ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ខ្នះខ្នែង​រត់ការ​ជួយ​កូនប្រុស​ក្នុង​រឿង​បាញ់បោះ​សេរី​នៅ​ក្លឹ​ប​កម្សាន្ត​ Rock​ របស់​ឧកញ៉ា​ គិត​ ម៉េ​ង​ ខណៈ​សមត្ថកិច្ច​អះអាង​ថា​ មិន​បន្ធូរ​ដៃ​

​មិនមែន​សាមញ្ញ​ពេក​ទេ​ដែល​ក្រុម​ជន​ទំនើង​ចូល​ផឹកស៊ី​ រាំច្រៀង​សប្បាយ​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ក់​(Rock)​ ឋិត​នៅ​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ ជាប់​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ និង​លោក​ឧកញ៉ា​ គិត​ ធៀង​ ជា​បងប្អូន​នឹង​គ្នា​ ហើយ​ហ៊ាន​បង្ករឿង​ទំនាស់​បាញ់បោះ​សេរី​ដោយ​កាំភ្លើង​ធុន​វែង​រហូត​ដល់​មិន​តិច​ជាង​១០​គ្រាប់​នៅ​ទីនោះ​ កាលពី​វេលា​ម៉ោង​០៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​ផង​ និង​ខូចខាត​សម្ភារៈ​ក្លឹ​ប​កម្សាន្ត​ Rock​ អស់​មួយ​ចំនួន​ ។​

​ករណី​បាញ់បោះ​សេរី​យ៉ាង​គឃ្លើន​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ថា​ គឺ​បង្ក​ឡើង​ដោយ​កូនប្រុស​សំណព្វចិត្ត​ម្នាក់​របស់​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ឈ្មោះ​ កែវ​ វិទូ​ អាយុ​២៤​ឆ្នាំ​ និង​ប្អូនថ្លៃ​របស់​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ម្នាក់​ទៀត​ ព្រមទាំង​បក្ខពួក​ ។​ ក្រោយ​ធ្វើ​សកម្មភាព​បាញ់បោះ​សេរី​អនាធិបតេយ្យ​អស់​ប្រមាណ​១០​គ្រាប់​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​(​ក្នុង​នោះ​មាន​ម្នាក់​ជា​ប៉ូលិស​)​ និង​បង្ក​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ Rock​ រួច​មក​ ក្រុម​ជន​ទំនើង​បាន​នាំ​គ្នា​ជិះ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus​ 570​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA-0007​ គេច​ពី​កន្លែង​កើតហេតុ​យក​រថយន្ត​មក​ចត​ផ្លុ​ង​ចោល​ក្នុង​បុរី​ពិភព​ថ្មី​ ទល់មុខ​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ គឺ​ក្បែរ​លំនៅ​ឋាន​របស់​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ តែ​ម្តង​ ។​ ទោះបី​ក្រុម​ជន​ទំនើង​បាន​គេចខ្លួន​បាត់​ស្រមោល​អស់​បន្ទាប់​ពី​បាន​ចាប់​កាច់​ស្លាក​លេខ​រថយន្ត​យក​ទុក​ចោល​ក្នុង​រថយន្ត​ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ក៏​ដោយ​ ក៏​សមត្ថកិច្ច​បាន​រក​ឃើញ​ និង​ដកហូត​វត្ថុ​តាង​មាន​កាំភ្លើង​ធុន​វែង​ម៉ាក​ AK47​ មួយ​ដើម​ និង​គ្រាប់​ចំនួន​១​បង់​ ព្រមទាំង​ក្នុង​រថយន្ត​មាន​ស្លាកស្នាម​ប្រឡាក់​ឈាម​ទៀត​ផង​ ។​

​ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​អ្នកគ្រប់គ្រង​ក្លឹ​ប​កម្សាន្ត​ Rock​ បាន​ឲ្យ​ដឹង​ថា​ លោក​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ បាន​ព្រមព្រៀង​បង់ថ្លៃ​ការ​ខូចខាត​ក្នុង​ហេតុការណ៍​បាញ់បោះ​សេរី​នោះ​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ជា​ថ្នូរ​នឹង​ការ​ស្នើ​សុំ​ឲ្យ​ម្ចាស់​ក្លឹ​ប​កម្សាន្ត​ Rock​ និង​អ្នក​ពាក់ព័ន្ធ​ឯទៀត​កុំ​ឲ្យ​ប្តឹង​ ឬ​ដក​ពាក្យបណ្តឹង​(​ក្នុង​ករណី​ប្តឹង​រួច​ហើយ​)​ ប្រឆាំង​លើ​កូនប្រុស​ និង​សាច់ញាតិ​របស់​ខ្លួន​ ។​

​ដោយឡែក​ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ករណី​បាញ់បោះ​សេរី​ដោយ​ប្រើ​កាំភ្លើង​ធុន​វែង​បាញ់​រះ​ផ្អើល​មនុស្ស​ម្នា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ​ ទាំង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ទាំង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​អះអាង​ព្រម​គ្នា​ថា​ នឹង​មិន​បន្ធូរ​ដៃ​ដាច់ខាត​ គឺ​ត្រូវ​តែ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​ទំនើង​ប្រដាប់​អាវុធ​ដែល​បាញ់បោះ​សេរី​អនាធិបតេយ្យ​នៅ​ក្លឹ​ប​កម្សាន្ត​ Rock​ ឲ្យ​ខាង​តែ​បាន​ ។​

​មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​តាមដាន​មើល​ថា​ តើ​លោក​ កែវ​ សុខ​ឃាង​ ដែល​មានទ្រព្យ​សម្បត្តិ​មហាសាល​ក្លាយជា​សេដ្ឋី​ដោយសារ​ធ្វើ​ជា​មន្ត្រី​គយ​ កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​ ឬ​ហៅ​ថា​មេ​គយ​ចល័ត​អស់​រាប់​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​បាន​កាន់​ការងារ​ខាង​ត្រួតពិនិត្យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ)​ និង​ធ្លាប់​ធ្វើ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ មាន​ងារ​ជា​"​ឯកឧត្តម​"​ទៀត​នោះ​ អាច​កាង​ការពារ​ រត់ការ​ជួយ​កូនប្រុស​ និង​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ដែរ​ឬទេ​ និង​លោក​ កែវ​ សុខ​ឃាង​ អាច​មានការ​ពាក់ព័ន្ធ​កំហុស​ក្នុង​ការ​ទុកដាក់​អាវុធ​ធុន​វែង​ធ្វេសប្រហែស​ធ្លាក់​ទៅ​ក្នុង​ដៃ​កូនប្រុស​ និង​សាច់ញាតិ​យក​ទៅ​បាញ់បោះ​សេរី​ដែរ​ឬ​យ៉ាងណា​ ?

​ក្រុម​អ្នកជំនាញ​សន្តិសុខ​បាន​និយាយ​ថា​ ករណី​នេះ​ត្រូវ​បាន​កំណត់​មុខសញ្ញា​ឃើញ​អស់​ទៅ​ហើយ​ ដូច្នេះ​សមត្ថកិច្ច​មិន​ពិបាក​ក្នុង​ការ​បំបែកសំណុំរឿង​នេះ​ទេ​ ប្រសិនបើ​សមត្ថកិច្ច​មាន​ឆន្ទៈ​ចាត់ការ​ពិតប្រាកដ​មែន​នោះ​ គឺ​ខ្លាច​ក្រែងតែ​សមត្ថកិច្ច​នាំ​គ្នា​ឈ្លក់​នឹង​ទឹកប្រាក់​ដុល្លារ​រាប់​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ប៉ុណ្ណោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.