ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ចៅក្រម​ល្បីឈ្មោះ​ អាំង​ មាលតី​ មាន​សំណុំរឿង​២​ករណី​ឋិត​ក្នុង​ដៃ​មេ​ ACU

​យោង​តាម​របាយការណ៍​លេខ​១២៧៧​ខ​ប​ជ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១២​ របស់​ឯកឧត្តម​ ឧត្តមសេនីយ៍​ អ៊ុ​ង​ អឿ​ន​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្តី​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​វិនិយោគ​ដាំ​ដំណាំ​ល្ហុងខ្វង​ មាន​ទំហំ​ទឹកប្រាក់​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ ឋិត​នៅ​ភូមិ​ខ្លែង​ពណ៌​ និង​ភូមិ​ស្ល​ក្រាម​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ អនុវត្តន៍​គម្រោង​ដោយ​ក្រុមហ៊ុន​ International​ Green​ Energy​ Co.,​ Ltd.​ (IGE)​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ​ ខូ​អិ​ល​ធី​ឌី​នោះ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ធ្វើ​ចំណារ​បង្គាប់​ឲ្យ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់ការ​ករណី​នេះ​ជា​បន្ទាន់​ ។​

​ខ្លឹម​សារលិខិត​របាយការណ៍​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍​ អ៊ុ​ង​ អឿ​ន​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​គោរព​ជូន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា​ "​លោក​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ក្នុង​ចន្លោះ​នៃ​អាណត្តិ​ការងារ​ បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​ឯករាជ្យ​របស់​ខ្លួន​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​ (​ធ្លាប់​បាន​ទទួល​ការ​ព្រមាន​ពី​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​)​ ដោយ​ធ្វើការ​គំរាមកំហែង​ចេញ​បញ្ជា​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​(​កងរាជអាវុធហត្ថ​-​នគរបាល​)​តាម​ទំនើងចិត្ត​របស់​ខ្លួន​ ដោយ​គ្មាន​ការ​សុំ​យោបល់​ពី​មេបញ្ជាការ​ ឬ​ស្នងការ​នៃ​កម្លាំង​សមត្ថកិច្ច​ទាំង​២​នេះ​ទេ​ ។​ រាល់​សកម្មភាព​ទាំងឡាយ​របស់​បុគ្គល​រូប​នេះ​ មិន​ដែល​សុំ​យោបល់​សហការ​ និង​គោរព​សិទ្ធិ​អំណាច​គ្រប់គ្រង​រដ្ឋបាល​ដែនដី​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ឡើយ​ ។​…"​ ។​ ទាក់ទង​នឹង​របាយការណ៍​នេះ​ដែរ​ ក្រៅពី​សំណូមពរ​បុរស​ខ្លាំង​ឲ្យ​មានការ​ផ្ទេរ​តួនាទី​ ភារកិច្ច​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​ខេត្ត​ចេញពី​ខេត្តបន្ទាយមានជ័យ​នោះ​ ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ បាន​សង្កត់ធ្ងន់​ទៀត​ថា​ "​ប្រសិនបើ​បុគ្គល​រូប​នេះ​នៅ​តែ​បន្តការងារ​ក្នុង​ខេត្ត​តទៅ​ទៀត​នឹង​បង្ក​ការ​លំបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​ ។​"​ ។​

​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​មន្ត្រីជាន់ខ្ពស់​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ មិន​បាន​ចាត់ការ​ក្តៅ​គគុក​លើ​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ តាម​ចំណារ​របស់​បុរស​ខ្លាំង​ឡើយ​ ហើយ​បែរ​បាន​ក្លាយជា​មិត្តភក្តិ​ស្និទ្ធស្នាល​ជាមួយ​លោក​ចៅក្រម​ អាំង​ មាលតី​ តាំងពី​ពេល​នោះ​មក​ទល់​បច្ចុប្បន្ន​ទៅ​វិញ​ ។​

​លុះ​មក​ដល់​ដើមឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រោយ​ពេល​បាន​ផ្ទេរ​ភារកិច្ច​ពី​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ដល់​១​ឆ្នាំ​ផង​នោះ​ លោក​ចៅក្រម​ អាំង​ មាលតី​ ស្រាប់តែ​មាន​សំណុំរឿង​អាស្រូវ​ធ្លាក់​ក្នុង​ដៃ​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ មេ​ ACU​ មួយទៀត​ ពាក់ព័ន្ធ​នឹង​ករណី​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ ចំរើន​ និង​ឈ្មោះ​ កែវ​ សារី​ ជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មាន​ភាព​មិន​ប្រក្រតី​ ធ្វើ​ឲ្យ​ផ្អើល​ដល់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ប្រកាស​នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ក្នុង​ទំហំ​ទឹកប្រាក់​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ក្នុង​សំណុំរឿង​ទី​ពីរ​ដ៏​ក្តៅ​គគុក​ផ្អើល​ដល់​បុរស​ខ្លាំង​នេះ​ លោក​ចៅក្រម​ អាំង​ មាលតី​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​យ៉ាង​តក់ក្រហល់​នា​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ និង​លោក​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ឈ្មោះ​ ពេជ្រ​ ព្រហ្ម​មុន្នី​ ជា​មនុស្ស​ជំនិត​ និង​ជា​គ្រូមន្តអាគម​អូ​ម​អាម​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​មជ្ឈដ្ឋាន​នានា​សង្ស័យ​ថា​ ជា​អ្នក​ដើរតួ​រត់ការ​ផ្ទាល់​ជាមួយ​មន្ត្រី​តុលាការ​ ក្នុង​ការ​ដោះ​លែង​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នា​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដាក់​ពន្ធនាគារ​ផង​ដែរ​ ។​

​កាលពី​ថ្ងៃ​ទី​០៧​ រហូត​ដល់​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ACU​ បាន​ធ្វើការ​សាកសួរ​យក​ចម្លើយ​ពី​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​កំពុង​បញ្ឈរជើង​នៅ​ក្រសួងយុត្តិធម៌​ ដោយ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ ACU​ មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ACU​ ធ្វើការ​ចាប់​ឃាត់ខ្លួន​លោក​ចៅក្រម​ អាំង​ មាលតី​ សាកសួរ​ ហើយ​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​ស្ថាប័ន​តុលាការ​ចាត់ការ​តាម​នីតិវិធី​បន្ត​ ។​ ប៉ុន្តែ​ព័ត៌មាន​របៀប​លាក់លៀម​នេះ​ ត្រូវ​បាន​មេ​ ACU​ បដិសេធ​ថា​ ACU​ មិន​បាន​ចាប់​ឃាត់ខ្លួន​លោក​ចៅក្រម​ អាំង​ មាលតី​ ទេ​ គឺ​គ្រាន់តែ​សាកសួរ​យក​ចម្លើយ​ហើយ​ អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ និង​ ACU​ ត្រូវការ​សាកសួរ​លោក​ចៅក្រម​ អាំង​ មាលតី​ ច្រើន​លើក​ទៀត​(Sic!)​ ។​

​ទោះ​យ៉ាងណា​ មជ្ឈដ្ឋាន​នានា​ ជា​ពិសេស​អ្នក​ដែល​បាន​ស្តាប់​ការ​ប្រកាស​ ឬ​ចម្រៀង​មួយ​បទ​"​ខ្ញុំ​មិន​សុខចិត្ត​ទេ​"​របស់​បុរស​ខ្លាំង​ នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​ តើ​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(​សាលា​ខាប់​-CUP)​ ដូច​មេ​ ACU​ ដែរ​ និង​មានរឿង​រ៉ាវ​ឋិត​ក្នុង​ដៃ​មេ​ ACU​ ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ធំៗ​នោះ​ ត្រូវ​ទទួល​រង​ការ​ចាត់វិធានការ​ក្តៅ​ ឬ​ទទួល​រង​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​រួចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​ ទុក​ឲ្យ​សម្តី​ ឬ​បទ​ចម្រៀង​បុរស​ខ្លាំង​ក្លាយជា​គ្មាន​ន័យ​ខ្លឹមសារ​ ក្រោម​ស្នាដៃ​របស់​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​មេ​ ACU​ និង​ជា​មនុស្ស​ជំនិត​របស់​បុរស​ខ្លាំង​ ?​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.