បន្ទាប់ពីបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រោយការចុះចូលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាច ឯកឧត្តម កឹម សុខុន ដែលជានាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ១២៦៤៧ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ(ផ្កាយ២) និងត្រូវជាប្អូនប្រុសបង្កើតរបស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អនុប្រធានទី១នៃរដ្ឋសភានីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនោះ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៥/១៣៩ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ។
ដោយសារមានគុណសម្បត្តិចំពោះគណបក្សប្រជាជនកម្ពុជាខាងជេរប្រទេច ហែកហួរបងប្រុសបង្កើតរបស់ខ្លួន គឺឯកឧត្តម កឹម សុខា យ៉ាងចាស់ដៃនោះ ឯកឧត្តម ឧត្តមសេនីយ៍ កឹម សុខុន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ធ្លាប់ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ និងត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១៣០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ តមកទៀត ឯកឧត្តម ឧត្តមសេនីយ៍ កឹម សុខុន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ៕