ទឹកស៊ុប គឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់អ្នកលក់ស៊ុប អ្នកលក់គុយទាវ មី មីសួ… នៅតាមបណ្តាហាងនានា សម្រាប់បម្រើអតិថិជន ហើយអ្នកទទួលទានគុយទាវជាពិសេសក៏ផ្តល់ពិន្ទុគុណភាពគុយទាវឆ្ងាញ់ ឬមិនឆ្ងាញ់អាស្រ័យទៅលើទឹកស៊ុបនេះដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលផង និងព្រួយបារម្ភផងនោះ គឺទឹកស៊ុបគុយទាវដែលអ្នកចូលចិត្តគុយទាវបានទទួលទាន ដោយលាន់មាត់ថា «ឆ្ងាញ់» បែរជាសំណល់ទឹកស្ងោរប្រហិតរបស់អ្នកធ្វើអាជីវកម្មលក់ប្រហិតទៅវិញ ខណៈមជ្ឈដ្ឋាននានាសង្ស័យថា សំណល់ទឹកស្ងោរប្រហិតភាគច្រើនគ្មានអនាម័យឡើយ ហើយក៏អាចមានសារធាតុគីមីលាយផ្សំថែមទៀត។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យមើលទីតាំងសិប្បកម្មផលិតប្រហិត ទឹកម្ទេស ទឹកសៀង និងទឹកស៊ុប មួយកន្លែងឋិតនៅផ្ទះលេខ១៥៦ ផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ម្តុំក្រោយអតីតរោងភាពយន្តគិរីរម្យ) ដែលមានអ្នកស្រី សុខ ណៃ ជាម្ចាស់សិប្បកម្ម បានរកឃើញថា ទឹកស៊ុបដែលលក់ទៅឲ្យម្ចាស់ហាងគុយទាវព្រោងព្រាតនោះ គឺជាសំណល់ទឹកស្ងោរប្រហិត។ មានន័យថា ប្រហិតសាច់គោ សាច់ជ្រូក សាច់ត្រី ឬសាច់អ្វីផ្សេងទៀត… ក៏បានលក់ និងសំណល់ទឹកស្ងោរប្រហិតសាច់ទាំងនោះ ក៏បានក្លាយជាទឹកស៊ុបសម្រាប់លក់ចេញដែរ។
ក្នុងការចុះត្រួតពិនិត្យមើលសិប្បកម្មផលិតប្រហិត ទឹកម្ទេស ទឹកសៀង និងទឹកស៊ុប ខាងលើនេះ សមត្ថកិច្ចបានយកសំណាកទឹកស៊ុបចំនួន១ប៊ីដុង ចំណុះប្រមាណ៣០លីត្រ ទៅធ្វើការវិភាគ ដើម្បីរកមើលតើមានសារធាតុគីមីលាយផ្សំ ដូចជាសារធាតុបូរ៉ាក់ (Borax) … ដែរឬទេ?
ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋហាក់មិនសូវមានជំនឿទុកចិត្តទៅលើសមត្ថកិច្ចទេ ព្រោះតែមានអំពើពុករលួយញាំញីខ្លាំងពេក ពោលគឺ បើម្ចាស់សិប្បកម្មសូកប៉ាន់លុយកាក់ទៅឲ្យមន្ត្រី ប្រាកដជាមន្ត្រីមានសមត្ថកិច្ចឆ្លើយតបវិញថា «ទឹកស៊ុបអាចហូបបាន» ដោយមិនខ្វល់នឹងរូបភាពខ្វះអនាម័យ និងវត្តមានសារធាតុគីមីលាយផ្សំឡើយ ហើយថ្ងៃក្រោយម្ចាស់សិប្បកម្មនោះត្រូវរ៉ូវគ្នា «ដាក់ខែ» ជាមួយសមត្ថកិច្ចតែម្តង។
អ្នកលក់គុយទាវនៅរាជធានីភ្នំពេញម្នាក់បាននិយាយឲ្យដឹងថា ក្រៅពីការទិញទឹកស៊ុបមកពីស្រុកយួន គឺមានហាងគុយទាវខ្លះក៏បានផលិតទឹកស៊ុបខ្លួនឯងដែរ រីឯទឹកស៊ុបដែលជាសំណល់ទឹកស្ងោរប្រហិតផលិតនៅម្តុំក្រោយអតីតរោងកុនគិរីរម្យនោះ គឺភាគច្រើនត្រូវបានលក់ចែកចាយឲ្យទៅអ្នកលក់គុយទាវនៅម្តុំផ្សារបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ និងហាងគុយទាវមួយចំនួនទៀត ។
តើប្រិយមិត្តអ្នកអានទាំងឡាយដែលចូលចិត្តទទួលទានស៊ុប និងគុយទាវ យល់ឃើញយ៉ាងណាដែរ ខណៈដែលទឹកស៊ុបដែលប្រិយមិត្តលាន់មាត់ថាឆ្ងាញ់ នោះ បែរជាសំណល់ទឹកស្ងោរប្រហិតរបស់សិប្បកម្មលក់ប្រហិតបែបនេះ ? ៕