ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

កូនប្រុស​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ហើយ​ ពី​បទ​ហិង្សា​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

​នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​យុវជន​ឈ្មោះ​ កែវ​ វិទូ​ អាយុ​២៤​ឆ្នាំ​ ដែល​ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពី​បរទេស​ និង​ត្រូវជា​កូនប្រុស​សំណព្វចិត្ត​របស់​លោក​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ នោះ​រួច​ហើយ​ ពី​បទ​កាន់កាប់​ ឬ​ដឹក​ជញ្ជូន​អាវុធ​ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​បទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ក្នុង​សំណុំរឿង​បង្ក​ការ​បាញ់បោះ​សេរី​ចំនួន​១០​គ្រាប់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​(Rock)​ របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ និង​លោក​ឧកញ៉ា​ គិត​ ធៀង​ កាលពី​វេលា​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ និង​ខូចខាត​ទ្រព្យសម្បត្តិ​ក្លឹ​ប​កម្សាន្ត​ Rock​ អស់​មួយ​ចំនួន​ ។​

​ក្រោយ​ការ​ចោទប្រកាន់​រួច​ហើយ​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជូន​យុវជន​ឈ្មោះ​ កែវ​ វិទូ​ ដែល​ក្លាយជា​ជន​ត្រូវ​ចោទ​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ PJ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។​

​យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ កែវ​ វិទូ​ នៅ​ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ អាវុធ​ដែល​ខ្លួន​បាន​យក​មក​បាញ់បោះ​យ៉ាង​គឃ្លើន​នៅ​ក្លឹ​ប​កម្សាន្ត​ Rock​ នោះ​ គឺជា​អាវុធ​របស់​ឪពុកមា​ខ្លួន​ ។​ ដូច្នេះ​ ម្ចាស់​អាវុធ​នឹង​គេច​មិន​ផុត​ពី​ការ​កំណត់​មុខសញ្ញា​កោះហៅ​របស់​តុលាការ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​តុលាការ​តាម​នីតិវិធី​នោះ​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ហេតុការណ៍​បាញ់បោះ​សេរី​នៅ​ក្លឹ​ប​កម្សាន្ត​ Rock​ បង្ក​ដោយ​យុវជន​ឈ្មោះ​ កែវ​ វិទូ​ និង​បក្ខពួក​ដែល​ត្រូវជា​កូនប្រុស​សំណព្វចិត្ត​របស់​លោក​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ បាន​ធ្វើការ​ពិចារណា​ថា​ ការ​ឃុំខ្លួន​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​ កែវ​ វិទូ​ ទំនងជា​មិន​បាន​យូរ​នោះ​ទេ​ ដ្បិត​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ដែល​ត្រូវជា​ឪពុក​មានទ្រព្យ​សម្បត្តិ​មហាសាល​ ដោយសារ​ការ​ធ្វើ​ជា​មន្ត្រី​គយ​កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​ ឬ​ហៅ​ថា​មេ​គយ​ចល័ត​អស់​រាប់​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​បាន​កាន់​ការងារ​ខាង​ត្រួតពិនិត្យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ)​ និង​ធ្លាប់​ធ្វើ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​មាន​ងារ​ជា​"​ឯកឧត្តម​"​ អាច​ជួយ​សម្រួល​រត់ការ​ឲ្យ​កូនប្រុស​សំណព្វចិត្ត​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នា​ពេលវេលា​ណាមួយ​ជាក់​ជា​មិន​ខាន​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.