ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ត្រឹម​រយៈពេល​ជាង​មួយ​ឆ្នាំ​ រាជរដ្ឋាភិបាល​ក្បាល​ធំ​របស់​បុរស​ខ្លាំង​មាន​ទីប្រឹក្សា​ជាង​២០០​នាក់​ ចាយ​លុយ​ជាតិ​អស់​ជាង​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​

​គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ជា​នាយក​រដ្ឋមន្ត្រី​ ចាប់កំណើត​បាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣)​ និង​រាជរដ្ឋាភិបាល​ក្បាល​ធំ​របស់​បុរស​ខ្លាំង​នេះ​ មាន​ទីប្រឹក្សា​ចំនួន​២២៥​នាក់​ ក្នុង​នោះ​០៣​នាក់​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​,​ ០៦​នាក់​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​,​ ៨៧​នាក់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​,​ ៣៩​នាក់​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​៩០​នាក់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ចំនួន​ទីប្រឹក្សា​ដ៏​ច្រើន​សន្ធឹក​នេះ​ត្រូវ​ចំណាយ​លុយកាក់​ជា​ប្រាក់​បំណាច់​មុខងារ​អស់​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ ។​

​សមាសភាព​មនុស្ស​ដែល​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​របស់​បុរស​ខ្លាំង​ជា​ហូរហែ​ចំនួន​ជាង​២០០​នាក់​ ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នោះ​ គ្មាន​ប្លែក​មុខ​មកពីណា​ទេ​ គឺ​ភាគច្រើន​ជា​អតីតមន្ត្រី​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​-​រដ្ឋលេខាធិការ​-​អនុរដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​ ធ្លាប់​ធ្វើ​ជា​អភិបាលខេត្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​ជា​គណបក្ស​នយោបាយ​រណប​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ និង​អតីត​ជា​មន្ត្រី​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​ចុះចូល​មក​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​អនុលោម​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤​ ស្តី​ពី​ការ​កែសម្រួល​មាត្រា​២​នៃ​អនុក្រឹត្យ​លេខ​៦២​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០០៤​ ស្តី​ពី​ប្រាក់​បំណាច់​របស់​សមាជិក​រាជរដ្ឋាភិបាល​ អនុរ​ដ្ឋេ​ល​ខា​ធិ​ការ​ ទីប្រឹក្សា​ ព្រមទាំង​មន្ត្រីរាជការ​ស៊ី​វិល​ និង​កងកម្លាំងប្រដាប់អាវុធ​ចាប់ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ឡើង​ទៅ​ គឺ​ក្នុង​ចំណោម​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំនួន​២២៥​នាក់​ ត្រូវ​ចាយ​លុយ​ជាតិ​អស់​ចំនួន​៤០៣.៧២៥.០០០​រៀល​ក្នុង​១​ខែ​(​ប្រមាណ​១០០.៩៣០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​)​ ឬ​ប្រមាណ​ចំនួន​១.២១១.១៧៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដើម្បី​និរន្តរភាព​អំណាច​របស់​ខ្លួន​ និង​បក្ខពួក​នោះ​ បុរស​ខ្លាំង​មិន​ខ្ចី​ខ្វល់​នឹង​ការ​រិះគន់​ថា​ រាជរដ្ឋាភិបាល​អសមត្ថភាព​ ទើបត្រូវ​ការ​ទីប្រឹក្សា​ច្រើន​គ​គោក​ និង​មិន​ខ្ចី​ញញើត​ក្នុង​ការ​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​ទៅ​លើ​ចំនួន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ឡើយ​ (​មិន​ទាន់​គិត​ទៅ​ដល់ទី​ប្រឹក្សា​ក្រសួង​-​ស្ថាប័ន​ និង​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ផង​)​ តាម​រូបមន្ត​"​សិល្បៈ​នៃ​ការ​ចែករំលែក​"​ គឺ​កៀរ​ករ​ប្រមែប្រមូល​ក្រុម​មន្ត្រី​ដែល​ស្ម័គ្រ​ដង្ហែ​តាម​ខ្លួន​ឲ្យ​មក​ទទួលផល​ប្រយោជន៍​ពី​ខ្លួន​ក្នុង​កញ្ចប់​គណបក្ស​ប្រជាជន​កម្ពុជា​ តាម​ឋានានុក្រម​រៀងៗ​ខ្លួន​នៅ​លើ​គំនរ​ញើស​ឈាម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.