ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ធ្លាយ​រឿង​កូនប្រុស​បង្កើត​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ បើក​ក្រុមហ៊ុន​ឯកជន​រកស៊ី​រ៉ែ​ខ្លួនឯង​

​បែកធ្លាយ​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ គឺ​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​(​អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​ ឈ្មោះ​ ស៊ុ​យ​ ឌី​ម៉​ង់​ មាន​ងារ​ជា​ឯកឧត្តម​ កាន់កាប់​មុខ​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ​ នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ បែរជា​បាន​បង្កើត​ក្រុមហ៊ុន​ឯកជន​ផ្ទាល់ខ្លួន​រកស៊ី​រ៉ែ​ បម្រើ​ផលប្រយោជន៍​ខ្លួនឯង​ទៅ​វិញ​ ។​

​លោក​ ស៊ុ​យ​ ឌី​ម៉​ង់​ ត្រូវជា​កូនបង្កើត​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ធ្លាប់​បាន​រួមដៃគ្នា​ជាមួយ​លោក​ឧកញ៉ា​ វិញ​ ហ៊ួ​រ​ បង្កើត​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ Khmer​ First​ Coal​ Mining​ Trading​ Exim​ Co.,​ Ltd.​ កាលពី​អំឡុង​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ដើម្បី​ដំណើរការ​ស្វែង​រុករក​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ ដោយ​លោក​ឧកញ៉ា​ វិញ​ ហ៊ួ​រ​ ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ និង​លោក​ ស៊ុ​យ​ ឌី​ម៉​ង់​ ធ្វើ​ជា​អភិបាល​ក្រុមហ៊ុន​ ។​

​ក្រោយ​ការ​ពុះ​បំបែក​អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ជា​ពីរ​ ឲ្យ​ក្លាយជា​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ហើយ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​នោះ​ លោក​ ស៊ុ​យ​ ឌី​ម៉​ង់​ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/១៥៨​ ចុះ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ពោល​គឺ​ទទួល​បាន​ងារ​ជា​ឯកឧត្តម​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​ឯកឧត្តម​ ស៊ុ​យ​ ឌី​ម៉​ង់​ ក្នុង​នាម​ជា​មន្ត្រីរាជការ​ឋិត​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ បម្រើ​ការងារ​នៅ​ក្រសួង​រ៉ែ​ និង​ថាមពល​ (​អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​ ហើយ​បែរជា​បើក​ក្រុមហ៊ុន​ឯកជន​រកស៊ី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដូច្នេះ​ គឺ​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​មាត្រា​៣៥​ ចំណុច​ទី​៤​ នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​ត្រូវ​ហាមឃាត់​ជា​ដាច់ខាត​ដល់​អ្នករាជការ​នូវ​ការ​ចូល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល​ ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ ។​ "​ លើស​ពី​នេះ​ ឯកឧត្តម​ ស៊ុ​យ​ ឌី​ម៉​ង់​ ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​រ៉ែ​ និង​ថាមពល​ ហើយ​មាន​ឪពុក​បង្កើត​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ទៀត​ បែរជា​ឯកឧត្តម​ ស៊ុ​យ​ ឌី​ម៉​ង់​ បើក​ក្រុមហ៊ុន​ឯកជន​រកស៊ី​រ៉ែ​ខ្លួនឯង​នោះ​ គឺ​អាច​នឹង​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​មិន​ខាន​ឡើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.