ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ចំណូលចិត្ត​នាយក​រដ្ឋមន្ត្រី​ និង​មេ​ ACU​ ជាមួយ​លោក​ចៅក្រម​ អាំង​ មាលតី​ គឺ​យក​ទាហាន​ធ្វើ​ជា​មនុស្ស​ជំនិត​ និង​ជំនួយការ​

​ចំណង់​ចំណូលចិត្ត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ជាមួយ​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើលឃើញ​ថា​ មាន​ភាព​ស្រ​ដៀង​គ្នា​ ឬ​ដូច​គ្នា​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ឲ្យ​ធ្វើ​ជា​នាយករង​ខុទ្ទកាល័យ​ ឧបការី​ ជំនួយការ​ និង​ជា​មនុស្ស​ជំនិត​របស់​ខ្លួន​ ពោល​គឺ​បុរស​ខ្លាំង​តែងតាំង​កូនប្រុស​របស់​ខ្លួន​ម្នាក់​ជា​នាយទាហាន​ ឲ្យ​ធ្វើ​ជា​នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ តែងតាំង​កូនប្រុស​របស់​ខ្លួន​ចំនួន​២​នាក់​ជា​នាយទាហាន​ ឲ្យ​ធ្វើ​ជា​ឧបការី​ និង​ជំនួយការ​ ខណៈ​លោក​ចៅក្រម​ អាំង​ មាលតី​ បាន​រៀបចំ​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៤៨៥៤០​ ធ្វើ​ជា​គ្រូមន្តអាគម​អូ​ម​អាម​ និង​ជា​អ្នក​ទទួល​បន្ទុក​ការងារ​សន្តិសុខ​​ និងសណ្តាប់ធ្នាប់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជាស្ថាប័នឯករាជ្យទាំងមូល​ ។​

​ឯកឧត្តម​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ត្រូវជា​កូនប្រុស​បង្កើត​របស់​បុរស​ខ្លាំង​ ត្រូវ​បាន​តែងតាំង​ជា​នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ។​

​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៤៧៧​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ត្រូវ​បាន​តែងតាំង​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ និង​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធិ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៧០២​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ត្រូវជា​កូនបង្កើត​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​ ឱម​ យ​
​ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ជា​ឪពុក​តែ​ម្តង​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៤៨៥៤០​ ជា​នាយសេនាធិការរង​កងទ័ពជើងគោក​ ត្រូវ​បាន​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ស្នើ​សុំ​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ មាស​ សុភា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ឲ្យ​មក​បំពេញការងារ​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងមូល​ ហើយ​ក៏​បាន​ក្លាយជា​មនុស្ស​ជំនិត​បំផុត​ និង​ជា​គ្រូមន្តអាគម​អូ​ម​អាម​របស់​លោក​ចៅក្រម​ អាំង​ មាលតី​ ដោយ​អាច​មាន​សិទ្ធិ​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពេល​បំពេញការងារ​សាធារណៈ​ទៀត​ផង​ ។​

​ជា​អកុសល​ លោក​ចៅក្រម​ អាំង​ មាលតី​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​យ៉ាង​តក់ក្រហល់​ កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ក្រោម​កណ្តាប់ដៃ​ដែក​របស់​បុរស​ខ្លាំង​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​តុលាការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ា​ត៉​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ខណៈ​លោក​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ ព្រហ្ម​មុន្នី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​យក​មក​ឲ្យ​តុលាការ​ចាត់​នីតិវិធី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ រង់ចាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ក្រុម​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​

​ទោះបី​មាន​ចំណង់​ចំណូលចិត្ត​ស្រ​ដៀង​គ្នា​ ឬ​ដូច​គ្នា​ក្នុង​ការ​ប្រើប្រាស់​នាយទាហាន​ឲ្យ​ធ្វើ​ជា​មនុស្ស​ជំនិត​ និង​ជំនួយការ​ក៏​ដោយ​ ក៏​បុរស​ខ្លាំង​ និង​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ បាន​តែងតាំង​នាយទាហាន​ត្រូវជា​កូនបង្កើត​របស់​ខ្លួន​តែ​ម្តង​ ខុស​ពី​លោក​ចៅក្រម​ អាំង​ មាលតី​ ដែល​គ្មាន​កូនបង្កើត​ធ្វើ​ជា​នាយទាហាន​ពាក់​ផ្កាយ​ យក​មក​ឲ្យ​ធ្វើ​ជា​ជំនួយការ​ដូច​បុរស​ខ្លាំង​ និង​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ។​

​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រៅពី​មាន​ចំណង់​ចំណូលចិត្ត​ស្រ​ដៀង​គ្នា​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​នាយទាហាន​ឲ្យ​ធ្វើ​ជា​មនុស្ស​ជំនិត​ និង​ជំនួយការ​នោះ​ គឺ​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ និង​លោក​ចៅក្រម​ អាំង​ មាលតី​ មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ៕​

Hun-Sen-898

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.