ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

រឿងអាស្រូវ​ពុក​រលួយ​របស់​បណ្ឌិត​ចៅក្រម​ អាំង​ មាលតី​ ដែល​ធ្លាក់​ក្នុង​ដៃ​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ មេ​ ACU​ ចេះ​តែ​ស្ងាត់​ទៅៗ​

​មិនមែន​ទើបតែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​លេច​ធ្លាយ​ចេញ​នូវ​រឿងអាស្រូវ​ពុក​រលួយ​ និង​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ដែន​ខេត្តបន្ទាយមានជ័យ​យ៉ាង​ខ្លាំងក្លា​ តាំងពី​នៅ​កាន់​តំណែង​ជា​អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ (២០០៧-២០១៤)​មក​ម្ល៉េះ​ រហូត​ដល់​ថ្នាក់​ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ អតីត​អភិបាល​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ សរសេរ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​ផ្ទេរ​ភារកិច្ច​លោក​ចៅក្រម​ អាំង​ មាលតី​ ចេញពី​ខេត្តបន្ទាយមានជ័យ​ទៀត​ផង​ ដោយ​ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ បាន​សង្កត់ធ្ងន់​ថា​ "​ប្រសិនបើ​បុគ្គល​រូប​នេះ​(​លោក​ចៅក្រម​ អាំង​ មាលតី​)​ នៅ​តែ​បន្តការងារ​ក្នុង​ខេត្ត​(​ខេត្តបន្ទាយមានជ័យ​)​តទៅ​ទៀត​ នឹង​បង្ក​ការ​លំបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​ ។​"​ ។​

​ខ្លឹមសារ​លិខិតផ្លូវការ​លេខ​១២៧៧​ខ​ប​ជ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១២​ របស់​ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​គោរព​ជូន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ក្នុង​កម្មវត្ថុ​លើក​ឡើង​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ នោះ​ បាន​បញ្ជាក់​ថា​ "​ក្នុង​ចន្លោះ​នៃ​អាណត្តិ​ការងារ​ លោក​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​ឯករាជ្យ​របស់​ខ្លួន​ ប្រព្រឹត្ត​នូវ​អំពី​ពុក​រលួយ​យ៉ាង​ខ្លាំង​(​ធ្លាប់​បាន​ទទួល​ការ​ព្រមាន​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​)​ ដោយ​ធ្វើការ​គំរាមកំហែង​ចេញ​បញ្ជា​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​(​កងរាជអាវុធហត្ថ​-​នគរបាល​)​ តាម​ទំនើងចិត្ត​របស់​ខ្លួន​ ដោយ​គ្មាន​ការ​សុំ​យោបល់​ពី​មេបញ្ជាការ​ ឬ​ស្នងការ​នៃ​កម្លាំង​សមត្ថកិច្ច​ទាំង​ពីរ​នេះ​ ។​ រាល់​សកម្មភាព​ទាំងឡាយ​របស់​បុគ្គល​រូប​នេះ​ មិន​ដែល​សុំ​យោបល់​សហការ​ និង​គោរព​សិទ្ធិ​អំណាច​គ្រប់គ្រង​រដ្ឋបាល​ដែនដី​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ឡើយ​ ។​…"​ ។​ នៅ​លើ​លិខិត​របស់​ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ នោះ​ ត្រូវ​បាន​បុរស​ខ្លាំង​ធ្វើ​ចំណារ​បង្គាប់​ឲ្យ​ឯកឧត្តម​ បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ មាន​ចំណាត់ការ​ជា​បន្ទាន់​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​មាន​ចំណារ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​លើ​លិខិត​របស់​ឯកឧត្តម​ អ៊ុ​ង​ អឿ​ន​ មក​ ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ មេ​ ACU​ មិន​បាន​ចាត់ការ​អ្វី​ទៅ​លើ​លោក​ចៅក្រម​ អាំង​ មាលតី​ ទេ​ ហើយ​បែរ​ក្លាយជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​អស់​រយៈពេល​ជិត​៣​ឆ្នាំទៅ​វិញ​ ។​

​ឈាន​ចូល​មក​ដល់​ដើមឆ្នាំ​២០១៥​ ខណៈ​លោក​ចៅក្រម​ អាំង​ មាលតី​ បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ខែមេសា​ ឆ្នាំ​២០១៤​ និង​បន្ទាប់​ពី​ត្រូវ​កណ្តាប់ដៃ​ដែក​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​"​វាយ​ចំ​គោលដៅ​"​ នា​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ គឺ​នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លោក​ចៅក្រម​ អាំង​ មាលតី​ ត្រូវ​បាន​ដកហូត​តំណែង​យ៉ាង​តក់ក្រហល់​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះ​លែង​ជន​ត្រូវ​ចោទ​២​នាក់​ ត្រូវជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជាប់ចោទ​ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់​ (​ចំនួន​៨​ដើម​)​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ហើយ​ត្រូវ​បាន​បុរស​ខ្លាំង​លើក​ឡើង​ថា​ មាន​ភាព​មិន​ប្រក្រតី​ និង​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ក្រោយ​ការ​ដកហូត​តំណែង​លោក​ចៅក្រម​ អាំង​ មាលតី​ ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​យក​ទៅ​បញ្ឈរជើង​នៅ​ក្រសួងយុត្តិធម៌​រួច​មក​ ក៏​លេច​ធ្លាយ​ចេញ​រឿងរ៉ាវ​រថយន្ត​វត្ថុ​តាង​ក្នុង​បទល្មើស​ផ្សេងៗ​មិន​តិច​ជាង​៦​គ្រឿង​ ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​ជំនិត​នឹង​កូនប្រុស​បង្កើត​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រើប្រាស់​យ៉ាង​ហ៊ឺហា​ ជា​អាទិ៍​ រថយន្ត​មិន​តិច​ជាង​៣​គ្រឿង​ និង​ទោចក្រយានយន្ត​មួយ​ចំនួន​ទៀត​ រួម​មាន​ រថយន្ត​ម៉ាក​ HUMMER​ រថយន្ត​ម៉ាក​ Lexus​ 470​ ធ្លាក់​ក្នុង​ដៃ​លោក​ឧត្តមសេនីយ៍ត្រី​យោធា​ម្នាក់​ឈ្មោះ​ ពេជ្រ​ ព្រហ្ម​មុន្នី​ ជា​មនុស្ស​ជំនិត​ និង​ជា​គ្រូមន្តអាគម​អូ​ម​អាម​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ (​បច្ចុប្បន្ន​លោក​ផ្កាយ​១​ ពេជ្រ​ ព្រហ្ម​មុន្នី​ កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​)​ និង​រថយន្ត​ទំនើប​ម៉ាក​ Audi​ Q7​ តម្លៃ​ប្រមាណ​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ជា​វត្ថុ​តាង​ក្នុង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​លោក​ អាំង​ មុនី​ ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទាល់ខ្លួន​ ។​

​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ មេ​ ACU​ ដូច​កាលពី​អំឡុង​ឆ្នាំ​២០១២​ដែរ​ ប៉ុន្តែ​សំណុំរឿង​អាស្រូវ​ទាំងនោះ​ដែល​ពាក់ព័ន្ធ​នឹង​លោក​ចៅក្រម​ អាំង​ មាលតី​ ជា​ចៅក្រម​មានទ្រព្យ​សម្បត្តិ​មហាសាល​ដ៏​ហ៊ឺហា​ ចេះ​តែ​ស្ងាត់​ទៅៗ​ដូច​ចោរលួច​សេះ​ គ្មាន​លទ្ធផល​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យ​ថា​ សម្តី​ និង​ចម្រៀង​មួយ​បទ​"​ខ្ញុំ​មិន​សុខចិត្ត​ទេ​"​ របស់​បុរស​ខ្លាំង​នឹង​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​ទាំងអស់​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.