្រាត់ប្រាស​ពី​ទីកន្លែង​ទៅ​រស់នៅ​ទី​ដទៃ​ផ្សេងៗ​ ។​

​ទំនាយ​ថ្ងៃ​ឡើង​ស័ក្តិ​ ៖​ ថ្ងៃ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ ទំនាយ​ថា​ ឆ្នាំ​នេះ​សមណៈ​ព្រហ្មា​ចា​រ្យ​នឹង​ប្រ​ណិ​ប​ត្តិ​ចូល​ចិត្ត​ដោយ​ធម៌​ដែរ​ប្រសើរ​វិសេស​ ។​

(​រៀបរៀង​ដោយ​ឯកឧត្តម​ អ៊ឹម​ បុរិន្ទ​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ អន្តរជាតិ​ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោ​រាស្ត្រ​ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​)​

 

Filed in: Feature, ព័ត៌មានជាតិ, អារ្យធម៌

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.