ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ធ្លាក់​យន្តហោះ​បារាំង​ Airbus​ A320​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់​ សង្ស័យ​មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​ស្លាប់​

​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​បរទេស​បាន​ឲ្យ​ដឹង​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ធុន​ Airbus​ A320​ ផលិត​នៅ​ប្រទេស​បារាំង​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់​មួយ​ឈ្មោះ​ Germanwings​ ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ Lufthansa​ ផ្ទុក​អ្នកដំណើរ​ និង​បុគ្គលិក​បម្រើ​ក្នុង​យន្តហោះ​ចំនួន​១៤៨​នាក់​ បាន​ធ្លាក់​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​បារាំង​ នា​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​(​ម៉ោង​នៅ​ប្រទេស​បារាំង​)​ នា​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​ ត្រូវ​នឹង​ម៉ោង​ប្រមាណ​១៧​ល្ងាច​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ហោះហើរ​ចេញពី​ទីក្រុង​ Barcelona​ ប្រទេស​អេ​ស្ប៉ា​ញ​ ឆ្ពោះទៅ​កាន់​ទីក្រុង​ Dusseldorf​ ឆ្លងកាត់​ផ្ទៃ​អាកាសប្រទេស​បារាំង​ ។​

​យោង​តាម​ការ​ប្រកាស​របស់​លោក​ Francois​ Hollande​ ប្រធានាធិបតី​សាធារណរដ្ឋ​បារាំង​ និង​លោក​ Manuel​ Valls​ នាយក​រដ្ឋមន្ត្រី​បារាំង​ បាន​បង្ហាញ​នូវ​ក្តី​អស់​សង្ឃឹមថា​ ទំនងជា​អ្នក​ជិះ​នៅ​ក្នុង​យន្តហោះ​ទាំងអស់​ ទទួល​រង​នូវ​ការ​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ​ ។​

​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​បារាំង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ យន្តហោះ​ធុន​ Airbus​ A320​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់​នោះ​ បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​អង្គារ​នេះ​(​ម៉ោង​នៅ​ក្នុង​ប្រទេស​បារាំង​)​ ។​ ក្រោយមក​បំណែក​យន្តហោះ​ដែល​បាត់​ទិន្នន័យ​ពី​រ៉ា​ដា​នេះ​ត្រូវ​បាន​ឧទ្ធម្ភាគចក្រ​របស់​កង​អាវុធ​បារាំង​ហោះហើរ​ប្រទះ​ឃើញ​បាន​ធ្លាក់​នៅ​ចំ​ចំណុច​តំបន់​ភ្នំ​ ភាគ​ខាងត្បូង​ប្រទេស​បារាំង​ ដែល​ជាទី​តាំង​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​សង្គ្រោះ​ចូល​ទៅ​ដល់​កន្លែង​កើតហេតុ​ ខណៈ​ប្រតិបត្តិការ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​អាជ្ញាធរ​បារាំង​ចាប់ផ្តើម​ដំណើរការ​ភ្លាមៗ​ដែរ​ ។​

​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​១៤៨​នាក់​ដែល​ជិះ​នៅ​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់​ដែល​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​នោះ​ មាន​អ្នកដំណើរ​ចំនួន​១៤២​នាក់​ និង​៦​នាក់​ផ្សេង​ទៀត​គឺជា​អ្នកបើកបរ​ និង​បុគ្គលិក​បម្រើ​នៅ​លើ​យន្តហោះ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.