ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ប្រកាស​ឲ្យ​និស្សិត​អាហារូបករណ៍​ជំនាន់​មុនៗ​ជាង​១.០០០​នាក់​ជួយ​ស្រោចស្រង់​សាលា​ខាប់​(CUP)

​ក្រៅពី​ធ្វើការ​សូម​អភ័យទោស​ចំពោះ​បុគ្គលិក​សិក្សា​ សាស្ត្រាចារ្យ​ និង​និស្សិត​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP)​ ចំពោះ​ភាព​អសកម្ម​របស់​ខ្លួន​នា​ពេល​កន្លង​មក​ លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ក្នុង​នាម​ជា​ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ CUP​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ តាម​ Facebook​ ថា​ នឹង​ចូលខ្លួន​មក​គ្រប់គ្រង​ និង​ដឹកនាំ​សាលា​ខាប់​(CUP)​ផ្ទាល់​ឡើង​វិញ​ ។​ លើស​ពី​នេះ​ លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ក៏​បាន​ប្រកាស​អំពាវនាវ​ឲ្យ​និស្សិត​អាហារូបករណ៍​ជំនាន់​មុនៗ​ជាង​១.០០០​នាក់​ ដែល​លោក​ធ្លាប់​បាន​ជួយ​កន្លង​មក​ ជួយ​សាលា​ខាប់​ និង​និស្សិត​ប្អូនៗ​ដែល​កំពុង​សិក្សា​ផង​ ក្រោម​ទ្រឹស្តី​ "​ផឹកទឹក​ ត្រូវ​នឹក​ដល់​ប្រភព​ទឹក​ ជ្រក​ក្រោម​ម្លប់​ ត្រូវ​នឹក​ដល់​អ្នក​ដាំ​"​ ។​

​នា​ពេល​កន្លង​មក​ មាន​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំង​ស៊ី​វិល​ ទាំង​ប្រដាប់​អាវុធ​ ទាំង​ស្ថាប័ន​តុលាការ​ ព្រមទាំង​ឧកញ៉ា​ជា​ច្រើន​នាក់​ ធ្លាប់​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ ឬ​អនុ​បណ្ឌិត​ពីសា​លា​ខាប់​(CUP)​ជា​ហូរហែ​ ជា​អាទិ៍​ ៖​ ១-​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​,​ ២-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ បណ្ឌិត​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​,​ ៣-​ឯកឧត្តម​បណ្ឌិត​ ជីវ​ កេង​ អនុប្រធាន​តុលាការ​កំពូល​,​ ៤-​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ សា​វុ​ធ​ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​,​ ៥-​លោក​ចៅក្រម​បណ្ឌិត​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​,​ ៦-​លោក​ចៅក្រម​បណ្ឌិត​ កោ​ វ​ណ្ឌី​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​,​ ៧-​លោកស្រី​ឧកញ៉ា​បណ្ឌិត​ សៀង​ ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​…​។​ល​។​ ខណៈ​សាលា​ខាប់​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​ថា​ បណ្តុះបណ្តាល​ធនធានមនុស្ស​មិន​ស្រប​តាម​និយាម​ការ​អប់រំ​ និង​គ្មាន​គុណភាព​ គិតតែ​បរិមាណ​ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សញ្ញាបត្រ​បណ្ឌិត​ និង​អនុ​បណ្ឌិត​នៅ​កម្ពុជា​ទៀត​ផង​ ។​

​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ធ្លាប់​ធ្វើ​ជា​សាកល​វិទ្យា​ធិ​ការ​នៃ​សាលា​ខាប់​(CUP)​ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​បម្រុង​លំដាប់​លេខ​រៀង​ទី​៦​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មណ្ឌល​ខេត្តកណ្តាល​ នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ នា​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ប៉ុន្តែ​លោក​ឧក​ញ៉​បណ្ឌិត​រូប​នេះ​មិន​មានសំណាង​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​អ្នកតំណាង​រាស្ត្រ​នៅ​អាណត្តិ​ទី​៥​ទេ​ ។​

​កាលពី​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ យោង​តាម​ពាក្យបណ្តឹង​របស់​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ដែល​បាន​ប្តឹង​លោកស្រី​ឧកញ៉ា​ ចាប​ ច័ន្ទ​ម៉ា​នី​កា​ សាកល​វិទ្យា​ធិ​ការិនី​នៃ​សាលា​ខាប់​ អភិបាល​ក្រុមហ៊ុន​ចំរើន​ នី​កា​ គ្រុប​ និង​ត្រូវជា​ភរិយា​របស់​លោក​ឧកញ៉ា​បណ្ឌិត​ ជា​ ចំរើន​ ក្នុង​រឿង​ជំពាក់​លុយ​មិន​ព្រម​សង​នោះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ចុះ​អនុវត្តន៍​ដីកា​សម្រេច​រក្សា​ការពារ​ ធ្វើការ​បណ្តេញ​បុគ្គលិក​ និង​និស្សិត​សាលា​ខាប់​ឲ្យ​ចេញពី​អគារ​ មាន​ទីតាំង​ឋិត​នៅ​ចំណុច​អគារ​លេខ​៤៣​ ផ្លូវ​លេខ​៥២៨​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដើម្បី​រក្សា​ស្ថានភាព​ដើម​នៃ​អគារ​សម្រាប់​ទុក​ធានា​បំណុល​ឲ្យ​ម្ចាស់បំណុល​ គឺ​លោក​វេជ្ជបណ្ឌិត​ ឧកញ៉ា​ គួ​ច​ ម៉េ​ង​លី​ ៕​

Chea-Chamroeun-2 Chea-Chamroen-Vote2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.