ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

កូនប្រុស​-​ស្រី​៣​នាក់​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ មេ​ ACU​ ប្រមូលផ្តុំ​គ្នា​បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ ដែល​កូនប្រុស​-​ស្រី​ចំនួន​៣​នាក់​របស់​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​មក​ប្រមូលផ្តុំ​គ្នា​បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ជាមួយ​ឪពុក​បង្កើត​របស់​ខ្លួន​ ខណៈ​កូនប្រុស​បង្កើត​ចំនួន​២​នាក់​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ សុទ្ធតែ​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ទៀត​ផង​ ។​

​កូនប្រុស​-​ស្រី​បង្កើត​ទាំង​៣​នាក់​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ មេ​ ACU​ ដែល​ប្រមូលផ្តុំ​គ្នា​មក​បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជាមួយ​ឪពុក​របស់​ខ្លួន​នោះ​ រួម​មាន​ ៖

១-​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៤៧៧​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ត្រូវ​បាន​តែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៩៦​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១១​ ។​

២-​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធិ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៧០២​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​របស់​មេ​ ACU​ ដែល​ត្រូវជា​ឪពុក​ផ្ទាល់​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៩៦​ ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១១​ ។​

៣-​លោកស្រី​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រស្មី​ អាយុ​២៧​ឆ្នាំ​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ កាលពី​ខែមករា​ ឆ្នាំ​២០១៣​ ។​

​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១០/៣៦៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១០​ និង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៩៩​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១០​ ដែល​មាន​អាណត្តិ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ ។​

​អនុលោម​តាម​មាត្រា​៦​ និង​មាត្រា​៧​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៤១០/០០៤​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១០​ គឺ​នៅ​សល់​រយៈពេល​មិន​ដល់​០៣​ខែ​ទៀត​ទេ​ ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ នឹង​ត្រូវ​ផុត​អាណត្តិ​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​ និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយសារ​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ជា​មនុស្ស​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​មន្ត្រី​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទុកចិត្ត​បាន​ គឺ​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ អាច​នឹង​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ត​នៅ​អាណត្តិ​ថ្មី​ទៀត​ជា​មិន​ខាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.