ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ប្រធាន​ អនុប្រធាន​ និង​សមាជិក​ គ​.​ជ​.​ប​ ថ្មី​ទាំង​៩​នាក់​ចេញ​រូបរាង​ ខណៈ​ឯកឧត្តម​ ទេព​ នី​ថា​ អាច​បន្ត​កាន់​តំណែង​ដដែល​

​ដូច​ការ​គ្រោង​ទុកជា​មុន​ រដ្ឋសភា​នីតិកាល​ទី​៥​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ទៅ​លើ​សមាសភាព​ប្រធាន​ អនុប្រធាន​ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ថ្មី​ទាំង​៩​នាក់​រួច​ហើយ​ នា​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ គឺ​រង់​ចាំតែ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​ជា​ផ្លូវការ​ប៉ុណ្ណោះ​ ។​

​សមាសភាព​ប្រធាន​ អនុប្រធាន​ និង​សមាជិក​ គ​.​ជ​.​ប​ ថ្មី​ទាំង​៩​នាក់​ ដែល​មាន​អាណត្តិ​៥​ឆ្នាំ​ ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​រួច​ហើយ​នោះ​ រួម​មាន​ ៖

​ ១-​ឯកឧត្តម​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​,​ ២-​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​,​ ៣-​ឯកឧត្តម​ មាន​ ស​ទិ​ សមាជិក​,​ ៤-​ឯកឧត្តម​ រ៉ុ​ង​ ឈុ​ន​ សមាជិក​,​ ៥-​ឯកឧត្តម​ ឌុ​ច​ សុ​ន​ សមាជិក​,​ ៦-​ឯកឧត្តម​ ហ៊ីង​ ធី​ប្ញ​ទ្ធិ​ សមាជិក​,​ ៧-​ឯកឧត្តម​ ឯម​ សូ​ផាត​ សមាជិក​,​ ៨-​លោក​ជំទាវ​ តែ​ ម៉ា​នី​រ៉ុ​ង​ សមាជិកា​ និង​៩-​ឯកឧត្តម​ ហង្ស​ ពុទ្ធា​ សមាជិក​ ។​

​អនុលោម​តាម​មាត្រា​១២​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៣១៥/០០២​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៥​ គឺ​ប្រធាន​ គ​.​ជ​.​ប​ មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​,​ អនុប្រធាន​ គ​.​ជ​.​ប​ មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើ​ទេស​រដ្ឋមន្ត្រី​ និង​សមាជិក​ គ​.​ជ​.​ប​ មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើ​រដ្ឋមន្ត្រី​ ។​

​បន្ទាប់​ពី​សមាសភាព​ប្រធាន​ អនុប្រធាន​ និង​សមាជិក​ គ​.​ជ​.​ប​ ថ្មី​ចេញ​ជា​រូបរាង​ហើយ​ គឺ​ គ​.​ជ​.​ប​ ត្រូវ​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​រាជធានី​ ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​,​ គណៈកម្មការ​ឃុំ​ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​,​ គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត​ និង​អគ្គលេខាធិការដ្ឋាន​នៃ​ គ​.​ជ​.​ប​ ។​

​អគ្គលេខាធិការដ្ឋាន​ដែល​ជា​ជំនួយការ​របស់​ គ​.​ជ​.​ប​ ត្រូវ​ដឹកនាំ​ដោយ​អគ្គលេខាធិការ​១​នាក់​ តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ ស្ថាប័ន​ និង​អគ្គលេខាធិការ​រង​មួយ​ចំនួន​ជា​ជំនួយការ​ តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើនឹង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ ស្ថាប័ន​នោះ​ គឺជា​រឿង​សំខាន់​ ជា​ភ្នែក​ ច្រមុះ​របស់​ គ​.​ជ​.​ប​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម​ ទេព​ នី​ថា​ ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ អាច​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ គ​.​ជ​.​ប​ នៅ​អាណត្តិ​ថ្មី​នេះ​បន្ត​ទៀត​ ៕​

Tep-Nitha

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.