ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ទាល់តែ​ធ្វើ​ដូច​ឧកញ៉ា​ លី​ សាយ​ឃាង​ ទើប​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ អាច​វិល​ចូល​ស្រុក​ខ្មែរ​ស្វែងរក​យុត្តិធម៌​ឲ្យ​អស់ចិត្ត​បាន​

​ក្រោយ​មាន​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ថៅកែ​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​មក​ លោក​ឧត្តមសេនីយ៍ទោ​យោធា​(២)​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ "​ប៊ិ​ន​ ទឹង​"​ និង​មាន​ងារ​ជា​ឧកញ៉ា​ផង​ នាយក​ក្រុមហ៊ុន​ Meanchey​ International​ Investment​ និង​ក្រុមហ៊ុន​បុរី​៩៩៩​ ជាមួយនឹង​ក្រុម​អង្គរក្ស​ជា​ច្រើន​នាក់​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​អូស​ទាញ​យក​មក​ភ្ជាប់​នឹង​សំណុំរឿង​ក្តី​នេះ​ ហើយ​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ខណៈ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​រត់គេច​ខ្លួន​ពួន​អាត្មា​ខ្លាចក្រែង​សមត្ថកិច្ច​ចាប់​ដាក់គុក​ តាំងពី​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ។​ លើស​ពី​នេះ​ នៅ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ លោក​ លី​ សុខ​លេង​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់​ និង​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ យក​មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ កំពុង​រត់គេច​ និង​ពួន​សំងំ​លាក់ខ្លួន​នៅ​បរទេស​ ដែល​គេ​សង្ស័យ​ភាគច្រើន​ថា​នៅ​ស្រុក​យួន​ មិន​ហ៊ាន​វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅឡើយ​ ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​ពាក់ព័ន្ធ​នឹង​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​លើក​ជា​យោបល់​ថា​ ទាល់តែ​ធ្វើ​ដូច​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ទើប​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ អាច​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ស្វែងរក​យុត្តិធម៌​ឲ្យ​អស់ចិត្ត​ក្នុង​សំណុំរឿង​ក្តី​របស់​ខ្លួន​បាន​ ។​ មជ្ឈដ្ឋាន​ទាំងនោះ​បាន​រៀបរាប់​អំពី​សាច់​រឿង​ក្តី​របស់​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ យក​មក​ធ្វើ​ជា​ឧទាហរណ៍គំរូ​ដូច​តទៅ​ ៖

​ករណី​ជម្លោះ​ក្នុង​ក្រុមហ៊ុន​ Meng​ Srieng​ Express​ Import-Export​ &​ Transportation​ Pte.,​ Ltd.​ បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៩៨​ ចុះ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០០១​ របស់​តុលាការក្រុង​ភ្នំពេញ​(​បច្ចុប្បន្ន​សាលាដំបូង​រាជធានី​ភ្នំពេញ​)​ មាន​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ អនិកជន​ខ្មែរ​មក​ពី​ប្រទេស​ New​ Zealand​ ក្លាយជា​ជន​ត្រូវ​ចោទ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ និង​ក្លែង​លិខិតឯកជន​ ។​ កាល​ណោះ​ គឺ​នៅ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០០១​ ចៅក្រម​ស៊ើបអង្កេត​តុលាការក្រុង​ភ្នំពេញ​ បាន​ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ជា​ជន​ត្រូវ​ចោទ​ ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ មិន​ហ៊ាន​ឈាន​ជើង​ជាន់​ទឹកដី​ស្រុក​ខ្មែរ​ឡើយ​ ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​យក​ទៅ​ដាក់គុក​ ។​

​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​ការ​ចាប់ខ្លួន​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សម្តេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​ក្នុង​ជំហាន​ដំបូង​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​មិន​ឲ្យ​មាន​បុគ្គល​ណា​ជ្រៀតជ្រែក​ រាប់​ទាំង​នាយក​រដ្ឋមន្ត្រី​ផង​ ក្នុង​ដំណើរការ​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ឡើយ​ ពោល​គឺ​ត្រូវ​អនុវត្តន៍​តាម​ដីកា​របស់​តុលាការ​ តាម​ស្មារតី​លិខិត​លេខ​២០៧៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០០១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ក្រោយមក​ ទំនងជា​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ដែល​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​បាន​ចំណាយ​លុយកាក់​ជា​ច្រើន​សែន​ដុល្លារ​អា​មេ​រិ​ក​ ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​សា​ជា​ថ្មី​ឲ្យ​បញ្ឈប់​ការ​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ និង​អនុញ្ញាត​ឲ្យ​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ បាន​ចូល​មក​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ដើម្បី​ចូលខ្លួន​មក​ដោះស្រាយ​ និង​បង្ហាញ​ព័ស្តុតាង​បំភ្លឺ​តុលាការ​តាម​នីតិវិធី​ច្បាប់​ តាម​ស្មារតី​លិខិត​លេខ​៦២៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០០២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ ដោយសារ​ការ​ជួយ​ជ្រោមជ្រែង​បើកផ្លូវ​ពី​រាជរដ្ឋាភិបាល​ដូចនេះ​ហើយ​ ទើប​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ មានឱកាស​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ស្ថាប័ន​តុលាការ​នៅ​ស្រុក​ខ្មែរ​ ដោយ​មិនបាច់​ឆ្លងកាត់​ការ​ចាប់​ និង​ឃុំខ្លួន​បញ្ចប់​រឿងរ៉ាវ​ទល់​សព្វថ្ងៃ​ ។​

​ដូច្នេះ​ ដើម្បី​មានឱកាស​បាន​វិល​ចូល​មក​ស្រុក​ខ្មែរ​បំភ្លឺ​ និង​បង្ហាញ​ព័ស្តុតាង​ដល់​តុលាការ​ថា​ ខ្លួន​ស្អាតស្អំ​ មិន​ដូច​ការ​ចោទប្រកាន់​ ដោយ​មិន​ឆ្លងកាត់​ការ​ចាប់​ និង​ឃុំខ្លួន​នោះ​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ គប្បី​ពិនិត្យ​លទ្ធភាព​ស្វែងរក​ការ​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ចេញ​ជា​ ស​.​ជ​.​ណ​ (​សេចក្តីជូនដំណឹង​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដូច​ករណី​ឧកញ៉ា​ លី​ សាយ​ឃាង​ ទើបបាន​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​រវាង​លោក​ ថោ​ង​ សា​រ៉ាត់​ និង​លោក​ លី​ សាយ​ឃាង​ មាន​ងារ​ជា​ឧកញ៉ា​ដូច​គ្នា​ និង​មាន​លុយកាក់​ដូច​គ្នា​ក៏​ដោយ​ ប៉ុន្តែ​សំណុំរឿង​ក្តី​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មិន​ដូច​សំណុំរឿង​ក្តី​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ឡើយ​ ពីព្រោះ​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ជាប់ចោទ​ក្នុង​បទល្មើស​មជ្ឈិម​ រីឯ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជាប់ចោទ​ក្នុង​បទល្មើស​ឧក្រិដ្ឋ​ ដែល​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ គឺ​ទំនងជា​បុរស​ខ្លាំង​ពិបាក​ ឬ​មិន​អាច​លូកដៃ​អន្តរាគមន៍​ជួយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដូច​ករណី​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ពី​អតីត​កាលនោះ​ទេ​ ៕​

Thong-Sarat-Letterdd2Ly-Saykheang-21Ly-Saykheang9Ly-Saykheang-20

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.