ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ក្រុមហ៊ុន​ឯកជន​២​ល្បីឈ្មោះ​ខាង​យក​លុយ​រដ្ឋ​មុន​ច្រើន​លាន​ដុល្លារ​លើ​ការ​ផ្គត់ផ្គង់​សេវា​ផ្សេងៗ​ជូន​រដ្ឋ​

​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សម្អាង​ថា​ "​រដ្ឋ​គ្មាន​លុយ​"​ គឺ​រាល់​គម្រោង​ផ្គត់ផ្គង់​សេវា​ផ្សេងៗ​ជូន​រដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នានា​ តែង​អនុវត្តន៍​តាម​គោលការណ៍​"​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុន​ រីឯ​រដ្ឋ​ទូទាត់​តាម​ក្រោយ​តាម​លទ្ធភាព​ថវិកា​ជាក់ស្តែង​"​ ខណៈ​រូបមន្ត​នៃ​ការ​ផ្គត់ផ្គង់​សេវា​ជូន​រដ្ឋ​បែប​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ តម្លៃ​នៃ​ការ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ជូន​រដ្ឋ​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារសេរី​រហូត​ដល់​ទៅ​ជាង​៣​ដង​ ឬ​ច្រើន​ជាង​នេះ​ទៀត​ ។​

​ទោះជា​មាន​គោលការណ៍​ដូច​លើក​ឡើង​ខាងលើ​ក្តី​ ក៏​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​២​ដែល​ល្បីឈ្មោះ​លេចធ្លោ​ខាង​យក​លុយ​រដ្ឋ​ទៅ​ប្រើប្រាស់​មុន​ក្នុង​ចំនួន​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ផ្គត់ផ្គង់​សេវា​ជូន​រដ្ឋ​ និង​អាច​ចាត់​ទុក​ថា​ជា​ក្រុមហ៊ុន​មានសំណាង​បំផុត​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ក្រុមហ៊ុន​ឯកជន​ឯទៀតៗ​ ។​ ក្រុមហ៊ុន​ឯកជន​មហា​សំណាង​ទាំង​២​នោះ​ គឺ​ ៖

១-​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជានា​យក​ និង​ជា​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ថា​ ទទួល​បាន​កិច្ចព្រមព្រៀង​សម្បទាន​រយៈពេល​៣៥​ឆ្នាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ការ​ផ្តល់​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​ចាប់ពី​ឆ្នាំ​២០០១​ តរៀងមក​​ ។​

​ដោយ​យោង​តាម​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​១៩៩៨​ របស់​សម្តេច​ ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្ត្រី​ទី​២​ និង​សេចក្តីសម្រេច​លេខ​៣៣​សសរ​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៨​ របស់​រាជរដ្ឋាភិបាល​នោះ​ កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​១៩៩៨​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួងការពារជាតិ​ លើ​ការ​ផ្គត់ផ្គង់​រថយន្ត​ និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​២៧៩​គ្រឿង​ជូន​ក្រសួងការពារជាតិ​ មាន​តម្លៃ​សរុប​ស្មើនឹង​ទឹកប្រាក់​ចំនួន​២៨.៧៦៤.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កិច្ចសន្យា​នេះ​ គឺ​រដ្ឋ​ត្រូវ​ទូទាត់​ប្រាក់​ជំហាន​ដំបូង​(Down​ Payment)​ ជូន​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជា​មុន​ចំនួន​២០​ភាគរយ​នៃ​តម្លៃ​សរុប​ស្មើនឹង​ទឹកប្រាក់​៥.៧៥២.៨០០​ដុល្លារ​អា​មេ​រិ​ក​ ។​ លើស​ពី​នេះ​ ការ​ទូទាត់​ប្រាក់​ចាប់ពី​ឆ្នាំ​ទី​២​រហូត​ដល់​ឆ្នាំ​ទី​៤​ រដ្ឋ​ត្រូវ​គិតការ​ប្រាក់​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ចំនួន​៣​ភាគរយ​ក្នុង​១​ឆ្នាំ​ទៀត​ផង​ ។​

​លោក​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ អាយុ​៤៣​ឆ្នាំ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១៩៦/៨០​ ចុះ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៦​ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ទទួល​បាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​លើ​ការ​ផ្គត់ផ្គង់​សម្ភារៈ​ បរិក្ខារ​ទូរស័ព្ទ​ មាន​តម្លៃ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ។​ បច្ចុប្បន្ន​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ តែ​មិន​ទទួល​ប្រាក់បៀវត្សរ៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២៣៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

២-​ក្រុមហ៊ុន​ លី​ ឈួ​ង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ មាន​លោក​ លី​ ឈួ​ង​ ជានា​យក​ក្រុមហ៊ុន​ ។​

​កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០០៣​ លោក​ លី​ ឈួ​ង​ នាយក​ក្រុមហ៊ុន​ លី​ ឈួ​ង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ និង​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ ជាម​ យៀ​ប​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​(​គណៈកម្មការ​ទី​២)​នៃ​រដ្ឋសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ តំណាង​ដោយ​ឯកឧត្តម​ ជាម​ យៀ​ប​ ជា​ប្រធាន​គណៈកម្មការ​សាងសង់​ និង​ត្រូវជា​ឪពុកក្មេក​ លើ​ការ​វិនិយោគ​សាងសង់​អគារ​រដ្ឋសភា​ថ្មី​ មាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​២៦.៦៧៣.៣៥០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កិច្ចសន្យា​នេះ​ គឺ​រដ្ឋ​ត្រូវ​ផ្តល់​ប្រាក់​បុរេប្រទាន​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​មុន​ ជូន​ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ ។​ លើស​ពី​នេះ​ កិច្ចសន្យា​បាន​ចែង​ដែរ​ថា​ បើ​រដ្ឋ​យឺតយ៉ាវ​ក្នុង​ការ​ទូទាត់​ប្រាក់​ជូន​ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ គឺ​រដ្ឋ​ត្រូវ​បង់ប្រាក់​ពិន័យ​ជូន​ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ ក្នុង​អត្រា​១២​ភាគរយ​ក្នុង​១​ឆ្នាំ​ ។​

​ក្រោយ​ពេល​សាងសង់​អគារ​រដ្ឋសភា​ថ្មី​រួចរាល់​មក​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​បាន​ត្រាស់​បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះ​មហាក្សត្រី​យា​នី​ព្រះ​ស៊ី​សុវត្ថិ​ មុន្នី​វង្ស​កុសុម​នារីរ័ត្ន​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ ជូន​ឯកឧត្តម​ ជាម​ យៀ​ប​ ជា​ប្រធាន​គណៈកម្មការ​សាងសង់​ និង​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​សេនា​ ជូន​លោក​ លី​ ឈួ​ង​ ជានា​យក​ក្រុមហ៊ុន​ លី​ ឈួ​ង​ សំណង់​ &​ អាហរ័ណ​ នីហរ័ណ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៧/២១៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០០៧​ ។​

​ក្រៅពី​ទទួល​បាន​គម្រោង​សាងសង់​អគារ​រដ្ឋសភា​ថ្មី​មាន​តម្លៃ​ទឹកប្រាក់​ជិត​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​យក​លុយ​រដ្ឋ​ចំនួន​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​មុន​ធ្វើ​ជាដើម​ទុន​រកស៊ី​នោះ​ ក្រុមហ៊ុន​លោក​ លី​ ឈួ​ង​ ទទួល​បាន​គម្រោង​ផ្គត់ផ្គង់​ និង​ផ្លាស់​ប្តូរ​ឧបករណ៍​គ្រប់គ្រង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១០​ឈុត​នៅ​វិមាន​សន្តិភាព​ មាន​តម្លៃ​ទឹកប្រាក់​សរុប​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ ។​

​មជ្ឈដ្ឋាន​អ្នកជំនួញ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​ក្រុមហ៊ុន​ឯកជន​ណាមួយ​ ឧទាហរណ៍​ជាក់ស្តែង​ដូច​ជា​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ​ទទួល​បាន​គម្រោង​ផ្គត់ផ្គង់​សេវា​ជូន​រដ្ឋ​ ហើយ​ទទួល​បាន​លុយ​រដ្ឋ​យក​មក​ប្រើប្រាស់​ធ្វើ​ជាដើម​ទុន​រកស៊ី​ជា​មុន​ទៅ​ហើយ​នោះ​ រឿង​អ្វី​ត្រូវ​ព្រួយបារម្ភ​ក្នុង​ការ​រកស៊ី​ខាត​ គឺ​មាន​តែ​ទទួល​បាន​ប្រាក់​ចំណេញ​កប់​ក្តោង​ រួម​ជាមួយនឹង​លាភសក្ការៈ​បាន​ធ្លាក់​ទៅ​ក្នុង​ហៅ​ប៉ៅ​មន្ត្រី​ពុក​រលួយ​ជា​តួអង្គ​មួយ​ចំនួន​ ៕​

Hun-Sen-0779  Ly-ChhuongLy-Chhuong-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.