ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

មេធាវី​ជាទី​ប្រឹក្សា​ឯកឧត្តម​ កឹ​ម​ សុខា​ ម្នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​

​លោក​មេធាវី​ ជូ​ង​ ជូ​ងី​ ដែល​តែងតែ​ការពារ​ក្តី​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ និង​បច្ចុប្បន្ន​បាន​ក្លាយជា​ទីប្រឹក្សា​ផ្ទាល់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ទទួល​បាន​ងារ​ជា​"​ឯកឧត្តម​"​នោះ​ ត្រូវ​បាន​លោក​ គឹ​ម​ ម៉េ​ង​ ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​វិនិច្ឆ័យ​សម្រេច​ប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួយ​សម្រួល​ និង​ផ្តល់​មធ្យោបាយ​ឲ្យ​ជនជាប់ចោទ​ម្នាក់​ឈ្មោះ​ មាស​ ប៉េង​ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កៀនស្វាយ​ លួច​រត់​ចេញពី​មន្ទីរឃុំឃាំង​ តាម​បញ្ញត្តិ​មាត្រា​៥៦៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្រៅពី​លោក​មេធាវី​ ជូ​ង​ ជូ​ងី​ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ គឺ​ឯកឧត្តម​ ចាន់​ ចេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣​លាន​រៀល​ផង​ដែរ​ ក្រោម​ការ​ចោទប្រកាន់​ដូច​លោក​មេធាវី​ ជូ​ង​ ជូ​ងី​ ខណៈ​លោក​ មាស​ ប៉េង​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​កៀនស្វាយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​០៦​ខែ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​រត់​ចេញពី​មន្ទីរឃុំឃាំង​ ។​

​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តកណ្តាល​នោះ​ លោក​មេធាវី​ ជូ​ង​ ជូ​ងី​ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ដើម​ត្នោត​កាលពី​វេលា​ល្ងាច​នា​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ថា​ លោក​នឹង​ពិចារណា​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តកណ្តាល​ ដែល​សម្រេច​ផ្តន្ទាទោស​លើ​រូប​លោក​ទាំង​អយុត្តិធម៌​ ។​

​លោក​ ជូ​ង​ ជូ​ងី​ អាយុ​៤៥​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៣០០​ នា​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០០៣​ ។​ លោក​មេធាវី​រូប​នេះ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧​នា​សម័យ​បោះ​ឆ្នោត​កាលពី​ខែតុលា​ ឆ្នាំ​២០១២​កន្លង​ទៅ​ ។​ លោក​មេធាវី​ ជូ​ង​ ជូ​ងី​ តែង​បាន​ចេញ​មុខការ​ពារ​ក្តី​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​យ៉ាងច្រើន​ ទាំង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាដើម​ ។​ បច្ចុប្បន្ន​ លោក​មេធាវី​ ជូ​ង​ ជូ​ងី​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​រដ្ឋសភា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ទទួល​បាន​ងារ​ជា​"​ឯកឧត្តម​"​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៤/១១១៧​ ចុះ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​និង​កំពុង​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ទៅ​នឹង​ការ​សម្រេច​របស់​លោក​ គឹ​ម​ ម៉េ​ង​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​ ដែល​ចេញ​សាលក្រម​ផ្តន្ទាទោស​ឯកឧត្តម​មេធាវី​ ជូ​ង​ ជូ​ងី​ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ ដោយ​គ្មាន​ព្យួរទោស​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​នោះ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​របស់​ឯកឧត្តម​មេធាវី​ ជូ​ង​ ជូ​ងី​ ប្រសិនបើ​តុលាការ​ជាន់ខ្ពស់​ទាំង​សាលាឧទ្ធរណ៍​ ទាំង​តុលាការ​កំពូល​ក្តី​សម្រេច​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តកណ្តាល​ និង​សាលដីកា​ព្រហ្មទណ្ឌ​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.