ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ចៅក្រម​ម្នាក់​គត់​ដែលមាន​ឥទ្ធិពល​អំណាច​ជ្រក​ក្រោម​ស្លាក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​

​អនុលោម​តាម​មាត្រា​៥ និង​មាត្រា​៦ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​ប្រកាស​ឲ្យ​ប្រើ ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៤១០/០០៤ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១០ បាន​តម្រូវ​ឲ្យ​មាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​មាន​សមាសភាព​ចំនួន​១១​នាក់ ក្នុងនោះ​ឥស្សរជន​ម្នាក់​ជ្រើសតាំង​ដោយ​ឬ​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ខណៈ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​មាន​ភារកិច្ច​៖ -​កសាង​យុទ្ធសាស្ត្រ និង​នយោបាយ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​, -​ពិគ្រោះ​យោបល់ និង​ផ្តល់​អនុសាសន៍​ដល់​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​, -​ឃ្លាំមើល​ដំណើរការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, -​ស្នើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​រាយការណ៍ ឬ​បំភ្លឺ​, -​ធ្វើ​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី​អំពី​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​… ។​ល​។​

​បច្ចុប្បន្ន ក្រៅពី​តួអង្គ​នាយករដ្ឋមន្ត្រី​ម្នាក់ និង​ឥស្សរជន​ដែលមាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​នាក់ មាន​អភ័យឯកសិទ្ធិសភា​ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​ផង និង​ជា​សមាជិក​-​សមាជិការ​រាជរដ្ឋាភិបាល ឬ​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ផង គឺ​ឲ្យ​តែ​ឮឈ្មោះ​អង្គភាព ឬ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នាំគ្នា​រួញ​ខ្លួន​បាត់ទៅហើយ ទាំង​មន្ត្រីរាជការ ទាំង​ស្ថាប័នឯកជន​។​

​ក្នុងចំណោម​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ទាំង​១១​នាក់ ដែល​បង្ក​នូវ​ការចាប់អារម្មណ៍​ខ្លាំង​នោះ មាន​ចៅក្រម​ម្នាក់​ដែល​កំពុង​បំពេញ​មុខងារ​វិនិច្ឆ័យ​សេចក្តី​យ៉ាងសកម្ម​ជ្រើសតាំង​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នាំ​ឲ្យ​ចៅក្រម​រូបនេះ​មាន​ឥទ្ធិពល​អំណាច​ខ្លាំងក្លា​បំផុត​ក្នុង​ស្ថាប័ន​តុលាការ គឺ​ឯកឧត្តម ជីវ កេង អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​។​

​ឯកឧត្តម ជីវ កេង អាយុ​៦៤​ឆ្នាំ ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជ្រើសតាំង​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម តាំងពី​ឯកឧត្តម​រូបនេះ​នៅ​កាន់តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មកម្ល៉េះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១០/៤៩៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១០ និង​បន្ត​រហូតមកដល់​កាន់​តួនាទី​ជា​អនុប្រធាន​តុលាការ​កំពូល​ទល់​បច្ចុប្បន្ន​។​

​ដោយសារតែ​ជា​ចៅក្រម​កាន់​សំណុំរឿង​វិនិច្ឆ័យ​សេចក្តី​ផង និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ផង ឯកឧត្តម​ចៅក្រម ជីវ កេង មាន​ឥទ្ធិពល​អំណាច​ខ្លាំងក្លា​លើសពី​បណ្តា​ចៅក្រម​ដទៃទៀត ដែល​ខ្លបខ្លាច​អំណាច​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ប៉ុន្តែ​ចំពោះ​ឯកឧត្តម​ចៅក្រម ជីវ កេង មានមុខ​ងារ​ខាង​ដឹង​រឿងរ៉ាវ​ក្នុង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​យ៉ាងច្បាស់​ដូច​បាតដៃ​ទៅវិញ​។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ដើម្បី​ចូល​រួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​មួយផ្នែក​នោះ គឺ​សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​ជ្រើសតាំង​ដោយ ឬ​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម គួរតែ​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា ដែល​ត្រូវបាន​ផ្តាច់​ពីមុខ​ងារ​ចៅក្រម​-​ព្រះរាជអាជ្ញា​កាន់​សំណុំរឿង​ក្នុង​ស្ថាប័ន​តុលាការ ដូច​ករណី​សមាជិក​-​សមាជិកា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​៕​

 

Filed in: តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.