ឯកឧត្តម វ៉ាន សំអឿន អាយុ៦៦ឆ្នាំ អតីតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត ខាងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបានចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់កាប់អំណាចភ្លាម ឯកឧត្តមរូបនេះត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងនាយកររដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៥/១២៩ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលត្រូវទទួលបានប្រាក់បំណាច់មុខងារចំនួន២.១០០.០០០រៀល(ប្រមាណ៥០០ដុល្លារអាមេរិក)ក្នុង១ខែ ខណៈកាលនៅបំពេញមុខងារជាអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ទទួលបានប្រាក់បំណាច់ប្រមាណជាង២.០០០ដុល្លារអាមេរិកក្នុង១ខែ ។
រយៈពេលត្រឹមតែ៣ថ្ងៃក្រោយប៉ុណ្ណោះ ឯកឧត្តម វ៉ាន សំអឿន ក៏ត្រូវបានតែងតាំងមុខងារថ្មី២ទៀតបន្ថែមពីលើទីប្រឹក្សាផ្ទាល់របស់បុរសខ្លាំង គឺ ៖ ១-ជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៨៧អនក្រ.តត ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ និង២-ជាសមាជិកនៃគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១១សរ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ។
មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា គ្មានបុគ្គលណាម្នាក់ល្ងង់ខ្លៅដល់ថ្នាក់បោះបង់តំណែងជាអ្នកតំណាងរាស្ត្រ ទទួលបានប្រាក់បំណាច់ជាង២.០០០ដុល្លារអាមេរិកក្នុង១ខែ ទៅទទួលយកតំណែងជាទីប្រឹក្សានាយករដ្ឋមន្ត្រី មានប្រាក់បំណាច់មុខងារត្រឹមប្រមាណ៥០០ដុល្លារអាមេរិកក្នុង១ខែនោះទេ គឺក្នុងករណីនេះ ឯកឧត្តម វ៉ាន សំអឿន ដែលស្ម័គ្រចិត្តចុះចូលគណបក្សកាន់អំណាច ទំនងអាចទទួលបានលាភសក្ការៈពីគណបក្សប្រជាជនកម្ពុជា ជាពិសេសពីបុរសខ្លាំងច្រើនជាងនៅបម្រើគណបក្សប្រឆាំង ឬការមកបំពេញមុខងារជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីអាចមានច្រកស្វែងរកលុយកាក់បានច្រើនជាងធ្វើជាអ្នកតំណាងរាស្ត្រ ដើម្បីទ្រទ្រង់តម្រូវការផលប្រយោជន៍ផ្ទាល់ខ្លួនក៏ថាបាន ៕