ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​តុលាការ​ទំនង​ខ្លាច​អំណាច​ប្អូនស្រី​ជីដូនមួយ​បុរស​ខ្លាំង ទើប​មិន​ហ៊ាន​ជំរុញ និង​លើក​រឿងក្តី​ពុករលួយ​មក​ជំនុំជម្រះ​

​សំណុំ​រឿងក្តី​ពុករលួយ ស៊ីសំណូក​-​សូកប៉ាន់ លើ​ទំហំ​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ​អាមេរិក​ដ៏​ក្តៅគគុក​ពាក់ព័ន្ធ​ប្អូនស្រី​ជីដូនមួយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ម្នាក់​ឈ្មោះ ឌី ប្រឹម និង​បុរស​មាន​កម្រិតវប្បធម៌​ថ្នាក់បណ្ឌិត​ម្នាក់ទៀត​ឈ្មោះ សេង យៀន អតីត​អគ្គនាយករង​អធិការកិច្ច​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច «​ហៅ​កាត់​ថា ក្រសួង​អធិការកិច្ច​» ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​សាលាឧទ្ធរណ៍​បាន​កប់​បាត់​ឈឹង​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ មិនត្រូវ​បាន​តុលា​ការលើក​យកមក​ជំនុំជម្រះ​នៅឡើយ ទោះបី​មេធាវី​តំណាង​សិទ្ធិ​ឲ្យ​ជនរងគ្រោះ​បាត់បង់​ដីធ្លី​ក្នុង​រឿងក្តី​ពុករលួយ​នេះ​បានធ្វើ​លិខិត​ជំរុញ​ទៅ​សាលាឧទ្ធរណ៍​ចំនួន​៣​លើក «​លើក​ទី​១ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៣, លើក​ទី​២ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ និង​លើក​ទី​៣ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៤» និង​ធ្លាប់​បានដាក់​លិខិត​ស្នើសុំ​ការអន្តរាគមន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​រួច​ម្តង កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤ ឲ្យ​តុលាការ​លើកយក​សំណុំរឿង​ក្តី​ដ៏​រសើប​នេះ​មក​បើកសវនាការ​ជំនុំជម្រះ​ក៏ដោយ​។ មិនតែប៉ុណ្ណោះ​ក្នុង​សំណុំរឿង​ក្តី​នេះ ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា​នីតិកាល​ទី​៥ «​ហៅ​កាត់​ថា ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​» និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ក៏​ធ្លាប់​បានចេញ​លិខិត​អន្តរាគមន៍​មួយច្បាប់​ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​លើកយក​រឿងក្តី​មក​ជំនុំជម្រះ​ផងដែរ ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​មិនទាន់មាន​ចំណាត់ការ​ទាល់តែសោះ​ទល់​បច្ចុប្បន្ន​។​

​សូម​រំលឹក​ជូន​ថា បុរស​ឈ្មោះ សេង យៀន ជាម​ន្ត្រី​ជំនិត​របស់លោក​ជំទាវ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និង​អតីត​ជា​អគ្គនាយករង​អធិការកិច្ច​នៃ​ក្រសួង​អធិការកិច្ច បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​អង្កេត​ស្រាវជ្រាវ​រកឃើញថា បានធ្វើ​កិច្ចសន្យា​យកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក ពី​មនុស្ស​ចំនួន​១០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១២០​គ្រួសារ ជា​ថ្នូរ​នឹង​ការដោះស្រាយ​ទំនាស់​ដីធ្លី​១​កន្លែង​ទំហំ​ជាង​៦​ហិកតា ឋិត​នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​ដកហូត​មុខតំណែង ព្រមទាំង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ជា​ស្ថាពរ ហើយ​បុរស​រូបនេះ​ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​៤​ឆ្នាំ ០៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក ពីបទ​ស៊ីសំណូក ខណៈ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ឌី ប្រឹម មុខរបរ​ជា​ពាណិជ្ជករ មាន​ស្វាមី​ជា​ឧកញ៉ា ឈ្មោះ សាន ប្រុស និង​ត្រូវជា​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង ដែល​ឋិត​នៅក្នុង​កញ្ចប់​នៃ​សំណុំ​រឿងក្តី​ពុករលួយ​នេះដែរ ក៏​ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ ០៦​ខែ ពីបទ​សូកប៉ាន់ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥ «​កប​៤» ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១​។​

​ភាពយឺតយ៉ាវ​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ក្នុងការ​លើកយក​សំណុំ​រឿងក្តី​ពុករលួយ​ខាងលើ​មក​បើកសវនាការ​ជំនុំជម្រះ បានធ្វើ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ សេង យៀន និង​ជនជាប់ចោទ​ឈ្មោះ ឌី ប្រឹម ទទួលបាន​សេរីភាព​យ៉ាង​បរិបូណ៌ ព្រមទាំង​ជនជាប់ចោទ​ឈ្មោះ ឌី ប្រឹម ត្រូវជា​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា យ៉ាង​ហ៊ឺហា​ថែមទៀត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៧៥៧ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៣​។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​ស្និទ្ធ​នឹង​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ ឌី ប្រឹម ដែលជា​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង ត្រូវបាន​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​ដោះ​បន្ទុក​ទៅ​បុរស​ខ្លាំង​ជានា​យក​មន្ត្រី​យ៉ាង​ពេញទំហឹង និង​បុរស​ឈ្មោះ សេង យៀន ក៏ត្រូវ​បាន​ជួយ​អន្តរាគមន៍​ការពារ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពេញបន្ទុក​ផងដែរ​។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា និង​អ្នកតាមដាន​សំណុំ​រឿងក្តី​ពុករលួយ​ខាងលើនេះ​បានលើកឡើង​ថា វា​ជាការ​លំបាក​ណាស់​ដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​តុលា​ការលើក​រឿងក្តី​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ឈ្មោះ ឌី ប្រឹម ត្រូវជា​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង​មក​កាត់ក្តី​ប្រកបដោយ​យុត្តិធម៌ ធ្វើ​ឲ្យ​ភាគី​ជនរងគ្រោះ​បាត់បង់​ដីធ្លី បាន​អស់ចិត្ត​នោះ ពីព្រោះ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ធ្លាប់បាន​វាយតម្លៃ​រួចហើយ​ថា ស្ត្រី​ឈ្មោះ ឌី ប្រឹម គ្មាន​កំហុសឆ្គង​ទេ (Sic!) និង​ម្យ៉ាងទៀត​ក្នុង​សំណុំ​រឿងក្តី​ដ៏​រសើប​ខាងលើនេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា ស្ថាប័ន​តុលាការ​ទំនងជា​ខ្លបខ្លាច​នឹង​អំណាច​ប្អូនស្រី​ជីដូនមួយ​បុរស​ខ្លាំង​ទើប​មិន​ហ៊ាន​លើកយក​រឿងក្តី​មក​ជំនុំជម្រះ​ដោយ​អូសបន្លាយ​ពេលវេលា​យឺតយ៉ាវ​រហូតទល់​បច្ចុប្បន្ន​៕​

 

 

 

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.